

ដើម្បីពង្រីកនៅហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថល និងសេវាស្វ័យប្រតិបត្តិការជូនអតិថិជន និងដើម្បីបំពេញនៅសេចក្តីត្រូវការដ៏ច្រើនលើសលប់ពីសំណាក់អតិថិជនដ៏ថ្លៃថ្លា ធនាគារ អេស៊ីលីដានឹងដាក់ឲ្យដំណើរការបន្ថែមម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨ គ្រឿងក្នុងឆ្នាំ ២០២២ នេះ និងបន្តបន្ថែមនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីឆ្លើយតបតាមតម្រូវការអតិថិជន។

បន្ទាប់ពីអេស៊ីលីដា បានដាក់ឲ្យដំណើរការ សេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self-Service) ជាច្រើនទីទាំងមក គេសង្កេតឃើញថា តម្រូវ និងការគាំទ្រការប្រើប្រាស់ពីសំណាក់អតិថិជនលើសេវានេះ កាន់តែមានច្រើនឡើងៗ។

បើតាមលោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ៖ « បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា កំពុងបំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដោយបង្កើតនូវភាពលេចធ្លោនិងទាន់សម័យសម្រាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់យើង ដែលរួមមាន ម៉ាស៊ីនដាក់ប្រាក់-ដកប្រាក់, ម៉ាស៊ីនដកប្រាក់, ម៉ាស៊ីនបើកគណនី, ម៉ាស៊ីនបើកគណនីមានកាលកំណត់ និងម៉ាស៊ីនដាក់កាបូបប្រាក់សម្រាប់ដៃគូដែលមានការចរាចរក្រដាសប្រាក់ច្រើនប្រភេទទៀត ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់អតិថិជនសម្រាប់ការប្រើប្រាស់សាច់ប្រាក់ទៅតាមតម្រូវការ បន្ថែមពីលើការប្រើប្រាស់តាម អេស៊ីលីដាម៉ូបាល ។»
លោកស្រីនាយិកាបានបន្ថែមថា ៖ «អត្ថប្រយោជន៍ គឺការធានាបាននូវសេចក្តីត្រូវការរបស់អតិថិជន ក្នុងការប្រើប្រាស់សាច់ប្រាក់ទៅតាមពេលវេលាដែលគាត់ត្រូវការ មិនថាពេលណា ឬកន្លែងណាទេ គឺងាកឃើញៗគ្រប់កន្លែង បើហួសមួយកន្លែង ដល់មួយកន្លែងទៀត ដោយមិនចាំបាច់ត្រឡប់ក្រោយឡើយ ។»
បើតាមនាយិកាប្រតិបត្តិជាន់ខ្ពស់ធនាគារអេស៊ីលីដា លោកស្រី សុខ សោភា បានបញ្ជាក់ថា សព្វថ្ងៃ អេស៊ីលីដាមានអ្នកកំពុងប្រើប្រាស់គណនីធនាគារជិត៣លានគណនី។ ក្នុងនោះ អ្នកកំពុងប្រើប្រាស់អេស៊ីលីដា មានជាង២លាននាក់ និងដៃគូទទួលប្រតិបត្តិការទូទាត់តាមអេស៊ីលីដាម៉ូបាលមានជាង ១០ម៉ឺនកន្លែងនៅទូទាំងប្រទេស និងទីតាំងអាចទូទាត់តាមម៉ាស៊ីនឆូតកាតបានមានជាងជិត ៥ពាន់កន្លែងផងដែរ៕