របាយការណ៍ថ្មីរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានបង្ហាញថា រដ្ឋាភិបាលនៃប្រទេសជាច្រើនកំពុងជួបការលំបាកក្នុងការរក្សាតុល្យភាពរវាងការការពារប្រជាជនពីតម្លៃថាមពលកើនឡើង និងការប្រឈមថ្លៃដើមកម្ចីឥណទានខ្ពស់ ព្រមទាំងសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំង។ ប្រទេសជាច្រើនបានដាក់ចេញវិធានការដូចជាការឧបត្ថម្ភធនប្រេងឥន្ធនៈ ការកំណត់តម្លៃ និងការកាត់បន្ថយពន្ធ ដើម្បីទប់ស្កាត់ការឡើងថ្លៃថាមពល។ ចំនួនប្រទេសដែលប្រើវិធានការទាំងនេះបានកើនឡើងស្ទើរតែទ្វេដងនៅចន្លោះខែមេសា ដល់ខែកញ្ញា។
UNDP បានប៉ាន់ប្រមាណថា បើគ្មានវិធានការទាំងនេះទេ មនុស្សប្រមាណ១៣០លាននាក់បន្ថែមទៀត អាចនឹងធ្លាក់ក្រោមបន្ទាត់ភាពក្រីក្រនៅឆ្នាំនេះ។ ស្ថាប័ននេះ ក៏បានព្រមានដែរថា សម្ពាធអាចកាន់តែធ្ងន់ធ្ងរនៅប៉ុន្មានខែខាងមុខដោយសារការរួមបញ្ចូលគ្នា នៃសង្គ្រាមអ៊ីរ៉ង់ ថ្លៃដើមកម្ចីឥណទានខ្ពស់ និងបាតុភូធម្មជាតិ អែលនីញ៉ូ ដែលអាចជំរុញឱ្យតម្លៃអាហារ និងថាមពលកើនឡើងបន្ថែមទៀត។
របាយការណ៍ដដែលបានបញ្ជាក់ថា តម្លៃថាមពលកើនឡើងក៏បានរួមចំណែកធ្វើឱ្យផ្ទុះការតវ៉ា និងភាពចលាចលក្នុងសង្គមនៅក្នុងប្រទេសយ៉ាងហោចណាស់ចំនួន១០កាលពីអំឡុងខែកញ្ញា។ UNDP ព្រមានថា វិបត្តិរួមទាំងនេះអាចឈានដល់កម្រិតធ្ងន់ធ្ងរបំផុតនៅដើមឆ្នាំ២០២៧ ដែលអាចធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសនានាមានលទ្ធភាពកាន់តែតិចក្នុងការជួយប្រជាជនទប់ទល់នឹងការកើនឡើងការចំណាយលើថ្លៃជីវភាព៕
ដោយ: តែម សុខុម