សន្តិសុខស្បៀង​​

ប្រទេសជាច្រើនណែនាំឱ្យពលរដ្ឋ​ស្តុកស្បៀងអាហារ ខណៈវៀតណាម កំពុងថ្លឹងថ្លែងលើបញ្ហានេះ


ប្រទេសជាច្រើននៅជុំវិញពិភពលោក បានដាក់ចេញការណែនាំជាបន្តបន្ទាប់ឱ្យប្រជាពលរដ្ឋរបស់ខ្លួន ស្តុកទុកអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ សម្រាប់ទ្រទ្រង់ជីវភាពក្នុងគ្រាអាសន្នបន្ទាន់។ ជាមួយគ្នានេះ អាជ្ញាធរវៀតណាម ក៏បានប្រកាសដែរថា ខ្លួនកំពុងសិក្សា និងថ្លឹងថ្លែងយ៉ាងហ្មត់ចត់លើការដាក់ចេញនូវវិធានការសមស្រប ដើម្បីវាយតម្លៃហានិភ័យ និងរៀបចំខ្លួនជាមុន ដោយចៀសវាងការបង្កភាពភ័យខ្លាចដល់សាធារណជន។
សន្តិសុខស្បៀង​​
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress នៅថ្ងៃទី៦ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូ ហាង (Pham Thu Hang) ត្រូវបានចោទសួរអំពីជំហររបស់វៀតណាម ចំពោះការជូនដំណឹងថ្មីៗពីសំណាក់បណ្តាប្រទេសនានា ដែលជំរុញឱ្យពលរដ្ឋស្តុកទុកសម្ភារៈចាំបាច់សម្រាប់ប្រើប្រាស់ពី៣ ទៅ៧ថ្ងៃ ក្នុងករណីមានអាសន្ន។ រដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់វៀតណាម កំពុងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីវាយតម្លៃហានិភ័យ ដែលអាចកើតមាន ព្រមទាំងសិក្សាលើវិធានការឆ្លើយតបណាដែលស្របតាមលក្ខខណ្ឌជាក់ស្តែងរបស់ប្រទេស។ វិធានការទាំងនេះ រួមមាន ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការណែនាំឱ្យប្រជាពលរដ្ឋឱ្យមានស្មារតីបង្ការខ្លួនជាមុនចំពោះឧបទ្ទវហេតុផ្សេងៗ ដោយផ្អែកលើគោលការណ៍ប្រុងប្រយ័ត្ន ប៉ុន្តែមិនបង្កភាពចលាចល ឬភាពភ័យខ្លាច។
គួរជម្រាបថា បណ្តាប្រទេសមួយចំនួននៅអឺរ៉ុប និងអាស៊ី ដូចជា ជប៉ុន និងថៃជាដើម បានជំរុញឱ្យពលរដ្ឋស្តុកទុកស្បៀងអាហារ ទឹកស្អាត និងឧបករណ៍សង្គ្រោះបន្ទាន់ឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ឱ្យបាន៣ថ្ងៃ ដើម្បីអាចទ្រទ្រង់ជីវិតបានដោយខ្លួនឯងក្នុងករណីជួបគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិបន្ទាន់។
ជាមួយគ្នានេះ លោកស្រី ហាង ក៏បានលើកឡើងអំពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតនាពេលថ្មីៗនេះ ដែលបានកំណត់គោលដៅលើប្រព័ន្ធទូរក្លាសេ និងខ្សែច្រវាក់ផ្គត់ផ្គង់ នៃផ្សារទំនើបធំៗនៅអឺរ៉ុប បណ្តាលឱ្យខាតបង់យ៉ាងធ្ងន់ធ្ងរ។ លោកស្រី បានព្រមានថា នេះជានិន្នាការកើនឡើង នៃហានិភ័យសន្តិសុខបច្ចេកវិទ្យាដ៏គួរឱ្យបារម្ភបំផុតដោយសារការវាយប្រហារបែបនេះមិនត្រឹមតែបំផ្លាញទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែវាអាចវាយប្រហារដោយផ្ទាល់លើខ្សែច្រវាក់ផ្គត់ផ្គង់អាហារ ប្រតិបត្តិការអាជីវកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទាំងមូល។
យ៉ាងណាមិញ វៀតណាម កំពុងតាមដានស្ថានការណ៍សកលលោកនេះយ៉ាងល្អិតល្អន់ ដោយប្តូរយុទ្ធសាស្ត្រពីការឆ្លើយតបតាមក្រោយទៅជាការបង្ការ ទស្សន៍ទាយ និងការរៀបចំខ្លួនជាមុនយ៉ាងសកម្ម ដើម្បីធានាថា សន្តិសុខប្រព័ន្ធអ៊ីនធឺណិតត្រូវបានភ្ជាប់ជិតស្និទ្ធទៅនឹងការការពារសេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ធនាគារពិភពលោកព្រមានថា បណ្ដាប្រទេសក្រីក្រកំពុងប្រឈមការចំណាយលើបំណុលខ្ពស់បំផុតមិនធ្លាប់មាននៅជិត៤ទសវត្សរ៍មកនេះ​

បណ្ដាប្រទេសក្រីក្របំផុតក្នុងពិភពលោកកំពុងខ្ចីប្រាក់កាន់តែច្រើន ប៉ុន្តែត្រូវបង់ការប្រាក់កាន់តែខ្ពស់។ ទិន្នន័យថ្មីរបស់ធនាគារពិភពលោក បានបង្ហាញថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ