សេដ្ឋកិច្ចចិន

តើមហាយក្សចិនអាចស្តារសេដ្ឋកិច្ចរបស់ខ្លួនឱ្យងើបឡើងវិញបានដែរទេនៅឆ្នាំ២០២៤?


ការស្ទុះងើបឡើងវិញគួរឱ្យខកចិត្ត នៃសេដ្ឋកិច្ចរបស់មហាយក្សចិន ក្រោយវិបត្តិកូវីដ-១៩ បានធ្វើឱ្យមានមន្ទិលកាន់តែខ្លាំងឡើងចំពោះមូលដ្ឋានគ្រឹះ នៃកំណើនដ៏គួរឱ្យភ្ញាក់ផ្អើលរាប់ទសវត្សរ៍របស់ខ្លួន ហើយជាលទ្ធផលរដ្ឋាភិបាលក្រុងប៉េកាំង ត្រូវបង្ខំចិត្តជ្រើសរើសដ៏លំបាកសម្រាប់ឆ្នាំ២០២៤ ខាងមុខ។ ជម្រើសដ៏លំបាកទាំងនោះគឺថា តើខ្លួនត្រូវខ្ចីបំណុលបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ឬក៏ត្រូវកាត់បំណុល ដែលនឹងអាចនាំទៅរកកំណើនទាបជាងឆ្នាំចាស់?
សេដ្ឋកិច្ចចិន
ដោយ

មានការរំពឹងទុកថា នៅពេលប្រទេសចិន លុបចោលវិធានការរឹតបន្តឹងកូវីដ-១៩ ដ៏តឹងរ៉ឹងរបស់ខ្លួន និងបើកប្រទេសឡើងវិញ អតិថិជនអ្នកប្រើប្រាស់នឹងសម្រុកទៅទិញអីវ៉ាន់ ឬចាយលុយនៅតាមផ្សារទំនើបឡើងវិញ ការវិនិយោគបរទេសនឹងបន្តឡើងវិញ រោងចក្រនឹងបង្កើនផលិតកម្ម ហើយការដេញថ្លៃដីធ្លី និងការលក់ផ្ទះនឹងមានស្ថិរភាពឡើងវិញ។

ផ្ទុយទៅវិញ ពលរដ្ឋចិន ដែលជាអ្នកទិញទំនិញបែរជានាំគ្នាសន្សំប្រាក់ត្រៀមទុកសម្រាប់រដូវវស្សា ក្រុមហ៊ុនបរទេសបានសម្រុកដកប្រាក់ចេញពីប្រទេសចិន សហគ្រាសផលិតប្រឈមនឹងតម្រូវការធ្លាក់ចុះពីលោកខាងលិច ហិរញ្ញវត្ថុរបស់រដ្ឋបាលមូលដ្ឋានបានធ្លាក់ចុះ ហើយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបានខកខានទូទាត់បំណុលរបស់ខ្លួនជាបន្តបន្ទាប់។ ការរំពឹងទុកដ៏គួរឱ្យខកចិត្តនេះបានធ្វើឱ្យមានមន្ទិលកាន់តែខ្លាំងឡើង ជាពិសេសក្នុងចំណោមអ្នកដែលតែងតែមានមន្ទិលចំពោះគំរូកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។

ក្រុមអ្នកមានមន្ទិលចំពោះគំរូកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន បានទាញទឡ្ហីករណ៍ថា រដ្ឋាភិបាលក្រុងប៉េកាំង បានបរាជ័យក្នុងការទាញសេដ្ឋកិច្ចចិន ចេញពីការអភិវឌ្ឍដែលជំរុញដោយវិស័យសំណង់ឆ្ពោះទៅរកកំណើន ដែលជំរុញដោយការប្រើប្រាស់តាំងពី១ទសវត្សរ៍មុនមកម៉្លេះ។ ចាប់តាំងពីពេលនោះមក បំណុលបានកើនឡើងលឿនជាងកំណើនសេដ្ឋកិច្ច ដោយឈានដល់កម្រិតដែលបណ្ដារដ្ឋបាលមូលដ្ឋាន និងបណ្ដាក្រុមហ៊ុនអចលនទ្រព្យ ត្រដាប ត្រដួស ក្នុងការផ្តល់សេវាដូចក្នុងពេលនេះ។

ក្រុមអ្នកបង្កើតគោលនយោបាយចិនក្នុងឆ្នាំនេះ បានប្តេជ្ញាជំរុញការប្រើប្រាស់ និងកាត់បន្ថយការពឹងផ្អែកនៃសេដ្ឋកិច្ចចិនទៅលើអចលនទ្រព្យ។

រដ្ឋាភិបាលក្រុងប៉េកាំង កំពុងដាក់ចេញវិធានការណែនាំឱ្យធនាគារនានាផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់ផលិតកម្មកម្រិតខ្ពស់ ដោយងាកចេញពីវិស័យអចលនទ្រព្យ។ ទោះជាយ៉ាងណា ផែនទីបង្ហាញផ្លូវរយៈពេលវែងដ៏ជាក់លាក់មួយសម្រាប់ការជម្រះបំណុល និងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញនៅតែពិបាកនឹងសម្រេចបាន។

មិនថាប្រទេសចិន សម្រេចចិត្តជ្រើសយកជម្រើសមួយណានោះទេ ក៏ប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ នឹងត្រូវគិតគូរពីកំណើនប្រជាជន ដែលមានវ័យចាស់ និងការធ្លាក់ចុះនៃចំនួនប្រជាជនសរុប ព្រមទាំងបរិយាកាសភូមិសាស្ត្រនយោបាយដ៏លំបាក ខណៈដែលបណ្ដាប្រទេសលោកខាងលិច មានការប្រុងប្រយ័ត្នក្នុងការធ្វើពាណិជ្ជកម្មជាមួយខ្លួន។

តាមរយៈទឡ្ហីករណ៍ខាងលើបង្ហាញថា មហាយក្សចិនប្រហែលជាពិបាកធ្វើឱ្យអព្ភូតហេតុសេដ្ឋកិច្ចរបស់ខ្លួនវិលត្រលប់មកវិញណាស់នៅឆ្នាំ២០២៤។ តើអ្វីជាអព្ភូតហេតុសេដ្ឋកិច្ច (Economic Miracle)? អព្ភូតហេតុសេដ្ឋកិច្ចសំដៅដល់រយៈពេល ដែលសេដ្ឋកិច្ចមួយមានការរីកចម្រើនយ៉ាងឆាប់រហ័ស ឬសម្រេចបានកំណើនលឿនលើសពីការរំពឹងទុក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃត្រូវបានរបាយការណ៍មួយអះអាងថា ជាទឹកដីមានករណីឆបោកតាមទូរសព្ទខ្ពស់ជាងគេនៅអាស៊ី

ព័ត៌មាន
របាយការណ៍ស្ដីពីការឆបោកនៅអាស៊ីប្រចាំឆ្នាំ២០២៣ បានគូសបញ្ជាក់ថា តំបន់អាស៊ី ជាចំណុចផ្តោតដ៏សំខាន់មួយសម្រាប់ឧក្រិដ្ឋជន ដែលប្រើប្រាស់បច្ចេកវិទ្…

អាម៉េរិកថា កិច្ចព្រមព្រៀងសន្តិសុខវៀតណាម-ចិន មិនផលប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាមឡើយ

ព័ត៌មាន
មន្ត្រីអាម៉េរិកមួយរូបបាននិយាយបន្ទាប់ពីជំនួបកំពូលក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកាន់ប្រទេសវៀតណាម កាលពីសប្តាហ៍មុនថា សហរដ្ឋអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ