តាមពិតទៅ កិច្ចព្រមព្រៀងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជននេះ ក្រសួងពាណិជ្ជកម្ម បានចូលរួមនៅក្នុងទំហំទឹកប្រាក់១,២លានដុល្លារអាមេរិក ខណៈUNDP ០,៣លានដុល្លារអាមេរិក និងក្រុមហ៊ុនចិន Green Leader ០,៥ លានដុល្លារអាមេរិក។
គម្រោងដែលមានទឹកប្រាក់សរុប២លានដុល្លារអាមេរិកនេះ មានគោលបំណងសំខាន់៣ គឺបង្កើនផលិតភាពកសិករខ្នាតតូចតាមរយៈការផ្ទេរសមត្ថភាព និងបច្ចេកវិទ្យា បង្កើនសង្វាក់ផ្គត់ផ្គង់ដំឡូងមីដែលមានទំនុកចិត្តតាមរយៈការតភ្ជាប់បណ្តាញទីផ្សារ ពង្រឹងការទទួលបានព័ត៌មានទីផ្សារសម្រាប់កសិករ។
បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្នុងការកសាងយុទ្ធសាស្រ្តភាពជាដៃគូ ដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃម្សៅមីនៅក្នុងស្រុកនៅតំបន់ភាគខាងកើតនៃប្រទេសកម្ពុជា។ ការចាប់ផ្តើមនៃគម្រោងនេះ មានបំណងបង្កើតតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចនៅជនបទដោយការកែច្នៃមើមដំឡូងមីស្រស់ចំនួន៤០ម៉ឺនតោនទៅជាម្សៅមី១០ម៉ឺនតោន ដើម្បីផ្គត់ផ្គង់ទីផ្សារសាកលលោក។
គម្រោងនេះ នឹងចាប់ផ្តើមអនុវត្តន៍រយៈពេល៣ឆ្នាំ៥ខែ ដោយចាប់ផ្តើមនៅខែសីហាឆ្នាំ២០១៨តទៅ។ តាមពិតទៅ កិច្ចព្រមព្រៀងមូលនិធិរួមគ្នា ដែលមានឈ្មោះថា៖ Accelerating Inclusive Cassava Market Development» នៅថ្ងៃនេះ គឺជាការប្តេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវគោលនយោបាយអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា។
ក្រុមហ៊ុន Green Leader Holding Group កំពុងមានផែនការក្នុងការសាងអ្នកកែច្នៃនៅក្នុងប្រទេសកម្ពុជា ដោយមានគោលដៅនាំចេញម្សៅមីចំនួន១លានតោនក្នុងរយៈពេល៥ឆ្នាំ ដែលគម្រោងនេះ ត្រូវបានចុះអនុស្សរណៈយោគយល់គ្នាជាមួយ UNDP កាលពីខែមេសា ឆ្នាំ២០១៨។ MoU នេះ មានគោលដៅកសាងស្ថិរភាពខ្សែចង្វាក់ផ្គត់ផ្គង់ដែលអាចទុកចិត្តបាន ហើយទំហំនៃដំឡូងមីឆៅ(ដំឡូងមីស្រស់) និងគុណភាពត្រូវបានគ្រប់គ្រង និងប្រើប្រព័ន្ធទទួលបានទៅវិញទៅមក(ដំណាំតាមកិច្ចសន្យា) រវាងក្រុមហ៊ុន នឹងកសិករ។ ដំឡូងមី គឺជាដំណាំសក្តានុពលមួយរបស់កម្ពុជា ដោយសារ វាមានផលិតភាពខ្ពស់ ងាយស្រួលដាំទោះដីមិនសូវមានជីជាតិក៏ដោយ និងប្រើប្រាស់កម្លាំងពលកម្មតិច ព្រមទាំងអាចផលិតជាចំណីអាហារមនុស្ស និងចំណីសត្វជាដើម៕