ធនាគារអេស៊ីលីដា

ធនាគារអេស៊ីលីដាបានសម្រេចបែងចែកភាគលាភដល់ភាគហ៊ុននិកជាង៤២ម៉ឺនដុល្លារ


ធនាគារអេស៊ីលីដា កាលពីថ្ងៃទី១០មិថុនា បានសម្រេចបែងចែកភាគលាភសម្រាប់ប្រាក់ចំណេញឆ្នាំ២០២០សម្រាប់ភាគហ៊ុននិករបស់ខ្លួនហើយ ប៉ុន្ដែ ការបែងចែកនេះ គឺសម្រាប់តែវិនិយោគិនសាធារណៈតែប៉ុណ្ណោះ ដែលភាគលាភត្រូវបែងចែកមានចំនួនប្រមាណជាង ៤២ម៉ឺនដុល្លារ ចំណែកភាគលាភជាសាច់ប្រាក់ដែលនៅសល់ចំនួនជាង ៤២លានដុល្លារទៀត ត្រូវរក្សាទុកក្នុងខ្ទង់ប្រាក់ចំណេញរក្សាទុក សម្រាប់ធ្វើការបែងចែក ជូនភាគហ៊ុនិកជានីតិបុគ្គល ដែលមិនមែនជាភាគហ៊ុននិកសាធារណៈ បន្ទាប់ទទួលបានការអនុម័តពីនិយ័តករ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអេស៊ីលីដា។
ទីស្នាក់ការ​កណ្ដាលរបស់​ធនាគារ អេស៊ីលីដា ។
ដោយ

ជុំវិញ​ទៅ​នឹង​ការ​បែងចែក​ភាគលាភ​របស់​ធនាគារ​អេ​ស៊ី​លី​ដា​នេះ​ដែរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បញ្ជាក់​ថា វា​នឹង​ផ្ដល់​ទំនុកចិត្ត​សារ​ជា​ថ្មី​ដល់​សាធារណៈជន ដែល​ជា​ភាគ​ហ៊ុ​និក​សាធារណៈ ដែល​តែងតែ​រំពឹង​ពី​ការ​បែងចែក​ភាគលាភ​នា​ពេល​កន្លង​មកនេះ​។

តាម​សេចក្ដីជូនដំណឹង​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ភាគ​ហ៊ុ​និក​សាធារណៈ ដែល​ធ្វើការ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ២៩​ខែមេសា ឆ្នាំ​២០២១ នៅ​តែ​ទទួល​បាន​ភាគលាភ​ដដែល​។ ដោយឡែក ចំពោះ​ភាគ​ហ៊ុ​និក​សាធារណៈ ដែល​ទិញ​មូល​ប​ត្រ​កម្មសិទ្ធិ នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១ មិន​មាន​សិទ្ធិ​ទទួល​បាន​ភាគលាភ​នោះ​ទេ​។

ការ​ទូទាត់​ភាគលាភ​នេះ បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី​២១ ខែមិថុនា​ឆ្នាំ​២០២១​។

ការ​ប្រកាស​បែងចែក​ភាគលាភ​របស់​អេ​ស៊ី​លី​ដា​សម្រាប់​តែ​វិនិយោគិន​សាធារណៈ​នេះ ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​អ្នក​ដែល​ទិញ​ភាគហ៊ុន​របស់​ធនាគារ​នេះ មានការ​រង់ចាំ​យ៉ាង​អន្ទះសារ ហើយ​ការ​ពន្យារពេល​បែងចែក​ភាគលាភ​នា​ពេល​កន្លង​មក​នោះ ក៏​ដោយសារ​តែ​មានការ​ណែនាំ​ពី​សំណាក់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ជា​អ​ណា​ព្យាបាល​បាន​អំពាវនាវ​ដល់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ឲ្យ​ផ្អាក​ការ​បែង​ចែង​ភាគលាភ​ចំពោះ​ប្រាក់​ចំណេញ​នៅ​ឆ្នាំ​២០២០ ដល់​ភាគ​ទុ​និករ​បស់​ខ្លួន ដែល​វា​ជា​វិធានការ​មួយ​រួមចំណែក​រក្សា​កំណើន​របស់​វិស័យ​ធនាគារ និង ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

ជុំវិញ​ការ​បែងចែក​ភាគលាភ ៣០% នៃ​ប្រាក់​ចំណេញ​របស់​ធនាគារ​អេ​ស៊ី​លី​ដា ទៅ​ឲ្យ​តែ​ភាគ​ហ៊ុ​និក​សាធារណៈ​នេះ​ដែរ ត្រូវ​បាន​ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​ពន្យល់​ថា កន្លង​ទៅ​ថ្វី​ត្បិត តែ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ជូនដំណឹង​ដល់​ធនាគារ​និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​កុំ​ទាន់​ធ្វើការ​បែងចែក​ប្រាក់​ចំណេញ​របស់​ខ្លួន​ក៏​ពិតមែន ប៉ុន្តែ​ធនាគារ អេ​ស៊ី​លី​ដា មិន​អាច​អនុវត្ត​តាម​សេចក្តីជូនដំណឹង​ទាំងស្រុង​នោះ​ទេ ដោយ​ក្នុង​នោះ ឯកឧត្តម ហុង សុ​ហួរ បញ្ជាក់​ថា ធនាគារ អេ​ស៊ី​លី​ដា បាន​សម្រេច​បែង​ចែង​ភាគលាភ​ជូន​ដល់​វិនិយោគិន​សាធារណៈ​របស់​ខ្លួន​នា​ពេល​នេះ គឺ​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​សាធារណៈជន ដែល​ជា​ភាគ​ហ៊ុ​និក​សាធារណៈ​របស់​ខ្លួន ។

បើ​ទោះបីជា​ធនាគារ​អេ​ស៊ី​លី​ដា បាន​ប្រកាស​ពី​ប្រាក់​ចំណេញ​ដល់​ទៅ​ជាង​១៤០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ក៏​ដោយ ប៉ុន្ដែ​គេ​សង្កេត​ឃើញ​ថា តម្លៃ​ភាគហ៊ុន​របស់​អេ​ស៊ី​លី​ដា នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ គឺ​មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ដោយ​តម្លៃ​ភាគហ៊ុន​ធនាគារ​នេះ ធ្លាក់​ចុះ​ស្ទើរតែ​មក​ដល់​តម្លៃ​បោះផ្សាយ IPO ដំបូង​ទៅ​ហើយ​។

នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​ថា តើ​តម្លៃ​ភាគហ៊ុន​អេ​ស៊ី​លី​ដា​អាច​នឹង​ស្ទុះ​ងើបឡើង​វិញ​ទេ ក្រោយ​ពី​មានការ​បែងចែក​ភាគលាភ​ឲ្យ​វិនិយោគិន​សាធារណៈ?

លោកស្រី ម៉ា អមរា អនុប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា បាន​បញ្ជាក់​ថា ជា​ទូទៅ​ទីផ្សារ​ភាគហ៊ុន​តែងតែមាន​បម្រែបម្រួល ប៉ុន្តែ​ធនាគារ ក៏​ដូច​វិស័យ​ធនាគារ​ទាំងមូល​នៅ​តែ​មាន​ស្ថាន​ភាពរឹងមាំ​ល្អ​ដដែល ។ លោកស្រី ម៉ា អមរា បន្ថែម​ថា តម្លៃ​ភាគហ៊ុន​ឡើង​ចុះ​របស់​ធនាគារ​អេ​ស៊ី​លី​ដា នា​ពេល​បច្ចុប្បន្ន​អាស្រ័យ​លើ​ការ​ផ្គត់ផ្គង់ និង តម្រូវ​នៅ​លើ​ទីផ្សារ​។

ធនាគារ​អេ​ស៊ី​លី​ដា បាន​សម្រេច​គោះ​ជួង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ខ្លួន​ជា​ផ្លូវការ​លើក​ដំបូង​នៅ​លើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​កាលពី​ខែឧសភា​ឆ្នាំ​២០២០ ដោយ​តម្លៃ​ភាគហ៊ុន​របស់​ធនាគារ​ត្រូវ​បាន​កំណត់​ដោយ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ក្នុង​តម្លៃ ១៦.២០០​រៀល​ក្នុង​មួយ​ភាគហ៊ុន​។ 

ក្រោយ​ពី​បោះផ្សាយ​លក់​ភាគហ៊ុន​ជា​ផ្លូវការ​គេ​សង្កេត​ឃើញ​ថា​តម្លៃ​ភាគហ៊ុន​អេ​ស៊ី​លី​ដា​បាន​ចាប់ផ្ដើម​ឡើងថ្លៃ​ជា​បន្ដបន្ទាប់​រហូត​ដល់​ទៅ​ជាង​២​ម៉ឺន​រៀល​ក្នុង​មួយ​ហ៊ុន ប៉ុន្ដែ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ តម្លៃ​ភាគហ៊ុន​របស់​អាស៊ី​លី​ដា​បាន​ធ្លាក់​ចុះ​ស្ទើរតែ​ស្មើ​តម្លៃ​បោះផ្សាយ​លក់​ដំបូង​ទៅ​ហើយ ជាក់ស្តែង​គិត​ត្រឹម​ថ្ងៃ​ទី​១៦ មិថុនា ម្សិលមិញ តម្លៃ​ភាគហ៊ុន​អេ​ស៊ី​លី​ដា ធ្លាក់​មក​ដល់ តម្លៃ ១៦២២០​រៀល ជាមួយនឹង​ទំហំ​នៃ​ជួញដូរ​ភាគហ៊ុន​ជាង ២​ម៉ឺន ២​ពាន់​ភាគហ៊ុន និង ទឹកប្រាក់​សរុប​ជាង ៣៦០​លាន​រៀល​។

ទាក់ទង​នឹង​ការ​វិនិយោគ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​វិញ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ឯកឧត្តម ហុង សុ​ហួរ បាន​ឲ្យ​ដឹង​ថា ទោះបីជា​មានការ​រីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​អំឡុង​ត្រីមាស​ទី​១​នៃ​ឆ្នាំ​នេះ​ក្តី ក៏​សកម្មភាព​របស់​ផ្សារភាគហ៊ុន​កម្ពុជា​មិន​មានការ​ប៉ះពាល់​អ្វី​ឡើយ ប៉ុន្តែ​ការ​អូស​បន្លាយ​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ក៏​អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​ចំនួន​ក្រុមហ៊ុន ដែល​គ្រោង​នឹង​ចុះបញ្ជី​នៅ​ឆ្នាំ​នេះ​ដែរ​៕ 

None



អត្ថបទបន្ទាប់


ទីបំផុត Thai Airways អាចបន្តដង្ហើមអាជីវកម្មរស់ឡើងវិញហើយ

នៅទីបំផុតក្រុមហ៊ុនអាកាសចរណ៍Thai Airways អាចបន្តដង្ហើមរស់ឡើងវិញហើយបន្ទាប់ពីទទួលបានការយល់ព្រមពីតុលាការក្ស័យធនរបស់ថៃលើផែនការរៀបចំរចនា…

កម្ពុជារំពឹងថាអាចនាំចេញសាច់ត្រីទីឡាព្យ៉ាទៅទីផ្សារជប៉ុន បន្ទាប់ពីគ្រាប់ស្វាយចន្ទី

រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា កំពុងមានក្ដីរំពឹងខ្ពស់ក្នុងការនាំចេញសាច់ត្រីទីឡាព្យ៉ាទៅកាន់ទីផ្សារប្រទេសជប៉ុន នៅក្នុងពេលឆាប់ៗខាងមុខនេះ បន្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ