ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានគូស បញ្ជាក់ទៀតថា យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថា ជាលទ្ធផលនៃការនាំចេញផលិតផលកសិកម្មសំខាន់ៗមួយចំនួនទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ គឺទទួលបានកំណើនល្អប្រសើរនៅឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩។ ដោយក្នុងនោះ កសិផលដែលមានការនាំចេញបានច្រើនជាងគេគឺ ផ្លែចេកស្រស់ដែមានបរិមាណនាំចេញ ជាង ៣៣ម៉ឺនតោន កើនឡើងជាង ១០០% បន្ទាប់មក គឺគ្រាប់ស្វាយចន្ទីមានការនាំចេញដល់ទៅជិត ២២ម៉ឺនតោន កើនជាង ៨% ខណៈដែលគ្រាប់ពោតនាំចេញបានជាង ១៩ម៉ឺនតោន កើនជាង៦២%។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅឆ្នាំ២០២០ កម្ពុជាមានការនាំចេញក្រូចឆ្មា ដល់ទៅជាង ២ពាន់៣រយតោន ខណៈដែលកាលពីឆ្នាំ២០១៩មិនមានការនាំចេញទេ។ រីឯ ក្រូចថ្លុងក៏ដូចគ្នាដែរ គឺនៅឆ្នាំ២០១៩ ពុំមានការនាំចេញឡើយ ប៉ុន្ដែ នៅឆ្នាំ២០២០ មានការនាំចេញដល់ទៅជាង ១ម៉ឺន ៧ពាន់តោនឯណោះ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២០ ក្រៅតែពីស្រូវ និងអង្ករ ដែលមានការនាំចេញក្នុងទំហំទឹកប្រាក់ជិត ១ពាន់ ៣រយលានដុល្លារ កម្ពុជាក៏មានការនាំចេញដំឡូងមីក្នុងទំហំទឹកប្រាក់ជាង ១ពាន់ ១រយលានដុល្លារផងដែរ ខណៈដែលការនាំចេញស្វាយចន្ទីវិញមានជិត ៥០០លានដុល្លារ ហើយបើគិតសរុបជារួមទៅ ឃើញថា តម្លៃផលិតផលដំណាំនាំចេញរបស់កម្ពុជា គឺមានក្នុងរង្វង់ប្រមាណ ៤ពាន់ ៥រយលានដុល្លារអាមេរិក។ នេះបើតាមតួលេខពីក្រសួងកសិកម្ម៕