ឯកឧត្តម ឡាវ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ឲ្យដឹងថា ក្រោយពីពិនិត្យមើលឃើញពីសកម្មភាពពុះដីឡូត៍កាន់តែច្រើន និងនៅតាមគម្រោងដីឡូត៍ខ្លះកំពុងប្រកបអាជីវកម្មដោយគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនៅឡើយ ដែលទាមទារឲ្យធ្វើការរឹតបន្តឹងបន្ថែម ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងសម្រាប់ការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។
ឯកឧត្តមបញ្ជាក់ថា «យើងមិនមានតួលេខជាក់លាក់ចំពោះគម្រោងពុះដីឡូត៍លក់គ្មានការអនុញ្ញាតទេ តែបើតាមការសង្កេតផ្ទាល់ យើងមើលឃើញថា អាជីវកម្មពុះដីឡូត៍លក់បច្ចុប្បន្ននេះ ស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឲ្យព្រួយបារម្ភ និងមានបញ្ហាប្រឈមច្រើន ជាពិសេស ទាក់ទងនឹងការពង្រីកផ្លូវ ប្រព័ន្ធលូ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀត។
ឯកឧត្តម ឡាវ ទិព្វសីហា បានរំឭកផងដែរថា កន្លងមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានបង្កើតច្បាប់និងបទប្បញ្ញត្តិជាច្រើន ពាក់ព័ន្ធនឹងវិស័យសំណង់នេះ ប៉ុន្តែ ថ្មីៗនេះ ដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែមទៀតទៅលើបទដ្ឋានគតិយុត្តិដែលមានស្រាប់ ក៏ដូចជាទប់ស្កាត់ការពុះដីឡូត៍ និងពង្រឹងផ្នែកគុណភាព សុវត្ថិភាពនៅក្នុងវិស័យសំណង់ ក្រសួងរៀបចំដែនដី ប្រកាសថា នឹងចាត់វិធានការតឹងរ៉ឹងឡើងវិញចំពោះអាជីវកម្មពុះដីឡូត៍លក់ទាំងឡាយណា ដែលគ្មានលិខិតអនុញ្ញាតឲ្យគោរពទៅតាមច្បាប់សំណង់ ដើម្បីធានាការអភិវឌ្ឍវិស័យសំណង់ប្រកបដោយនិរន្តរភាព។
សូមជម្រាបថា សកម្មភាពពុះដីឡូត៍លក់កាន់តែកក្រើកខ្លាំងនៅរាជធានីភ្នំពេញ ដែលឥទ្ធិពលនៃកំណើននេះបានសាយភាយជាបន្តបន្ទាប់ទៅដល់តំបន់ជាយៗក្រុង ខណៈដែលតម្រូវការកំពុងតែកើនឡើងខ្លាំង។
អ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានចាត់ទុកគម្រោងពុះដីឡូត៍ ផ្តល់ប្រយោជន៍ដល់អ្នកដែលមានចំណូលទាប ដែលត្រូវការដីសាងសង់លំនៅដ្ឋានស្នាក់នៅ ប៉ុន្តែ វាក៏បាននិងកំពុងគំរាមកំហែងដល់ដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញដែរ។
ជាមួយគ្នានេះដែរ លោក សុត វីរៈ ប្រធានផ្នែកយុទ្ធសាស្រ្តនៃក្រុមអចលនទ្រព្យ ស៊ីភីអិល បានឲ្យដឹងថា ការសម្រេចទិញលំនៅដ្ឋាន ឬដីធ្លីសម្រាប់សាងសង់លំនៅដ្ឋាន ជាចាំបាច់ ត្រូវមើលពីស្ថានភាពរស់នៅនៃពលរដ្ឋ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ គោរពតាមប្លង់មេនៃផែនការអភិវឌ្ឍន៍ក្រុងរបស់រាជរដ្ឋាភិបាលបានល្អ នោះតម្លៃអលនទ្រព្យអាចនឹងកើនឡើងបន្ទាប់ពីទិញរួច។
ជាការចូលរួមចំណែកក្នុងការពង្រឹងការអនុវត្តផែនការកំណត់ចំណីផ្លូវនៅតាមតំបន់គម្រោងពុះដីឡូត៍លក់នេះដែរ លោក វីរៈ ក៏បានស្នើទៅដល់រដ្ឋាភិបាលមេត្តាពិនិត្យទៅលើគម្រោងប្លង់មេនូវរាល់គម្រោងពុះដីឡូត៍ជាមុន មុននឹងអនុញ្ញាតឲ្យមានការពុះដីឡូត៍ចេញលក់ជាសាធារណៈ។
យោងតាមសេចក្តីប្រកាសរបស់សាលាខណ្ឌ រាល់គម្រោងនៃការពុះដីឡូត៍ ម្ចាស់គម្រោងត្រូវរក្សាចំណីផ្លូវ យ៉ាងតិចទទឹងផ្លូវឲ្យបាន៨ម៉ែត្រ។ ការកំណត់ទំហំផ្លូវនេះគឺដើម្បីបញ្ជៀសការកកស្ទះចរាចរ និងដើម្បីបង្ការផលប៉ះពាល់ផ្សេងៗនៃការអភិវឌ្ឍន៍ក្រុងនៅពេលក្រោយ។
គួរបញ្ជាក់ថា កាលពី២-៣ឆ្នាំមុន សកម្មភាពពុះដីឡូត៍ឃើញមានតែនៅតំបន់ភ្នំពេញថ្មី ចោមចៅ ចម្ការដូង និងទួលសង្កែ ប៉ុន្តែ ឥឡូវ សកម្មភាពនេះបានបន្តរីករាលដាលខ្លាំងឡើងៗទៅដល់តំបន់បឹងជើងឯក តំបន់ទំនប់កប់ស្រូវ និងតាមបណ្តោយផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ គឺកំពុងតែធ្វើការផ្សព្វផ្សាយយ៉ាងខ្លាំង និងក៏មានតម្រូវការទិញច្រើនទៀតផង៕