នាពិធិបើកសន្និសីទថ្នាក់ជាតិស្តីពី«ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ, ការកសាងភាពជាដៃគូសម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ»នៅព្រឹកថ្ងៃទី២៧ តុលា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជំរុញឲ្យអ្នកសារព័ត៌មានខិតខំបង្កើនការអភិវឌ្ឍសមត្ថភាពលើជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាវិស័យស្នូលដ៏សំខាន់សម្រាប់ការរួមចំណែកជួយអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ ការជំរុញនេះធ្វើឡើងក្រោយ ឯកឧត្តម សង្កេតឃើញមានអ្នកសារព័ត៌មាននៅកម្ពុជាមួយចំនួនហាក់នៅខ្វះការយល់ដឹងក្នុងការរាយការណ៍ ឬសរសេរព័ត៌មានពាក់ព័ន្ធវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ស្នើឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាចូលរួមជួយអភិវឌ្ឍអក្ខរកម្មហិរញ្ញវត្ថុ និងធនាគារដល់អ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីលើកស្ទួយការផ្សព្វផ្សាយពីវិស័យនេះផងដែរ។
បន្ថែមលើនេះឯកឧត្តម ខៀវ កាញារីទ្ធ បន្តស្នើឲ្យអង្គភាពសារព័ត៌មាន អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធចូលរួមលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដើម្បីជួយលើកកម្ពស់ការយល់ដឹង និងអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ម្យ៉ាងដើម្បីបង្កើតជាបំណិនសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងយុគសម័យដែលពោរពេញដោយជំនន់ព័ត៌មានទាំងព័ត៌មានពិត និងព័ត៌មានមិនពិត។ បន្ថែមលើនេះឯកឧត្តម ក្រើនរំលឹកឲ្យអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈព័ត៌មាន កុំរំលោភសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត ដែលនាំឲ្យកើតមានការស្អប់ខ្ពើម គុំគួន រើសអើង បង្កជាជម្លោះ និងអស្ថិរភាពសង្គមជាដើម។
រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះកត់សម្គាល់ឃើញថា ការវិវត្តឥតឈប់ឈរនៃប្រព័ន្ធបច្ចេកវិទ្យាទូទាំងពិភពលោកបានជំរុញឲ្យវិស័យព័ត៌មាន និងប្រព័ន្ធផ្សាយនៅកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែការរីកចម្រើននៃបច្ចេកវិទ្យា ក៏កំពុងធ្វើឲ្យប្រជាពលរដ្ឋប្រឈមនឹងបញ្ហានៃការទទួលបានព័ត៌មានមិនពិត និងដំណឹងក្លាយក្លែង ជាពិសេសពេលមានជំងឺឆ្លងរាតត្បាត ការបោះឆ្នោត បាតុកម្ម និងព្រឹត្តិការណ៍ធំៗជាច្រើនទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីការរៀបចំកម្មវិធីជួបជុំឡើងវិញរវាងនាយករដ្ឋមន្ត្រីជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ក្រោយខកខានរៀបចំពីរឆ្នាំកន្លងមកដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ផងដែរ៕