
លោក ខនន័រ ប៊ូអត អ្នកវិភាគជាន់ខ្ពស់ទីផ្សារផលិតផលកិច្ចការអតិថិជន របស់ក្រុមហ៊ុនផលិតយន្ដហោះ Airbus បានលើកឡើងនាពេលថ្មីៗនេះថា ក្រុមហ៊ុនលោកបានចាប់អារម្មណ៍ចំពោះទីផ្សារលក់យន្ដហោះប្រភេទថ្មី Airbus A220 នៅកម្ពុជា គឺដោយសារតែ មើលឃើញពីឱកាសទីផ្សារ នៃវិស័យអាកាសចរណ៍កម្ពុជា កំពុងមានភាពរីកចម្រើនគួរឲ្យចាប់អារម្មណ៍ ហើយអ្វីដែលពិសេសនោះ គឺកម្ពុជានៅមានតម្រូវការយន្ដហោះ ប្រភេទAirbus ខ្នាតតូច សម្រាប់ការហោះហើរ ទៅកាន់ទិសដៅផ្សេងៗទាំងទិសដៅជិត និងឆ្ងាយ។

លោក ខនន័រ បានគូសបញ្ជាក់ទៀតថា តាមទិន្នន័យដែលលោកទទួលបាន
នៅកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ក្នងស្រុកជាច្រើន បានប្រើប្រាស់យន្ដហោះរបស់ក្រុមហ៊ុន
Airbus ប្រភេទ A320
ចំនួន២៧ គ្រឿងរួចហើយ ហើយលោកមានក្ដីរំពឹងខ្ពស់ចំពោះ ការលក់យន្ដហោះ Airbus A220 ដែលជាស៊េរីថ្មី របស់ក្រុមហ៊ុននៅក្នុងទីផ្សារកម្ពុជា។ ក្រុមហ៊ុន Airbus បានព្យាករណ៍ថា
នឹងមានការរីកចម្រើនខ្ពស់នៅក្នុងទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងប្រទេសកម្ពុជា
ខណៈដែលការដឹកជញ្ជូនអ្នកដំណើរក៏ត្រូវបានរំពឹងថា មានអត្រាកំណើនច្រើនជាង៧% ក្នុងមួយឆ្នាំសម្រាប់រយៈពេល
២០ ឆ្នាំខាងមុខ។
លោក ខនន័រ បានគូសបញ្ជាក់ទៀតថា សម្រាប់យន្ដហោះ Airbus A220 ថ្មីនេះ ផលិតនៅក្នុងប្រទេសកាណាដា ដែលដាក់លក់នៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរនោះ មានតម្លៃប្រមាណ ៨០ ទៅ ៩០ លានដុល្លារអាមេរិក ក្នុងមួយគ្រៀង ដែលអាយុកាលប្រើប្រាស់ជាមធ្យមរបស់វា គឺមានរយៈពេល ៣០ឆ្នាំ។
បើតាម ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបានឲ្យដឹងថា កាលពីឆ្នាំ២០១៨ ចំនួនអ្នកធ្វើដំណើរដែលបានធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានទាំង៣ របស់កម្ពុជាមានចំនយន ១០លាន ៥សែននាក់ ដែលបានធ្វើដំណើរក្នុងទិសដៅជាង៥៥ ទិសដៅផ្សេងៗគ្នា ជាមួយនឹងជើងហោះហើរទៀងទាត់ ៧០០ ជើង ក្នុងមួយសប្ដាហ៍៕