ថ្លែងក្នុងពិធី សម្ពោធវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា នាពេលថ្មីៗនេះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានលើកឡើងថា ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល នឹងធ្វើឲ្យវិស័យហិរញ្ញវត្ថុផ្លាស់ប្ដូរទៅ រកទម្រង់ថ្មីមួយ ដែលទាមទារឲ្យវិស័យរដ្ឋ និងឯកជន ត្រូវរៀបចំនូវក្របខ័ណ្ឌគតិយុត្ត រៀបចំយន្តការ អនុវត្តច្បាប់ កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និង បណ្តុះបណ្តាលធនធានមនុស្ស ដើម្បី ចាប់យកកាលានុវត្តភាព ឲ្យបានជាអតិបរមាពីការប្រែប្រួលនេះ ។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា និស្សិតត្រូវព្យាយាមក្រេបជញ្ជក់ចំណេះដឹងពីសាលា ពិសេសខាងបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintechនេះ ព្រោះវិស័យនេះ បច្ចុប្បន្ន កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សទាំងក្នុងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្មទាំងមូលផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត ផុន ណារិន នាយក វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានលើកឡើងដែរថា វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា បានត្រៀមនូវមុខវិជ្ជាសិក្សារួចរាល់ហើយ ដើម្បីបណ្ដុះបណ្ដាលនិស្សិតឲ្យឆ្លើយតបទៅនឹង តម្រូវការ នៃការវិវត្តវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ Fintech ក៏ដូចជា ការវិវត្តនៃសេដ្ឋកិច្ចឧស្សាហកម្មជំនាន់ទី៤នេះ។
ការកើនឡើងខ្លាំងនៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ត្រូវបានគេមើលឃើញថា អាចនឹងធ្វើឲ្យការងាររបស់មនុស្សក្នុងវិស័យធនាគារ និងហិរញ្ញ ត្រូវកាត់បន្ថយផងដែរ។
ទោះយ៉ាងណា លោកបណ្ឌិត ផុន ណារិន បានគូសបញ្ជាក់ថា ដ្បិតតែវិស័យ Fintech កំពុងមាននិន្នាការប្រើប្រាស់នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាក៏ដោយ ប៉ុន្ដែលោកថា ការប្រើប្រាស់នូវប្រតិបត្តិការបែបប្រពៃណីក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅតែមានច្រើនដដែល។ តួយ៉ាង បច្ចុប្បន្ន ធនាគារ ដែលមានប្រើប្រាស់សេវា Fintech មានចំនួនតែ ២ ទៅ៣ ប៉ុណ្ណោះ។ ដូច្នេះ ទៅ៥ ឬ១០ឆ្នាំខាងមុខទៀតនេះ វិស័យ Fintech ក៏នឹងមិនធ្វើឲ្យប៉ះពាល់ដល់ធ្ងន់ធ្ងរដល់ការងារមនុស្សនៅក្នុងវិស័យនេះឡើយ។
បើតាម ប្រសាសន៍ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា នេះ អាចត្រូវបានចាត់ទុកថា ជាមជ្ឈមណ្ឌល សម្រាប់អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និង ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និង ក្រសួងអប់រំ យុវជន និង កីឡា និង ជាជម្រើសដ៏ល្អមួយសម្រាប់សិស្ស និសិ្សត និង សិក្ខាកាម ទំាងក្នុង និង ក្រៅប្រទេស។ វិទ្យាស្ថាននេះ មានអគារសិក្សាចំនួន ២ កម្ពស់ ៥ជាន់ មានបន្ទប់រៀន ចំនួន៨១ បន្ទប់ ដែលអាចទទួលនិសិ្សតបានពី ៦ពាន់ ទៅ៧ពាន់នាក់។
ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ, វិស័យហិរញ្ញវត្ថុ និង ធនាគារក្នុងប្រទេស កម្ពុជា មានការរីកលូតលាស់ និង បោះជំហានទៅមុខគួរជាទីមោទនៈ។ ជាក់ស្តែង ទំហំទ្រព្យសកម្មនៃវិស័យធនាគារ និង មីក្រូហិរញ្ញវត្ថុ ធៀបនឹង ផសស បានបន្តកើនឡើងជាលំដាប់ ពីកម្រិតប្រមាណត្រឹមតែ ៤៤% នៃ ផសស ក្នុងឆ្នាំ ២០០៨ កើនឡើងរហូតដល់ ១៤៨% នៃ ផសស ក្នុងឆ្នាំ ២០១៧ ។
ទន្ទឹមនេះដែរ ចំនួនធនាគារពាណិជ្ជក៏បានកើនឡើង រហូតដល់ជាង ៥០ ហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏បានកើនឡើងរហូតដល់ជិត ៨០ នៅក្នុងឆ្នាំ ២០១៧ ។ ប្រាក់បញ្ញើក៏មានការកើនឡើងខ្លាំងផងដែរ ក្នុងទំហំប្រមាណ ១០០% នៃ ផសស ក្នុងឆ្នាំ ២០១៧ ដែលឆ្លុះបញ្ជាំងពីការកើនឡើងនៃទំនុកចិត្ត និងការចូលរួម របស់ប្រជាជនក្នុងវិស័យធនាគារ ។ លើសពីនេះទៀត, ការដាក់ចេញនូវពិដានអត្រាការ- ប្រាក់របស់រាជរដ្ឋាភិបាល បានធ្វើឲ្យអត្រាការប្រាក់ថយចុះគួរឲ្យកត់សម្គាល់ ដែលបានផ្តល់ លទ្ធភាពបន្ថែមដល់ប្រជាពលរដ្ឋ ក្នុងការទទួលបានឥណទាន ដែលមានតម្លៃសមរម្យ។