វិស័យទេសចរណ៍

តើការពន្លឿននីតិវិធីក្នុងការផ្តល់ទិដ្ឋាការ ដោយមិនមានការលើកលែងទិដ្ឋាការអាចជួយបង្កើនភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍កម្ពុជាទេ?


រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលរបាំង និងដាក់ចេញវិធានការមួយចំនួនដូចជាការបញ្ចុះតម្លៃសំបុត្រចូលទស្សនាអង្គរវត្ត ការបង្រួមការផ្តល់សេវាសុខាភិបាល អន្ដោប្រវេសន៍ និងគយ តាមបែបបទអនឡាញក្នុងទម្រង់តែមួយ និងការលុបគោលការណ៍ដែលតម្រូវឱ្យអ្នកទេសចរត្រូវសម្រាក១យប់ពេលមកកម្ពុជា ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។
វិស័យទេសចរណ៍
ដោយ

អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានចាត់ទុកការកែសម្រួលគោលការណ៍មួយចំនួនរបស់រដ្ឋាភិបាល គឺជាការដោះរបាំងរាំងស្ទះមួយដ៏សំខាន់ និងជឿជាក់ថា វិស័យទេសចរណ៍កម្ពុជានឹងមានភាពទាក់ទាញបន្ថែមទៀត។ តើការពន្លឿននីតិវិធីក្នុងការផ្តល់ទិដ្ឋាការ ដោយមិនមានការលើកលែងទិដ្ឋាការអាចជួយបង្កើនភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍កម្ពុជា ឬទេ?

​​លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា យល់ឃើញថា ការថមថយនៃចំនួនអ្នកទេសចរបរទេសកន្លងមកអាចដោយសារតែមានរបាំងខ្លះបង្កភាពស្មុគស្មាញ និងធ្វើឱ្យជនបរទេសរារែកក្នុងការចូលមកកម្សាន្តនៅកម្ពុជា ខណៈនៅប្រទេសជិតខាងបានព្យាយាមដោះនូវរបាំងនានា ដែលបង្កការរំខាន និងមានការលើកទឹកចិត្តជាច្រើនដល់អ្នកទេសចរ។

តាមរយៈកិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលលើការឱ្យសិក្សាបញ្ចុះតម្លៃសំបុត្រចូលទស្សនាអង្គរវត្ត ការបង្រួមការផ្តល់សេវាសុខាភិបាល អន្ដោប្រវេសន៍ និងគយ តាមបែបបទអនឡាញក្នុងទម្រង់តែមួយ និងការលុបគោលការណ៍ដែលតម្រូវឱ្យអ្នកទេសចរត្រូវសម្រាក១យប់ពេលមកកម្ពុជា ជាដើម ត្រូវអ្នកជំនាញរូបនេះរំពឹងថា វានឹងជួយធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា កាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរបរទេសបន្ថែមទៀត។

​ជាមួយគ្នានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានសារទរចំពោះកិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលក្នុងការកែសម្រួលលើយន្តការមួយចំនួននៃវិស័យទេសចរណ៍។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះស្នើឱ្យអ្នកមានធនធាននៅកម្ពុជា ចូលរួមជួយលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការអភិវឌ្ឍ​តំបន់ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅលើដី ដែលអ្នកមានធនធានទាំងនោះបានទិញស្តុកទុក។

លើសពីនេះអ្នកជំនាញរូបនេះស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយពង្រឹង និងកែសម្រួលជាបន្ទាន់លើបញ្ហាការធ្វើចរាចរណ៍ សន្តិសុខសណ្ដាប់ និងបញ្ហាអនាម័យ ដែលសុទ្ធសឹងជាផ្នែកសំខាន់ក្នុងការជួយទាក់ទាញអ្នកទេសចរឱ្យចូលមកលេងកម្សាន្តនៅកម្ពុជា។

​ដោយឡែក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា យន្តការលើកទឹកចិត្តដល់អ្នកទេសចរ គឺរឿងចាំបាច់ដែលទាមទារឱ្យរាជរដ្ឋាភិបាលត្រូវធ្វើបន្ទាន់ និងមិនត្រូវរង់ចាំ ឬអូសបន្លាយពេលទៀតនោះទេ។

យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះ បន្តស្នើសុំយ៉ាងទទូចដល់រដ្ឋាភិបាលឱ្យពិចារណាក្នុងការលើកលែងទិដ្ឋាការ ព្រោះវាជាឱកាសមួយក្នុងការអូសទាញ និងលើកទឹកចិត្តឱ្យភ្ញៀវបរទេសចូលមកកម្ពុជា ខណៈប្រទេសជិតខាងបានអនុវត្តយន្តការនេះដោយទទួលបានលទ្ធផលល្អប្រសើររួចហើយ។

​សូមរំលឹកថា កាលពីសប្ដាហ៍មុន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ថា វិស័យទេសចរណ៍កម្ពុជា មិនទាន់មានភាពល្អប្រសើរដូចអ្វីដែលរាជរដ្ឋាភិបាល ក៏ដូចជាពលរដ្ឋចង់បាននៅឡើយទេ ខណៈវិស័យទេសចរណ៍កម្ពុជា កំពុងជួបបញ្ហាប្រឈមនឹងការធ្លាក់ចុះភ្ញៀវទេសចរនៅក្នុងរដូវខ្សត់ភ្ញៀវនេះ។

យ៉ាងណាមិញដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជនរៀបចំផែនការធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឱ្យចូលមកកម្សាន្តនៅកម្ពុជា ទាំងក្នុងរដូវខ្សត់ភ្ញៀវ និងរដូវសម្បូរភ្ញៀវ តាមរយៈការបញ្ចុះតម្លៃសំបុត្រចូលទស្សនាអង្គរវត្ត ការផ្គុំសេវាបី គឺសុខាភិបាល អន្ដោប្រវេសន៍ និងគយតាមបែបបទអនឡាញក្នុងទម្រង់តែមួយ និងការលុបគោលការណ៍ដែលតម្រូវឱ្យអ្នកទេសចរត្រូវសម្រាកមួយយប់ពេលមកកម្ពុជាជាដើម៕

អត្ថបទ បូ ដូឡា​

None



អត្ថបទបន្ទាប់


បំណុលអាម៉េរិក កើនឡើងដល់ជិត៣៥ទ្រីលានដុល្លារ ប៉ុន្តែបញ្ហានេះមិនត្រូវបានលើកយកមកជជែកឱ្យបានផុសផុលនោះទេ

បំណុលជាតិរបស់សហរដ្ឋអាម៉េរិក បានកើនឡើងជិតដល់៣៥ទ្រីលានដុល្លារហើយ ដែលស្មើនឹងជាង១២០%នៃផលិតផលក្នុងស្រុកសរុប(GDP) ប៉ុន្តែបញ្ហានេះមិនបានក្លា…

តើស្ថានភាពនៃអត្រាជួលទីតាំងលក់រាយនៅតាមផ្សារទំនើបបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណា?

ស្របពេលដែលវិស័យអចលនទ្រព្យ ក៏ដូចជាគម្រោងវិនិយោគថ្មីៗនៅក្នុងវិស័យនេះរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ នៅមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើង អ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ