លោក ង៉ូយ៉េន ម៉ាញ់ ហ៊ូង (Nguyen Manh Hung) រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វៀតណាម បានអះអាងថា សេចក្តីព្រាងច្បាប់គ្រប់គ្រងការបង្កើតមាតិកា AI ត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍នៃការគ្រប់គ្រងហានិភ័យ ការជំរុញការអភិវឌ្ឍ និងពង្រឹងការច្នៃប្រឌិតនៃ AI ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន។ សេចក្តីព្រាងច្បាប់នេះ នឹងបង្កើតនូវយន្តការគ្រប់គ្រង ដែលផ្អែកលើហានិភ័យ ដើម្បីធានាថា ការអភិវឌ្ឍ ការអនុវត្ត និងការប្រើប្រាស់ AI មានសុវត្ថិភាព មានតម្លាភាព អាចគ្រប់គ្រងបាន និងមានការទទួលខុសត្រូវ។
នៅក្រោមសេចក្តីព្រាងច្បាប់នេះ បញ្ជីមាតិកាហាមឃាត់ រួមទាំងប្រព័ន្ធបម្រើឱ្យសកម្មភាពខុសច្បាប់ ប្រព័ន្ធដែលប្រើសម្រាប់ក្លែងបន្លំ ដើម្បីបោកបញ្ឆោត ឬរៀបចំបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ប្រព័ន្ធដែលកេងប្រវ័ញ្ចបង្កឲ្យមានហានិភ័យដល់កុមារ និងមនុស្សចាស់ និងប្រព័ន្ធបង្កើតខ្លឹមសារប្រឌិត ដែលគំរាមកំហែងដល់សន្តិសុខជាតិ ក៏ត្រូវបានគ្រប់គ្រងផងដែរ។
យោងតាមសេចក្តីព្រាងច្បាប់ខាងលើ អង្គការ ឬបុគ្គលដែលរំលោភលើបទប្បញ្ញត្តិ នឹងប្រឈមមុខនឹងវិធានការវិន័យ ការដាក់ទណ្ឌកម្មរដ្ឋបាល ឬការចោទប្រកាន់ព្រហ្មទណ្ឌ ហើយប្រសិនបើមាតិកានោះវាបង្កការខូចខាតដល់ផលប្រយោជន៍សេដ្ឋកិច្ច គឺអ្នកល្មើសត្រូវតែផ្តល់សំណងស្របតាមច្បាប់។ ចំពោះការរំលោភបំពានធ្ងន់ធ្ងរ ការពិន័យអតិបរមាអាចឡើងដល់២% នៃប្រាក់ចំណូលរបស់ស្ថាប័ន ឬបុគ្គល ហើយក្នុងករណីមានការរំលោភបំពានម្តងហើយម្តងទៀត ការពិន័យអតិបរមា អាចឡើងដល់ជិត៧ម៉ឺន៦ពាន់ដុល្លារ៕
ដោយៈ សរ សុជាតិ