តម្លៃប្រេងហក់ឡើងខ្លាំង

តម្លៃប្រេងហក់ឡើងខ្លាំង ក្រោយចិនទប់ស្កាត់ការនាំចេញប្រេងឥន្ធនៈ ខណៈអាម៉េរិកដាក់សម្ពាធលើអឺរ៉ុប


ទីផ្សារប្រេងសាំង និងម៉ាស៊ូតនៅអាស៊ីកំពុងតានតឹងខ្លាំងនៅសប្តាហ៍នេះ ខណៈចិនប្រកាសផ្អាកការនាំចេញប្រេងឥន្ធនៈសម្រាប់ខែតុលា នេះ ចំណែក​ឯអាម៉េរិក ក៏កំពុងពិចារណារឹតបន្តឹងការនាំចេញប្រេងម៉ាស៊ូត និងជំរុញឱ្យអឺរ៉ុបបញ្ចេញស្តុកប្រេងបន្ថែមជាបន្ទាន់។ ស្ថានការណ៍នេះកើតឡើង ខណៈដែល​ទីផ្សារពិភព​លោក​ ជាពិសេសនៅតំបន់​​អាស៊ី កំពុងប្រឈមនឹងការផ្គត់ផ្គង់ប្រេងកាន់តែតានតឹងដោយសារ​វិបត្តិសង្គ្រាមនៅ​តំបន់មជ្ឈិមបូព៌ាបន្តអូសបន្លាយ​គ្មានសញ្ញាបញ្ចប់។
តម្លៃប្រេងហក់ឡើងខ្លាំង
ដោយ

នៅថ្ងៃសុក្រ ទី២ ខែតុលា នេះ តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានឡើងថ្លៃ២៩សេនឈានដល់ជិត ១០៣ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅលើទីផ្សារអាម៉េរិកបានឡើងថ្លៃ២៧សេនឈានដល់ជាង ៩៣ដុល្លារ បន្ទាប់ពីតម្លៃលើទីផ្សារទាំងពីរឡើងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា។ ក្តីបារម្ភមានកាន់តែខ្លាំង បន្ទាប់ពីចិនបានផ្អាកការនាំចេញប្រេងឥន្ធនៈចម្រាញ់ទៅតំបន់ក្រៅពីហុងកុង និងម៉ាកាវ សម្រាប់ខែតុលា នេះ ដែលអាចរឹតបន្តឹងការផ្គត់ផ្គង់ប្រេងសាំង ម៉ាស៊ូត និងប្រេងយន្តហោះ។ ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់ថា តើចិននឹងបន្ធូរបន្ថយការរឹតបន្តឹងនេះក្រោយថ្ងៃទី៧ ខែតុលា ឬ យ៉ាងណានៅឡើយទេ។
ជាមួយគ្នានេះសហរដ្ឋអាម៉េរិកកំពុងជំរុញឱ្យអាល្លឺម៉ង់ និងបារាំងប្រញាប់បញ្ចេញស្តុកម៉ាស៊ូតសង្គ្រោះបន្ទាន់ ខណៈសហភាពអឺរ៉ុបរៀបចំកិច្ចប្រជុំបន្ទាន់ ដើម្បីឆ្លើយតបតម្លៃប្រេងកើនឡើង។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងស្នើឱ្យអឺរ៉ុបបញ្ចេញស្តុកប្រេងម៉ាស៊ូត ហើយថា តម្លៃប្រេងអាចនឹងធ្លាក់ចុះលឿននៅពេលសង្គ្រាមអ៊ីរ៉ង់ឈានដល់ទីបញ្ចប់។ ទន្ទឹមនោះសហរដ្ឋអាម៉េរិកកំពុងត្រៀមបញ្ជូនកងទ័ពបន្ថែម និងនាវាផ្ទុកយន្តហោះចម្បាំងទី៣ទៅកាន់តំបន់មជ្ឈិមបូព៌ា កំពុងធ្វើឱ្យទីផ្សារថាមពលពិភពលោកប្រឈមភាពមិនប្រាកដប្រជាកាន់តែខ្លាំង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ខេត្តគោលដៅទេសចរណ៍ធំៗរំពឹងទទួលភ្ញៀវទេសចរមកលេងកម្សាន្តច្រើននាឱកាសភ្ជុំបិណ្ឌ

អាជ្ញាធរទេសចរណ៍ខេត្តសៀមរាប និងខេត្តព្រះសីហនុបានប្រកាសពីការត្រៀមលក្ខណៈសម្បត្តិរួចរាល់ជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរនាឱកាសពិធីបុណ្យភ្ជុំបិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ