ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានចេញនូវអនុសាសន៍ ៣ចំណុច ដល់កិច្ចប្រជុំពិចារណា ដើម្បីឈានទៅរកសន្តិភាពនៅឧបទ្វីបកូរ៉។ តើអនុសាសន៍ទាំង៣ចំណុចនេះ មានអ្វីខ្លះ?
ក្នុងនាមជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ស្ដីពី«សន្តិភាពនៅឧបទ្វីបកូរ៉េ» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងដូច្នេះ ដើម្បីស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ ត្រូវគិតពិចារណាលើចំណុច ៣សំខាន់ៗដូចជា៖
ទី១.ការយកឈ្នះលើភាពច្របូកច្របល់ និងការមិនទុកចិត្តគ្នាដែលអូសបន្លាយជាង ៧០ឆ្នាំមកនេះ ទាមទារឱ្យមានកិច្ចចរចាជាច្រើនឆ្នាំ និងវិធានការកសាងទំនុកចិត្ត ហើយជាការពិតដំណើរឆ្ពោះទៅរកការផ្សៈផ្សារបន្តិចម្ដងៗ។ ដូច្នេះ ដំណើរការរំសាយអាវុធនុយក្លេអ៊ែរ នឹងត្រូវធ្វើឡើងជាដំណាក់កាល និងត្រូវការភាពអត់ធ្មត់។
ទី២.ការប្រាស្រ័យទាក់ទងផ្នែកការទូតដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ៖ សម្ពាធតែម៉្យាង គឺមិនអាចដោះស្រាយមូលហេតុនៃជម្លោះដ៏ស៊ីជម្រៅ ឱ្យមានប្រសិទ្ធភាព នោះទេ ហើយក៏មិនអាចដោះស្រាយបញ្ហាស្មុគស្មាញអស់ជាច្រើនទសវត្សរ៍មកហើយនេះដែរ។ ដូច្នេះ មានតែការប្រាស្រ័យទាក់ទងផ្នែកការទូតដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ គឺជាតម្រូវការចាំបាច់មុនគេ ។ ការប្រាស្រ័យទាក់ទងជាវិជ្ជមាន ជាមួយទីក្រុងព្យុងយ៉ាង នឹងកាត់បន្ថយហានិភ័យនៃភាពឯកោកាន់តែខ្លាំង ដែលជាលទ្ធផលនឹងនាំទៅរកការបន្ធូរបន្ថយនូវវដ្ដនៃភាពតានតឹងផ្នែកយោធាដ៏អាក្រក់ ហើយទីបំផុតអាចឈានទៅការបន្ថយមហិច្ឆតានុយក្លេអ៊ែរ។
និងទី៣. ការកសាងជំហាននៃជំនឿទុកចិត្ត ចាំបាច់ត្រូវតែមានការចូលរួមជាក់ស្ដែងជាប្រចាំពីអ្នកចរចាសន្តិភាព ដែលគួរផ្តោតលើកិច្ចខិតខំប្រឹងប្រែងដែលអាចទទួលលទ្ធផលបានឆាប់ មិនមានភាពចម្រូងចម្រាសមិនសូវរសើប និងជាក់ស្ដែង។
សម្ដេច ហ៊ុន សែន បានលើកឡើងថា សង្គ្រាមកូរ៉េ មានអាយុកាលជាង ៧២ ឆ្នាំហើយ ដែលមកទល់ពេលនេះ មានតែបទឈប់បាញ់ដែលមានអាយុកាលជាង៦៩ឆ្នាំ គិតចាប់តាំងថ្ងៃចុះហត្ថលេខា តែប៉ុណ្ណោះ។ ជាច្រើនទសវត្សរ៍កន្លងមកនេះ កិច្ចខិតខំប្រឹងប្រែងសន្តិភាពត្រូវបានធ្វើឡើងនៅគ្រប់កម្រិត និងវេទិកាផ្សេងៗគ្នា ប៉ុន្តែជាអកុសល មិនទទួលបានលទ្ធផលអ្វីឡើយ ។ សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ នៅតែមានភាពស្រពេចស្រពិល និងផុយស្រួយ ដោយសារវិធីសាស្ត្រមុនៗ មិនទទួលបានជោគជ័យ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដោយសម្ដេចបន្តថា នោះជាមូលហេតុដែលពេលនេះ យើងត្រូវមានភាពក្លាហាន ដើម្បីរិះរកវីធីប្រកបដោយភាពច្នៃប្រឌិត ដែលអាចផ្តល់លទ្ធផលវិជ្ជមាន។
បើតាមទស្សនៈនាយករដ្ឋមន្រ្តីកម្ពុជា សន្តិភាពនិងសន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល មិនអាចកាត់ផ្តាច់ចេញពីសន្តិភាពនិងសន្តិសុខនៅឧបទ្វីបកូរ៉េ ហើយសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉ ក៏មិនអាចកាត់ផ្ដាច់ចេញពីសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូលដូចគ្នា។ ដូច្នេះ សម្ដេចជឿថាគំនិតផ្តួចផ្តើម «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ, ឧបទ្វីបតែមួយ, ប្រជាជនតែមួយ, វប្បធម៌តែមួយ» គឺជាក់ស្ដែង និងអាចសម្រេចបាន ព្រោះជាគំនិតផ្តួច-ផ្តើមមានគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូរ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងកូរ៉េទាំងពីរ។
សម្ដេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា ដើម្បីអាសម្រេចចនូវលទ្ធផលខាងលើ សម្ដេចស្នើជំហានជាក់ស្ដែងមួយចំនួនសម្រាប់ការពិចារណា ដូចជា ៖ទី១. យើងគួរតែប្រែក្លាយតំបន់គ្មានយោធា (DMZ) ទៅជាច្រករបៀងវប្បធម៌សុវត្ថិភាព និងបើកចំហដែលតភ្ជាប់ប្រជាជនទាំងពីរ។ ទី២.កូរ៉េទាំងពីរគួរតែសហការបន្ថែមទៀត នៅក្រោមក្របខណ្ឌរបស់អង្គការយូណេស្កូ ដើម្បីបង្កើត លក្ខខណ្ឌចាំបាច់សម្រាប់កិច្ចសន្ទនាដោយផ្អែកលើការគោរពតម្លៃរួម។ និងទី៣. កូរ៉េទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីលើកកម្ពស់វប្បធម៌កូរ៉េ, ភ្ជាប់អរិយធម៌កូរ៉េជាមួយអរិយធម៌ដទៃទៀត និងរួមគ្នាអភិវឌ្ឍទេសចរណ៍វប្បធម៌ និងនវានុវត្តន៍។ ជាចុងបញ្ចប់សម្ដេចក៏ស្នើឱ្យថ្នាក់ដឹកនាំមកពីវិស័យផ្សេងៗ ផ្តល់នូវធាតុផ្សំក្នុងគំនិតផ្តួចផ្តើម «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ ឧបទ្វីបតែមួយ, ប្រជាជនតែមួយវប្បធម៌តែមួយ» ផងដែរ៕