ជាមួយគ្នានេះ ធនាគារ អេស៊ីលីដា គ្រោងបន្ថែមមូលនិធិយ៉ាងតិច ១ពាន់២រយលានដុល្លារ ដើម្បីគាំទ្រដល់រីកលូតលាស់របស់ខ្លួន និងវិស័យធនាគារ ក៏ដូចជាវិស័យជន្ទល់សេដ្ឋកិច្ចផ្សេងៗរបស់កម្ពុជា។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានអះអាងថា នៅឆ្នាំនេះ ធនាគារ អេស៊ីលីដា នឹងបន្ថែមមូលនិធិយ៉ាងតិច១ពាន់២រយលានដុល្លារមានការកើនឡើងប្រមាណ៣ដងបើធៀបនឹងឆ្នាំមុន ដើម្បីជួយគាំទ្រដល់ការលូតលាស់របស់វិស័យធនាគារ និងវិស័យសំខាន់ៗមួយចំនួនទៀតដូចជាវិស័យកសិកម្ម សេវាកម្ម និងលក់រាយជាដើម។ ការបង្កើនមូលនិធិ ក៏ដោយសារថ្នាក់ដឹកនាំរូបនេះ បានចាត់ទុកឆ្នាំ២០២៥ ជាឆ្នាំជាពិសេស ដែលខ្លួនរំពឹងអាចមានការរីកចម្រើនលូតលាស់ខ្លាំង និងមានមូលនិធិច្រើនសម្រាប់ជួយគាំទ្រដល់ការអនុវត្តផែនការអាជីវកម្មក្នុងរយៈពេលមធ្យម និងរយៈពេលវែង។
បើតាមលោកបណ្ឌិត អ៊ិន ចាន់នី វិស័យកសិកម្មជាវិស័យអាទិភាពមួយ ដែលធនាគារ អេស៊ីលីដា តែងយកចិត្តទុកដាក់ ព្រោះវិស័យនេះស្របនឹងគោលនយោបាយជាតិ និងមានពលកម្មការងារលើសពី៣០%។ ក្រៅពីវិស័យកសិកម្ម ធនាគារ អេស៊ីលីដា ក៏បានផ្ដល់កម្ចីសម្រាប់គាំទ្រដល់អាជីវកម្មលក់រាយ និងវិស័យសេវាកម្ម ព្រមទាំងឥណទានលំនៅឋានដំបូង ដែលជាទិសដៅរបស់ធនាគារ អេស៊ីលីដា ផងដែរ។
បើតាមការគូសបញ្ជាក់របស់លោកបណ្ឌិត អ៊ិន ចាន់នី កត្តាដែលជំរុញឱ្យលោកចាត់ទុកឆ្នាំ២០២៥ ជាឆ្នាំពិសេសសម្រាប់ប្រតិបត្តិការធនាគាររបស់ខ្លួន គឺផ្នែកលើកត្តារួមផ្សំពីរយ៉ាងរួមមានការខិតខំប្រឹងប្រែងរបស់វិស័យឯកជនខ្លួនឯង និងការជួយគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការជួយជំរុញការវិនិយោគ និងកំណើនសេដ្ឋកិច្ច៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ