 
      ថ្លែងក្នុងនៅក្នុងពិធីសារ ស្ដីពីការនាំចេញចេកទៅកាន់ទីផ្សារចិន នាពេលថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា បន្ទាប់ពីមានការចុះពិធីសារជាមួយភាគីចិន ក្នុងការនាំចេញផ្លែចេកអំបូងលឿងទៅកាន់ទីផ្សារចិន កាលពីសីហា ឆ្នាំ២០១៨រួចមក គេសង្កេតឃើញថា ការនាំចេញចេករបស់កម្ពុជាបានកើនឡើងជាបន្ដបន្ទាប់ ពីប្រមាណ ១ម៉ឺនតោននៅឆ្នាំ២០១៨ កើនដល់ ១៦ម៉ឺនតោន នៅឆ្នាំ២០១៩។ យ៉ាងណាមិញ នៅរយៈពេល ប្រមាណ ៥ខែនៃឆ្នាំ២០២០នេះ ការនាំចេញចេកទៅកាន់ទីផ្សារក្រៅប្រទេស សម្រេចបានរហូតដល់ទៅជាង ១២ម៉ឺន ៥ពាន់តោន ក្នុងនោះ ការនាំចេញចេកទៅចិនមានប្រមាណ ៦ម៉ឺនតោន។ ឯកឧត្តម រដ្ឋមន្ត្រីគូសបញ្ជាក់ថា នៅប៉ុន្មានខែដើមឆ្នាំ២០២០នេះ ចំណូលពីការនាំចេញចេកនេះ អាចមានប្រមាណ ៦០លានដុល្លារអាមេរិក។
សូមបញ្ជាក់ដែរថា ទីផ្សារនាំចេញចេកសំខាន់ៗរបស់កម្ពុជារួមមាន ប្រទេសចិន វៀតណាម និងជប៉ុនជាដើម។ ក្រៅពីដំណាំចេកនេះ ថ្មីៗនេះដែរ កម្ពុជាក៏ទើបតែចុះហត្ថលេខាលើពិធីសារនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិនផងដែរ ដោយផ្លែស្វាយនេះ នឹងក្លាយជាផលិតផលផ្លែឈើស្រស់ទី២របស់កម្ពុជាសម្រាប់នាំចេញទៅកាន់ប្រទេសចិន បន្ទាប់ពីផ្លែចេកអំបូងលឿង។
ទីផ្សារចិនបច្ចុប្បន្ននេះ បានស្រូបយកផលិតផលកសិកម្មរបស់កម្ពុជាជាច្រើនមុខ រួមមាន អង្ករ ចំណិតដំឡូងមី ស្វាយចន្ទី និងចេក រួមទាំងផ្លែស្វាយ ដែលគ្រោងនឹងនាំចេញនៅពេលខាងមុខនេះ។ បើតាមឯកឧត្តម វេង សាខុន បន្ទាប់ពីផលិតផលទាំងនេះ ខាងភាគីទាំងពីរ គឺកម្ពុជា-ចិន ក៏បាននិងកំពុងពិភាក្សាអំពីនីតិវិធីនិងលក្ខខណ្ឌតម្រូវ ហើយនិងបច្ចេកទេសមួយចំនួនដើម្បីឈានទៅធ្វើការអនុម័តលើឯកសារសំណើនាំចេញផលិតផលកសិកម្មកម្ពុជាជាច្រើនមុខទៀតរួមមាន ម្រេច មានប៉ៃលិន ក្រូចថ្លុង ទុរេន និងទឹកមាត់ត្រចៀកកាំជដើម។ ក្រសួងកសិកម្ម សង្ឃឹមថាកិច្ចការនេះនឹងអាចចាប់ផ្តើមធ្វើការនាំចេញនាពេលឆាប់ៗខាងមុខនេះ៕
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              