លោក អាមេត អែម សាអៀត អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំតំបន់អាស៊ីបានថ្លែងនៅក្នុងសន្នីសីទកាសែតនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមហាអនុតំបន់មេគង្គលើកទី២៣ ថា បើទោះបីមិនទាន់មានកិច្ចព្រមព្រៀងសម្រាប់គម្រោងទាំងអស់នោះក៏ដោយ តែធនាគារអភិវឌ្ឍន៍អាស៊ី សន្យាថា នឹងផ្តល់ទឹកប្រាក់ចំនួន ៦ពាន់លានដុល្លារសម្រាប់វិស័យដឹកជញ្ជូន ការអភិវឌ្ឍនទីក្រុង និង វិស័យទេសចរណ៍។ ក្នុងនោះ សម្រាប់កម្ពុជា នឹងមានគម្រោងចំនួន ១១ទៀត ដែលមានទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារអាមេរិកផងដែរ។
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា កញ្ចប់ថវិកាវិនិយោគនេះ ជាវិធានការប្រទេសមាជិកមហានុតំបន់មេគង្គកន្លងមក បានឯកភាពគ្នាដើម្បីកសាងអភិវឌ្ឍវិស័យតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និង ទន់ ដូចជាកសាង និង កែលម្អផ្លូវថ្នល់ ផ្លូវដែក កសាងខ្សែបណ្តាញអគ្គីសនីជាដើម។
សូមជម្រាបថា កម្មវិធីមហានុតំបន់មេគង្គនេះ គ្របដណ្តប់លើវិស័យអទិភាពដូចជា កសិកម្ម ថាមពល បរិស្ថាន សុខភាព ការអភិវឌ្ឍ ធនធានមនុស្ស បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ទេសចរណ៍ ការដឹកជញ្ជូន កិច្ចសម្រួលការដឹកជញ្ជូននិងពាណិជ្ជកម្ម ការអភិវឌ្ឍទីក្រុង និងតំបន់សេដ្ឋកិច្ចពិសេស។
តាមការបញ្ជាក់របស់ធនាគារអភិវឌ្ឍន៍អាស៊ី គិតរហូតមកដល់ពេលនេះ កម្មវិធីមហានុតំបន់ មេគង្គនេះ បានវិនិយោគអស់ទឹកប្រាក់ជិត ២៣ ពាន់លានដុល្លារ ដែលក្នុងនោះ ៤២ភាគរយ បានមកពីធនាគារអភិវឌ្ឍន៍អាស៊ី និង២៦ភាគរយទៀត បានមកពីរដ្ឋាភិបាលប្រទេសមហានុតំបន់មេគង្គ និងផ្សេងៗទៀតបានមកពីកិច្ចសហប្រតិបត្តិការប្រទេសសមាជិកទ្វេភាគី និងពហុភាគី ដោយបានវិនិយោគលើគម្រោងនានា ដែលបានគ្របដណ្តប់ទៅលើអនុតំបន់ទាំងមូល និងបណ្តាញដឹកជញ្ជូន ថាមពលឆ្លងកាត់ព្រំដែន ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការការពារជំងឺឆ្លង៕