អត្ថបទក្រុមហ៊ុន

អង្គការមូលនិធិអេស៊ីលីដា-ចារឌីន បានចំណាយថវិកា ៥៧ម៉ឺនដុល្លារសង់អគារសិក្សា៨ខ្នងនៅតំបន់ដាច់ស្រយាល


អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ដែលបានបង្កើតឡើងដោយធនាគារ អេស៊ីលីដា និងក្រុមហ៊ុន ចារឌី ម៉េថឹសិន ដែលមានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ និងនៅនិយ័តករបរធនបាលកិច្ចកម្ពុជាផងដែរ។
អង្គការមូលនិធិអេស៊ីលីដា-ចារឌីន បានចំណាយថវិកា ៥៧ម៉ឺនដុល្លារសង់អគារសិក្សា៨ខ្នងនៅតំបន់ដាច់ស្រយាល

គិតតាំងពីចាប់ផ្ដើមដំណើរការសកម្មភាពសង្គម និងមនុស្សធម៌របស់ខ្លួន តាំងពីឆ្នាំ២០១៨មក អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានចំណាយថវិកាអស់ប្រមាណ ៥៧ម៉ឺនដុល្លារហើយ សម្រាប់ការសាងសង់អគារសិក្សា​បានចំនួន ៨ខ្នង នៅតាមតំបន់ដាច់ស្រយាល នៅក្នុង​ខេត្ត​ចំនួន ៥ រួមមាន មណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ ព្រះវិហារ និងស្ទឹងត្រែង។ បច្ចុប្បន្ន អគារសិក្សាចំនួន ៨ខ្នង ដែលបានសាងសង់រួចរាល់ និងបានប្រគល់ជូនសហគម​ន៍ប្រើប្រាស់ កំពុងមានសិស្សានុសិស្សសិក្សាសរុប​ជាង​១ពាន់នាក់។

ថ្លែងក្នុងពិធីសម្ពោធ និងដាក់ឲ្យដំណើរការ អគារសិក្សាបឋមសិក្សាកាំងចាមនាពេលថ្មីៗនេះ បណ្ឌិត ព្រំ វិសុទ្ធ ប្រធានមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានលើកឡើងថា អង្គការមូលនិធិអេស៊ីលីដា-ចារឌីន ត្រូវបានបង្កើតឡើងក្នុងគោលបំណង ជួយឧបត្ថម្ភដល់កុមារដែលនៅតាមទីជនបទ ឬតាមតំបន់ដាច់ស្រយាល និងតំបន់ដែលមានសភាពក្រលំបាក និងមិនមានលទ្ធភាពទទួលបានការអប់រំថ្នា​ក់បឋមសិក្សា និងអនុវិទ្យាល័យ អាចទទួលបានការអប់រំ និងបន្តការសិក្សាបាន ។ លើសពីនេះ លើកស្ទួយវិស័យអប់រំក្នុងមូលដ្ឋាននៅតាមទីជនបទ ឬតាមតំបន់ដាច់ស្រយាល និងតំបន់ដែលមានសភាពក្រលំបាកនៅកម្ពុជា តាមរយៈការកសាងអគារសិក្សា ផ្តល់ឱ្យមានគ្រូបង្រៀន សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធអប់រំសមរម្យ។

លោកព្រំ វិសុទ្ធ បន្ថែមថា នៅឆ្នាំ២០២៣ អង្គការសប្បុរសធម៌មួយនេះ ក៏កំពុង​ដេញថ្លៃសាងសង់អគារបឋមសិក្សាចំនួន​៣ខ្នងបន្ថែមទៀត ដោយមួយខ្នងនៅខេត្តព្រះវិហារ និង២ខ្នងនៅខេត្តឧត្តរមានជ័យ។

ថ្លែងនៅក្នុងពិធីសម្ពោធ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី នៃសាលាបឋមសិក្សា​កាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឯកឧត្តម យឹម ផែន អភិបាលរងខេត្តស្ទឹងត្រែងបានគូសបញ្ជាក់ថា អគារសិក្សាប្រកបដោយគុណភាព ផាសុកភាព និងស្រស់ស្អាតនេះ ពិតជាមានតម្លៃបំផុត សម្រាប់ ក្មួយៗសិស្សានុសិស្សក្នុងស្រុកថាឡាបរិវ៉ាត់ ធ្វើជាទីកន្លែង និងថ្នាលសម្រាប់ក្រេបយក និងបណ្តុះចំណេះវិជ្ជាកម្រិតមូលដ្ឋាន ដើម្បីអភិវឌ្ឍអនាគតដ៏ប្រសើររបស់ខ្លួន ។ ឯកឧត្តមបន្ថែមថា សកម្មភាពមនុស្សធម៌ របស់អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ ពិតជាបានបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់អង្គការនេះ ក្នុងកិច្ចការងារសង្គម មនុស្សធម៌ និងអភិឌ្ឍន៍ធនធានមនុស្ស ដែលជាទ្រព្យដ៏មានតម្លៃបំផុតក្នុងការអភិឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកម្មវិធីកំណែទម្រង់គុណភាពវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រសួង ក៏ដូចប្រមុខរាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះ ។

លោក PETER BEYNON តំណាងស្ថាបនិកនៃអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ  លើកឡើងដែរថា អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ នឹងបន្តសាងសង់អគារសិក្សាចំនួន ០២ ឬ ០៣ ខ្នង ក្នុងមួយឆ្នាំ នៅក្នុងភូមិសាស្រ្តគោលដៅរបស់ខ្លួន ។​ លោក PETER ជឿជាក់ថា ការផ្តល់ការអប់រំកម្រិតមូលដ្ឋាននេះ នឹងជួយ​កសាង​និង​លើកកម្ពស់​គុណភាព​ជីវិត​របស់​កុមារទាំងអស់ ព្រមទាំងចូលរួមអភិវឌ្ឍគ្រឹះធនធានមនុស្ស ដើម្បីធ្វើឲ្យប្រសើឡើងនូវជីវភាពរស់នៅរបស់ពួកគេខ្លួនឯង គ្រួសាររបស់ពួកគេ និងសហគមន៍របស់ពួកគេ ។

អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ដែលបាន​បង្កើត​ឡើង​ដោយធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន ចារឌីន ម៉េថឹសិន ​ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ​នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ​និងបានចុះបញ្ជីជាបរធនបាលកិច្ចសង្គមនៅនិយ័តករបរធនបាលកិច្ចកម្ពុជា​ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ។

ចាប់តាំងពីចាប់ដំណើរការសកម្មភាពមនុស្សធម៌របស់ខ្លួនមក អង្គការអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ ទទួលបានចំណូលពីការប្រាក់ចំនួន ២១០.២៧១ ដុល្លារសហរដ្ឋអាមេរិក និងចំណូលពីសប្បុរសជនចំនួន ៣២៤.២៣៥ ដុល្លារ​ និងចំណាយសាងសង់សាលា និងចំណាយផ្សេងៗអស់ចំនួន ៥៨០.២៧៣ ដុល្លារសហរដ្ឋអាមេរិក ។ បច្ចុប្បន្ន អង្គការនេះ មានមូលនិធិនៅក្នុងធនាគារ​ចំនួន ៩៤៥.៩៥០ ដុល្លារសហរដ្ឋអាមេរិក ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនឈីបយក្សតៃវ៉ាន់ TSMC គ្រោងពង្រីករោងចក្រនៅជប៉ុន និងអឺរ៉ុប ទោះជាតម្រូវការឈីបសាកលធ្លាក់ចុះ

ក្រុមហ៊ុនឈីបធំបំផុតក្នុងពិភពលោករបស់តៃវ៉ាន់ TSMC បានប្រកាសឱ្យដឹងថ្មីៗនេះថា ខ្លួនកំពុងពិចារណាសង់រោងចក្រទី២ នៅក្នុងប្រទេសជប៉ុន ហើយក៏កំពុ…

អបអរសាទរ! កម្មពិធីសម្ភោធផ្ទះគំរូថ្មីគម្រោង វើលដ៍ប៊្រីដ ហូម

គម្រោង វើលដ៍ប៊្រីដ ហូម ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីបើកសម្ភោធផ្ទះគំរូថ្មី ដែលរៀបចំដោយ ក្រុមហ៊ុន វើលដ៍ប៊្រីដ ហូម បុរី ទីក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ