ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដែលត្រូវជាថ្ងៃបុណ្យចូលឆ្នាំសកល មានរថយន្តជាង៣ម៉ឺន៣ពាន់គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ចំនួននេះ មានការកើនឡើងជិត១ម៉ឺនគ្រឿង បើធៀបនឹងបុណ្យចូលឆ្នាំសកលកាលពីឆ្នាំ២០២៣ និងមានការកើនឡើង២២០% បើធៀបនឹងការធ្វើដំណើររប្រចាំថ្ងៃធម្មតា ដែលមានចំនួនយានយន្តធ្វើចរាចរណ៍ត្រឹមជិត១ម៉ឺនគ្រឿង។
បើតាមឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនក្នុងឱកាសបុណ្យចូលឆ្នាំសកលនេះ ហាក់មានការកកស្ទះចរាចរណ៍នៅតាមបញ្ជរបង់ប្រាក់នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ។ ការកកស្ទះនេះ បណ្ដាលមកពីកត្តាមួយចំនួន រួមមានម្ចាស់យានយន្តមិនបានប្រើប្រាស់កាត ETC ដែលជាមធ្យោបាយងាយស្រួលសម្រាប់ឆ្លងកាត់បញ្ជរបង់ប្រាក់ ហើយនៅតែបន្តប្រើជម្រើសបង់លុយនៅនឹងកន្លែង។ កត្តាមួយទៀតម្ចាស់យានយន្តមួយចំនួនមិនទាន់យល់ពីការប្រើប្រាស់គន្លង ETC និងគន្លងបង់ប្រាក់ធម្មតា។ ខណៈម្ចាស់យានយន្តខ្លះមិនមានកាត ETC នោះទេ តែបែរជាបើកចូលគន្លង ETC ទៅវិញ។ យ៉ាងណាក៏ដោយ ពាក់ព័ន្ធវិធីធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿននេះដែរ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានអំពាវនាវដល់ម្ចាស់យានយន្តស្វែងយល់ពីការប្រើប្រាស់កាត់ ETC ឬ ANPR ដែលជាមធ្យោបាយបង់ប្រាក់ជាមុនតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជួយសម្រួលឱ្យការធ្វើដំណើរឆ្លងបញ្ជរបង់ប្រាក់បានលឿន រហ័ស និងមិនមានភាពស្មុគស្មាញ។
សូមបញ្ជាក់ថា ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ឈានចូលឆ្នាំ២០២៤ មានភ្ញៀវទេសចរ ដែលបានមកកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ មានចំនួនជិត ៣៥ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕