មិនតែប៉ុណ្ណោះបាតុភូតអាកាសធាតុ អែលនីញ៉ូ ដែលនឹងបង្កកម្ដៅក្តៅហួតហែង និងគ្រោះរាំងស្ងួតនាចុងឆ្នាំនេះ ក៏កំពុងចោទជាសញ្ញាអាសន្នដ៏គួរឱ្យព្រួយបារម្ភផងដែរ។ ប្រឈមមុខនឹងហានិភ័យមិនអាចទស្សន៍ទាយបាននេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងកសិកម្មលើកទឹកចិត្តឱ្យកសិករខ្មែរប្រើប្រាស់សេវាធានារ៉ាប់រងកសិកម្ម ដើម្បីផ្ទេរហានិភ័យ និងបានអំពាវនាវឱ្យរដ្ឋអន្តរាគមន៍ផ្តល់ហិរញ្ញប្បទានឧបត្ថម្ភធន និងឈានទៅបង្កើតកម្មវិធីជាតិធានារ៉ាប់រងកសិកម្មជាដើម។
លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្មបានគូសបញ្ជាក់ថា បច្ចុប្បន្នវាជាពេលវេលាចាំបាច់បំផុត ដែលប្រជាកសិករត្រូវបង្កើនការប្រុងប្រយ័ត្ន និងរៀបចំខែលការពារខ្លួនពីគ្រោះធម្មជាតិ ពិសេសគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។ អ្នកជំនាញរូបនេះបានទទូចឱ្យកសិករផ្លាស់ប្ដូរទម្លាប់ពីការធ្វើកសិកម្មតាមយថាផល ឬផ្សងព្រេងតាមយថាកម្មមកភ្ជាប់ជាមួយប្រព័ន្ធធានារ៉ាប់រង ដើម្បីបង្កើតជាខែលការពារហិរញ្ញវត្ថុដ៏រឹងមាំពេលជួបវិបត្តិ។ យ៉ាងណាមិញ លោក បានស្នើឱ្យរាជរដ្ឋាភិបាលជួយជំរុញជំហានដំបូងនេះ ដោយផ្តល់ហិរញ្ញប្បទានឧបត្ថម្ភធនយ៉ាងហោចណាស់៥០%លើថ្លៃបុព្វលាភធានារ៉ាប់រងជូនកសិករ ដើម្បីទាក់ទាញឱ្យងាកមកប្រើប្រាស់សេវាធានារ៉ាប់រង។
ជាមួយគ្នានេះលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុបាន និងកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរលើវិស័យកសិកម្មកម្ពុជា ពិសេសដំណាំស្រូវតែម្តង។ សម្រាប់អ្នកជំនាញរូបនេះ ទោះបីជាសេវាធានារ៉ាប់រងកសិកម្មមិនមែនជាខែលទប់ទល់នឹងវិបត្តិអាកាសធាតុសម្រាប់ប្រជាកសិករ ប៉ុន្តែវាជាជម្រើសដ៏សំខាន់ក្នុងការជួយសម្រាលការខាតបង់ និងធានាឱ្យកសិករមានប្រភពចំណូលច្បាស់លាស់នៅពេលជួបវិបត្តិ។ តែយ៉ាងណា លោកបណ្ឌិតយល់ថា ដើម្បីឱ្យការធានារ៉ាប់រងកសិកម្មដំណើរការទៅដោយរលូន មានប្រសិទ្ធភាព និងតម្លាភាព រាជរដ្ឋាភិបាលគួរមានការត្រួតពិនិត្យ និងតាមដានលើក្រុមហ៊ុនធានារ៉ាប់រងទាំងនោះ ដ្បិតកន្លងមក ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងសមត្ថភាពនៃការគណនាផលប្រយោជន៍របស់ក្រុមហ៊ុនធានារ៉ាប់រងមានកម្រិតខ្ពស់ជាងកសិករ ដែលអាចធ្វើឱ្យការបែងចែកផលប្រយោជន៍មានភាពលម្អៀង ឬមិនស្មើភាពគ្នារវាងអ្នកទិញ និងអ្នកលក់ធានារ៉ាប់រង។
ដោយឡែកលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមយល់ឃើញថា ដោយសារកម្ពុជាជាប្រទេសពឹងផ្អែកខ្លាំងលើការផលិតកសិកម្ម រាជរដ្ឋាភិបាលគួរតែពន្លឿនការបង្កើតកម្មវិធីជាតិធានារ៉ាប់រងកសិកម្ម ដើម្បីបង្កើតជាទំនុកចិត្ត និងជាបង្អែករឹងមាំជូនពលរដ្ឋ។ អ្នកជំនាញរូបនេះជឿជាក់ថា យន្តការជាតិនេះនឹងជួយឱ្យកសិករទទួលបានថវិកាសំណងទាន់ពេលវេលា ដើម្បីស្តារការដាំដុះឡើងវិញភ្លាមៗពេលជួបគ្រោះមហន្តរាយ ថែមទាំងចូលរួមចំណែករក្សាស្ថិរភាពតម្លៃកសិផល និងកាត់បន្ថយហានិភ័យ នៃការបាត់បង់ដើមទុនទាំងស្រុង។ តាមរយៈវិបត្តិដែលកំពុងកើតឡើង លោកបណ្ឌិត រំពឹងថា រដ្ឋាភិបាលនឹងពិចារណាដាក់ឱ្យប្រើប្រាស់កម្មវិធីជាតិនេះក្នុងពេលឆាប់ៗ។
លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង Forte បានបញ្ជាក់កាលពីពេលថ្មីៗថា ការប្រើប្រាស់សេវាធានារ៉ាប់រងកសិកម្មនៅកម្ពុជាហាក់នៅមានកម្រិតទាបនៅឡើយ។ តួយ៉ាងគិតត្រឹមឆ្នាំ២០២៥ មានកសិករជាង១ពាន់គ្រួសារប៉ុណ្តោះ ដែលបានទិញសេវាធានារ៉ាប់រងកសិកម្មពីក្រុមហ៊ុន Forte តាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជា បន្ទាប់ពីការផ្តល់សេវាធានារ៉ាប់រងកសិកម្មក្រោមការឧបត្ថម្ភធនពីរាជរដ្ឋាភិបាលត្រូវបានបញ្ចប់កាលពីឆ្នាំ២០២៣ ដែលកាលនោះមានកសិករប្រមាណ៨ម៉ឺនគ្រួសារឯណោះបានទទួលសេវាធានារ៉ាប់រងកសិកម្មនេះ។ កន្លងមកក្រុមហ៊ុន Forte ធ្លាប់បានផ្តល់សំណងជាបន្តបន្ទាប់ដល់ប្រជាកសិកររាប់ពាន់គ្រួសារ ដែលជួបវិបត្តិខូចខាតផលដំណាំដោយសារកត្តាអាកាសធាតុរួចមកហើយ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ