
លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ការចាប់ដៃគូជាមួយនឹងក្រុមហ៊ុន ដាយគីន ក្នុងការផ្ដល់សេវាឥណទានឌីជីថល BNPL សម្រាប់អតិថិជន និងសាធារណជននេះ ក្នុងគោលបំណងផ្ដល់នូវជម្រើសហិរញ្ញវត្ថុកាន់តែប្រសើរ និងមានភាពបន់បែន ដោយអនុញ្ញាតឱ្យអតិថិជន ទិញម៉ាស៊ីនត្រជាក់របស់ក្រុមហ៊ុន ជប៉ុន ដាយគីន តាមរយៈអេស៊ីស៊ូភើអេបបានភ្លាមៗ ដោយប្រព័ន្ធនឹងធ្វើការអនុម័តប្រាក់កម្ចីដោយស្វ័យប្រវត្តិ ហើយអតិថិជនអាចទទួលបានទំនិញយកទៅប្រើប្រាស់ភ្លាមៗ ដោយធ្វើការសងត្រឡប់មកធនាគារនៅពេលក្រោយ។

លោកស្រីបន្ថែមថា សេវាកម្ចីឌីជីថលថ្មីនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់ក្រុមហ៊ុន និងម្ចាស់អាជីវកម្ម ដែលជាដៃគូរបស់ធនាគារអេស៊ីលីដា រួមទាំងអ្នកប្រើប្រាស់ផងដែរ។
ជាមួយគ្នានេះ លោក មិន សុខខេង នាយក នៃនាយកដ្ឋានទីផ្សារ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ដាយគីន បានលើកឡើងថា ដាយគីន គឺជាក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ដ៏ធំមួយរបស់ប្រទេសជប៉ុន ដែលមានអាយុកាលប្រមាណ១០០ឆ្នាំមកហើយ។ លោកបានសង្កត់ធ្ងន់ថា ការចាប់ដៃគូជាមួយ ធនាគារ អេស៊ីលីដា លើការផ្ដល់សេវាកម្ចីឌីជីថល BNPL នេះ នឹងជំរុញឲ្យការលក់របស់ក្រុមហ៊ុនកើនឡើងកាន់តែច្រើន និងជាការជំរុញដល់សកម្មភាពសេដ្ឋកិច្ចផងដែរ។

តាមការគូសបញ្ជាក់របស់លោកស្រី សុខ សោភា ជាមួយនឹងដៃគូអាជីវកម្មសរុបជាង កន្លះលាននាក់ និង អ្នកប្រើប្រាស់អេស៊ីស៊ូភើអេបសរុបជិត ៤លាន៥សែននាក់ ធនាគារអេស៊ីលីដា ជឿជាក់ថា នឹងជំរុញការផ្ដល់កម្ចីឌីជីថល BNPL ទៅកាន់អតិថិជនបានកាន់តែច្រើននាពេលខាងមុខ។ សម្រាប់សេវាកម្ចីឌីជីថល BNPL របស់ធនាគារអេស៊ីលីដា មានផ្ដល់ជូនទំហំកម្ចីរហូតដល់ ៤លានរៀល ឬ ១ពាន់ដុល្លារអាមេរិក គ្មានទ្រព្យធានា រយៈពេលខ្ចីរហូតដល់ ១២ ខែ មិនគិតអត្រាការប្រាក់ប្រចាំខែនោះឡើយ ដោយគ្រាន់តែគិតថ្លៃសោហ៊ុយឥណទាន ១% ក្នុងមួយខែ នៃទំហំឥណទានដែលបានអនុម័ត។ ពិសេសជាងនេះ ប្រសិនបើអតិថិជនបង់ផ្ដាច់កម្ចី ដែលនៅសល់មុនកាលកំណត់ ក៏មិនតម្រូវឲ្យបង់ថ្លៃសោហ៊ុយបន្ថែម ឬពិន័យនោះដែរ៕








