វិស័យសេដ្ឋកិច្ច

ធនាគារ ADB ប៉ាន់ប្រមាណថា ពន្ធគយ ១៩% របស់អាម៉េរិក បង្កផលប៉ះពាល់តិចតួច លើសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ


ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានកត់សម្គាល់ឃើញថា ការដាក់ពន្ធគយ ១៩% របស់អាម៉េរិក លើទំនិញនាំចូលពីកម្ពុជា នឹងបង្កផលប៉ះពាល់តិចតួចប៉ុណ្ណោះ មកលើប្រទេសកម្ពុជា នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ប៉ុន្ដែ ADB ក៏បានព្រមាន អំពីភាពមិនច្បាស់លាស់ និងផុយស្រួយ ដែលអាចធ្វើឱ្យអត្រាពន្ធគយកើនខ្ពស់ ពោលគឺអាចពន្យឺតសេដ្ឋកិច្ចកម្ពុជាជិត ១% និងធ្វើឱ្យអត្រាភាពក្រីក្រកើនខ្ពស់ជាងមុនផងដែរ។
វិស័យសេដ្ឋកិច្ច
ដោយ

យោងតាមឯកសារស្រាវជ្រាវ ដែលមានចំណងជើង «ផលប៉ះពាល់សេដ្ឋកិច្ចនៃពន្ធគយរបស់​សហរដ្ឋអាមេរិកមកលើប្រទេសកម្ពុជា» របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចេញផ្សាយនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានបង្ហាញថា ពន្ធគយ ១៩% ជាក់ស្តែងនាពេលបច្ចុប្បន្ន ដែលសម្រេច​បានពីការចរចាទ្វេភាគី ក្នុងខែសីហា ឆ្នាំ២០២៥ នេះ នឹងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះ លើប្រទេស​​កម្ពុជា នៅឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់។

ប៉ុន្ដែ ធនាគារ ADB ក៏បានគូសរំលេចអំពី ស្ថានភាពនៅតែមិនច្បាស់លាស់ និងផុយស្រួយ ដែលអាចនឹងធ្វើឱ្យអត្រាពន្ធគយកើនខ្ពស់ផងដែរ។ ក្នុងករណីអត្រាពន្ធគយកើនខ្ពស់ ADB ព្យាករថា វានឹងអាចពន្យឺត​កំណើនសេដ្ឋកិច្ចកម្ពុជាជិត ១% ធ្វើឱ្យពលរដ្ឋប្រមាណ ១០ម៉ឺននាក់ អត់ការងារធ្វើ និងបង្កើនអត្រាភាពក្រីក្រលើពី ១% ដែលអាច ទាញថយក្រោយនូវការវិវត្តថ្មីៗរបស់​កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ។ ក្នុងនោះ ផលប៉ះពាល់នឹងធ្ងន់ធ្ងរ ជាពិសេសសម្រាប់​កម្មករ​ក្នុងវិស័យកាត់ដេរ និងអេឡិចត្រូនិច ដែលអាចនាំដល់ការផ្លាស់ប្តូរទៅវិស័យ​ដែលមានប្រាក់​ចំណូលទាប​ជាងមុនដូចជា វិស័យកសិកម្ម និងសេវាកម្មទូទៅ។

សេដ្ឋវិទូរបស់ ADB ប្រចាំប្រទេសកម្ពុជា លោកបណ្ឌិត Milan Thomas ដែលជាអ្នកដឹកនាំ​ចងក្រងឯកសារស្រាវជ្រាវនេះមានប្រសាសន៍ថា «មន្ត្រីជំនាញរបស់រាជរដ្ឋាភិបាល និង វិស័យ​ឧស្សាហកម្មកំពុងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ក្នុងរយៈពេលជាច្រើនខែ។ ការវិភាគរបស់ពួកគាត់បង្ហាញថា ពន្ធគយខ្ពស់ដែលបានដាក់កាលពីដើមឆ្នាំអាចជាបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់ ប៉ុន្តែអត្រាពន្ធ ១៩% ក្នុងពេលបច្ចុប្បន្នគឺមិនអីទេ។»

ឯកសារស្រាវជ្រាវនេះផ្តល់ជាអនុសាសន៍ថា បើមានស្ថានភាពនៃការដំឡើងពន្ធគយ វិធានការសង្គ្រោះ បណ្តោះអាសន្ន រួមមានជំនួយសង្គម សេវាកម្មការងារ និងកម្មវិធីបណ្តុះបណ្តាល អាចត្រូវបានពង្រឹង​ដើ​ម្បី​សម្រួលការប្រែប្រួលទីផ្សារការងារ និងការពារពលរដ្ឋដែលងាយរងគ្រោះ។ ក្នុងរយៈពេល​វែងជាងនេះ ការ វិនិយោគដែលកំពុងបន្ត លើសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ មូលធនមនុស្ស និងកំណែទម្រង់អាជីវកម្ម នឹងកសាងភាពធន់របស់​កម្ពុជាសម្រាប់វិបត្តិនាពេលអនាគត។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីចុងខែកញ្ញា បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ពី៦,១% មកនៅត្រឹម៤,៩% សម្រាប់ឆ្នាំ២០២៥ និងពី ៦,២% មកនៅត្រឹម៥% សម្រាប់ឆ្នាំ២០២៦ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេស​ថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាម៉េរិក។ អតិផរណារបស់កម្ពុជា ត្រូវបានរំពឹងថា នឹងមានជាមធ្យមប្រមាណ ២% ទាំងនៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។




អត្ថបទបន្ទាប់


កម្ពុជា មានឱនភាពពាណិជ្ជកម្មជាមួយចិន រហូតដល់ជាង១៣ពាន់លានដុល្លារនៅ១០ខែឆ្នាំនេះ

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយចិន នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៥ សម្រេចបានទំហំរហូតដល់ជិត១៦ពាន់លានដុល្លារអាម៉េរិក មានការកើនឡើងជាង…

តើមានកត្តាអ្វីទាញទម្លាក់តម្លៃលុយប៉េសូរបស់ហ្វីលីពីន ឱ្យដាំក្បាលចុះដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ?

លុយប៉េសូរបស់ហ្វីលីពីន បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ដោយ៥៩,២៩ប៉េសូ អាចប្ដូរបានមួយដុល្លារអាម៉េរិកតែប៉ុណ្ណោះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ