សក្តានុពលកំណើនសេដ្ឋកិច្ច

ADB ព្រមានថា ការប្រែប្រួលអាកាសធាតុ នឹងអាចរំខានដល់សក្តានុពលកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា


ប្រទេសកម្ពុជា ប្រឈមនឹងភាពងាយរងគ្រោះខ្ពស់ នៃការប្រែប្រួលអាកាសធាតុដោយសារទីតាំងភូមិសាស្ត្រ អភិបាលកិច្ចខ្សោយ និងការពឹងផ្អែកខ្លាំងទៅលើសកម្មភាព ដែលងាយបង្កផលប៉ះពាល់ចំពោះបរិស្ថាន។ តួយ៉ាង តាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញថា ការប្រែប្រួលអាកាសធាតុ អាចមានផលរំខានគួរឱ្យកត់សម្គាល់ដល់សក្តានុពលកំណើនសេដ្ឋកិច្ច រយៈពេលវែងរបស់កម្ពុជា ខណៈកម្ពុជាមានមហិច្ឆតាក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។
ការប្រែប្រួលអាកាសធាតុ នឹងរំខានដល់សក្តានុពលកំណើនសេដ្ឋកិច្ចរយៈពេលវែងកម្ពុជា
ដោយ

របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ខែមេសា ឆ្នាំ២០២៣ បានង្ហាញថា ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យ ផសស របស់កម្ពុជានៅទ្រឹងត្រឹមកម្រិតប្រមាណ ១០% នៅត្រឹមឆ្នាំ២០៥០ផងដែរ ដោយភាគច្រើនដោយសារការបាត់បង់ផលិតភាពកម្លាំងពលកម្ម ដោយសារអាកាសធាតុអាក្រក់ខ្លាំង និងការឡើងកម្ដៅ។ របាយការណ៍ដដែលបន្ថែមថា ភាពញឹកញាប់ និងភាពធ្ងន់ធ្ងរកាន់តែអាក្រក់នៃគ្រោះទឹកជំនន់ និងរាំងស្ងួតត្រូវរំពឹងថា នឹងវាយប្រហារទៅលើវិស័យកសិកម្ម ហើយការឡើងកម្ពស់ទឹកសមុទ្រ និងការជ្រៀតចូលនៃជាតិអំបិលនឹ​ងមានផលប៉ះពាល់ចំពោះការនេសាទទឹកសាបរបស់កម្ពុជា និងធ្វើឱ្យខូចដីកសិកម្ម។ រីឯ វិស័យទេសចរណ៍ក៏ងាយរងគ្រោះ ចំពោះការប្រែប្រួលអាកាសធាតុ ដែលអាចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងតម្រូវការនៃវិស័យទេសចរណ៍ផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាការប្រែប្រួលអាកាសធាតុនេះដែរ ឯកឧត្តម មាស​​​ សុខសេនសាន្ត អ្នកនាំពាក្យនៃក្រសួងសេដ្ឋកិច្ចកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ការប្រែប្រួលអាកាសធាតុ ត្រូវបានរាជរដ្ឋាភិបាលគិតបញ្ចូលទាំងការវិភាជ និងការគិតគូជាបញ្ហាប្រឈមតាំងពីឆ្នាំ២០២២មក។ ដោយឯកឧត្តម បន្ថែមថាក្រសួងនឹងគិតគូដាក់បញ្ចូលក្នុងជ្រុងកែទម្រង់ សម្រាប់ការប្រែប្រួលអាកាសធាតុ​មកលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសថវិកាបៃតងសម្រាប់រយៈពេល​មធ្យម។

ទោះយ៉ាងណា របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថា កម្ពុជាត្រូវតែពិចារណាលើការប្រែប្រួលអាកាសធាតុ ពេលដែលព្យាយាមជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ បើទោះបីជាកម្ពុជាមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទាប តែការបញ្ចេញឧស្ម័ននេះនៅ​កម្ពុជាកំពុងកើនឡើង ដោយសារការកាប់ព្រៃឈើ ការពង្រីកការបង្កបង្កើនផលស្រូវ និងកំណើនតម្រូវការថាមពលពីវិស័យឧស្សាហកម្ម។ ធនាគារអភិវឌ្ឍន៍អាស៊ី គូសបញ្ជាក់ថា ការកាត់បន្ថយបរិមាណកាបូននឹងធ្វើឱ្យកម្ពុជា មានឱកាសសម្រាប់កំណើនសេដ្ឋកិច្ចថ្មីៗ ដោយសារកំណើនតម្រូវការជាសកលចំពោះផលិតផល និងសេវាកម្មដែលមាននិរន្តរភាពខាងបរិស្ថាន ការធ្វើអន្តរកាលទៅជាសេដ្ឋកិច្ចដែលគ្មានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នឹងបង្កើតការងារដែលមានគុណភាពកាន់តែខ្ពស់ និងផ្តល់លទ្ធភាពកាន់តែប្រសើរដល់កម្ពុជាក្នុងការទទួលបានអ្នកវិនិយោគសកល ដែលមានចំណាប់អារម្មណ៍កាន់តែច្រើនចំពោះការវិនិយោគបៃតង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលក៏មាន​ការប្តេជ្ញាចិត្ត ស្វះស្វែងរកកំណើនសេដ្ឋកិច្ចបៃតង តាមរយៈផែនការយុទ្ធសាស្ត្រជាតិ​ស្តីពី កំណើនសេដ្ឋកិច្ចបៃតង ឆ្នាំ២០១៣-២០៣០ និង យុទ្ធសាស្ត្ររយៈពេលវែង សម្រាប់អព្យាក្រិតភាព​កាបូន​នៅត្រឹមឆ្នាំ២០៥០ផងដែរ៕




អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំខេត្តព្រះសីហនុរំពឹងវិធានការជាកញ្ចប់របស់រដ្ឋាភិបាល នឹងជួយជំរុញការដោះសា្រយបញ្ហាអគារជាប់គាំងជាង១,៦ពាន់អគារ

រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញវិធានការជាកញ្ចប់ ដើម្បីបង្កើនជំនឿទុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី មធ្យម និងវែងសម្រាប់ដោះស្…

CSX នឹងទទួលបានក្រុមហ៊ុនតម្លៃលើស១ពាន់លានដុល្លារទី២ ចូលមកគោះជួងបោះផ្សាយលក់ភាគហ៊ុនឆាប់ៗនេះ

ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាអះអាងថា បច្ចុប្បន្ន មានក្រុមហ៊ុនតម្លៃជាង ១ពាន់លានដុល្លារចំនួន២ហើយ ដែលបានបានចូលមក និងត្រៀមខ្លួនចូលមកចុះបញ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ