ការបញ្ជុះអត្រាការប្រាក់បញ្ញើពីអតិថិជននេះ គឺដើម្បីផ្ដល់លទ្ធភាពដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុអាចបន្ធូរបន្ថយអត្រាការប្រាក់ទាបជាងមុន ក៏ដូចជាអាសម្រួលដល់ការបង់ប្រាក់សម្រាប់អតិថិជនដែលជាកូនបំណុលរបស់ខ្លួន ខណៈដែលកន្លងមកធនាគារក៏ជាកូនបំណុលដែរ គឺទទួលប្រាក់បញ្ញើពីអតិថិជន យកមកផ្ដល់ប្រាក់កម្ចីបន្ដ ដូច្នេះ បើអត្រាការប្រាក់បញ្ញើមានទាប នោះអត្រាការប្រាក់កម្ចីផ្ដល់ទៅអ្នកខ្ចីវិញក៏អាចនឹងមានទាបដែរ។
លោកបណ្ឌិត អុិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីបានប្រាប់ក្រុមការងារខេមបូណូមីសតាមទូរស័ព្ទថា អនុសាសន៍ និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនេះ គឺ អាចធ្វើទៅបាន ដោយពេលនេះលោក កំពុងពិភាក្សាជាមួយសមាជិកសមាគម ដើម្បីរៀបចំឲ្យបានហ្មត់ចត់ ដែលអាចនឹងអនុវត្តបាននៅសប្តាហ៍ក្រោយនេះ។
លោកបណ្ឌិត អុិ ចាន់នី បានបន្ថែមថា៖« យើងនឹងព្យាយាមពន្យល់ដល់អតិថិជនដាក់ប្រាក់បញ្ញើររបស់យើង ដូចខ្ញុំតែងនិយាយហើយថា ការរីកចម្រើនរបស់ស្ថាប័នមួយ អាស្រ័យទៅលើការរីកចម្រើនរបស់អតិថិជនដែរ បើអតិថិជនរបស់ស្ថាប័ននោះគាត់មានការលំបាក ស្ថាប័នក៏មានការលំបាកដូចគ្នា អ៊ីចឹងទាំងកូនបំណុល និងម្ចាស់បំណុលត្រូវតែនិយាយគ្នាហើយ ដើម្បីរកវិធីគាំទ្រគ្នាទៅវិញទៅមក»។
លោកបណ្ឌិត អុិន ចាន់នី បានបញ្ជាក់ទៀត ចំពោះការបញ្ចុះអត្រាការប្រាក់ក្នុងរង្វង់ប៉ុន្មានភាគរយនោះមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយសារតែការដាក់ប្រាក់បញ្ញើមានកាលកំណត់ មានច្រើនប្រភេទ ដូច្នេះសមាជិកក្រុមប្រឹក្សាភិបាលទាំងត្រូវពិភាក្សាគ្នាបន្តទៀតនៅថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។
ចំណែកឯខាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាវិញ ក៏បានឲ្យដឹងដែរថា ជាគោលការណ៍ សមាគមគឺត្រូវតែអនុវត្តតាមការស្នើ ឬអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជួយគាំពារដល់អតិថិជនដែលកំពុងតែជួបការលំបាកនេះ។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រាប់ខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមថា សមាគមកំពុងតែពិភាក្សា និងរៀបចំនីតិវិធី ពីព្រោះថា សមាគមត្រូវធ្វើការងារនេះប្រកបដោយភាពប្រុងប្រយ័ត្ន ដើម្បីឲ្យការអនុវត្តទៅប្រកបដោយភាពរលូនមិនមានបញ្ហាជាមួយអតិថិជន។
លោក កាំង តុងងី បានបន្ថែមថា៖« បាទដូចគ្នាជាមួយសមាគមធនាគារដែរទេ ដោយសារតែឥឡូវហ្នឹង(ថ្ងៃទី១០មេសា ឆ្នាំ២០២១) យើងកំពុងប្រជុំពិភាក្សាជជែកគ្នារឿងហ្នឹងបន្ថែម ដើម្បីប្រជុំសម្រេច ហើយជឿថា សប្តាហ៍ក្រោយនេះ យើងនឹងចាប់ផ្តើមអនុវត្តនូវអ្វីដែលយើងដាក់ចេញថ្មី ដើម្បីឲ្យសមាជិករបស់យើងទាំង១១៤ហ្នឹង ដើម្បីអនុវត្ត»។
បើតាមអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅពេលដែលមានការបញ្ចុះអត្រាការប្រាក់បញ្ញើ មានន័យថា នេះការកាត់បន្ថយការចំណាយរបស់ធនាគារ ដូចនេះ ធនាគារអាចយកការកាត់បន្ថយការចំណាយនេះ ដើម្បីយកទៅជួយដល់អតិថិជន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩បានច្រើនជាងអ្វីដែលធ្លាប់បានដាក់ចេញទៅទៀត ដូចជាការបន្ធូរបន្ថយការប្រាក់សម្រាប់ការបញ្ចេញឥណទានថ្មីៗ ដើម្បីជួយស្តារឡើងវិញនូវអាជីវកម្មនានាដែលរងផលប៉ះពាល់។
សូមបញ្ជាក់ថា របាយការណ៍ប្រចាំឆ្នាំឆ្នាំ២០២០របស់ធនាគារជាតិនៃកម្ពុជាបង្ហាញថា សម្រាប់វិស័យធនាគារ ឥណទានអតិថិជនកើនឡើងជិត១៥% មានទំហំទឹកប្រាក់សរុបជាង៣៧ពាន់លានដុល្លារអាមេរិក ខណៈដែលប្រាក់បញ្ញើអតិថិជនមានកំណើនជាង១៥% ដែលមានទំហំទឹកប្រាក់សរុបជាង៦ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ អតិថិជនដាក់ប្រាក់ប្រាក់បញ្ញើមានដល់ទៅជិត៩លានគណនី និងឥណទានអតិថិជនមានជាង ៣លាន២សែនគណនី។
ដោយឡែក នៅឆ្នាំ២០២០ ចំពោះវិស័យមីក្រូហិរញ្ញវត្ថុវិញមានឥណទានអតិថិជនកើនឡើងជាង១២% មានទំហំទឹកប្រាក់សរុបជិត៧ពាន់លានដុល្លារ ដោយមានអ្នកខ្ចីប្រាក់ជិត២លានគណនី។ រីឯ ប្រាក់បញ្ជើវិញមានប្រមាណ ជិត៣ពាន់លានដុល្លារ ជាមួយនឹងគណនីដាក់ប្រាក់បញ្ជើជិត៣លានគណនី៕