ខេត្តគោលដៅទេសចរណ៍ធំៗ

ខេត្តគោលដៅទេសចរណ៍ធំៗរំពឹងទទួលភ្ញៀវទេសចរមកលេងកម្សាន្តច្រើននាឱកាសភ្ជុំបិណ្ឌ


អាជ្ញាធរទេសចរណ៍ខេត្តសៀមរាប និងខេត្តព្រះសីហនុបានប្រកាសពីការត្រៀមលក្ខណៈសម្បត្តិរួចរាល់ជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ មន្ត្រីជំនាញរំពឹងថា ចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំនេះនឹងមានសន្ទុះខ្លាំងក្លាប្រហាក់ប្រហែល ឬកើនឡើងលើសឆ្នាំមុន ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការចាក់សាច់ប្រាក់ និងជំរុញចរន្តសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរស់រវើក។
ខេត្តគោលដៅទេសចរណ៍ធំៗ
ដោយ

លោក ធិម សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានគូសបញ្ជាក់ថា មកទល់ពេលនេះ តំបន់ទេសចរណ៍ជាច្រើនស្ថិតក្នុងខេត្តសៀមរាប បានត្រៀមរៀបចំពិធីនានា ដើម្បីស្វាគមន៍អ្នកទេសចរ ស្របពេលខេត្តគោលដៅនេះកំពុងទទួលការចាប់អារម្មណ៍ជាបន្តបន្ទាប់ពីអ្នកទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត។ មន្ត្រីជាន់ខ្ពស់រូបនេះរំពឹងថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះនឹងមានអ្នកទេសចរណ៍ផ្ទៃក្នុង និងបរទេសមកលេងកម្សាន្តតាមគោលដៅទេសចរណ៍កើនឡើងថែមទៀត ដែលនឹងរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចក្នុងខេត្តសៀមរាបបានមួយកម្រិតទៀត។
ជាមួយគ្នានេះលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា អាជ្ញាធរខេត្តតែងគិតគូរក្នុងការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ សោភណភាពទីក្រុង ការបណ្ដុះបណ្ដាលលើកកម្ពស់សេវាកម្មជាដើម ដើម្បីទាក់ទាញអ្នកទេសចរ និងវិនិយោគិន។ តាមរយៈការរៀបចំផែនការទាំងនេះ មន្ត្រីរូបនេះរំពឹងថា ខេត្តគោលដៅទេសចរណ៍មួយនេះនឹងទាក់ទាញបានអ្នកទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិ មកលេងកម្សាន្តច្រើនថែមទៀតនៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។
សូមរំលឹកថា នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥ កន្លងទៅមានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង២លាន១៤ម៉ឺននាក់បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេសមានការកើនឡើងជាង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ក្នុងនោះខេត្តដែលទទួលបានទេសសចរច្រើនជាងគេ រួមមានខេត្តសៀមរាបមានចំនួនជិត២៤ម៉ឺននាក់, ខេត្តបាត់ដំបងមានជិត២២ម៉ឺននាក់ និងខេត្តព្រះសីហនុមានជាង២១ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


UN ព្រមានថា ការឧបត្ថម្ភធនលើប្រេងឥន្ធនៈរបស់ពិភពលោកអាចកើនលើស១ទ្រីលានដុល្លា

វិបត្តិសង្គ្រាមនៅអ៊ីរ៉ង់កំពុងបង្កើតរលកវិបត្តិសេដ្ឋកិច្ចថ្មីមួយទៀត តាមរយៈការជំរុញ​ឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់។ ស្របពេលដែលតម្លៃប្រេងកំពុង​ហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ