ចិនបានឈរនៅលំដាប់លេខរៀងទី១ ដែលបានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ដោយបានចូលរួមចំណែកស្ទើរ២ភាគ៣ នៃទុនវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុកបានឈរនៅលំដាប់លេខរៀងទី២ ដែលមានចំណែកប្រមាណ២០%។ តាមរយៈកំណើនគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មនៅឆមាសទី១ឆ្នាំនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការងើបឡើងវិញជាបណ្តើរៗ ក្នុងវិស័យនេះ បន្ទាប់ពីទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩។
របាយការណ៍ស្តីពីសកម្មភាពវិនិយោគនៅកម្ពុជារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ស្ថានភាពវិនិយោគនៅកម្ពុជា ហាក់មានភាពល្អប្រសើរនៅឆមាសទី១ឆ្នាំនេះ បន្ទាប់ពីកម្ពុជាបានបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យឡើងវិញ ក្រោយស្ថានភាពនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ មានភាពធូរស្បើយ។ ជាក់ស្តែងនៅឆមាសទី១ឆ្នាំ២០២៣ CDC បានអនុម័តលើគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតសរុបចំ១១៣គម្រោង ជាមួយទំហំវិនិយោគជាង១ពាន់លានដុល្លារ កើនឡើង១៥គម្រោងបើធៀបនឹង៩៨គម្រោង ដែលបានអនុម័តនៅឆមាសទី១កាលពីឆ្នាំ២០២២។
របាយការណ៍ CDC ដដែលបានបង្ហាញទៀតថា ក្នុងចំណោមវិនិយោគិន ដែលបានបោះទុនវិនិយោគនៅឆមាសទី១នេះ វិនិយោគិនបានឈរលេខរៀងទី១ ដែលបានបោះទុនវិនិយោគច្រើនជាងគេ ដោយបានក្តោបចំណែកស្ទើរ ២ភាគ៣នៃទុនវិនិយោគសរុប ខណៈខណៈការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ ដោយបានចូលរួមចំណែកប្រមាណ២០% នៃទុនវិនិយោគសរុប។ ទោះបីចំនួនគម្រោងមានការកើនឡើង តែទុនវិនិយោគវិញមានការធ្លាក់ចុះជិត ២ពាន់លានដុល្លារ ដោយសារនៅឆមាសទី១ឆ្នាំ២០២២ មានគម្រោងវិនិយោគធំៗ ដូចជាគម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណងនៅខេត្តកំពត, គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើអានុភាព ១៥០MW នៅខេត្តកោះកុង និងគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាដើម។
ទោះបីទំហំទុនវិនិយោគនៅឆមាសទី១មានការថយចុះ តែអ្នកជំនាញវាយតម្លៃខ្ពស់ថា ស្ថានភាពវិនិយោគនៅកម្ពុជានៅតែមានល្អប្រសើរ និងរឹងមាំ ជាពិសេសកាន់តែវិវត្តន៍ទៅរកភាពវិជ្ជមាន។ ការវាយតម្លៃបែបនេះ គឺផ្អែកទៅលើសន្ទុះនៃការចាប់អារម្មណ៍វិនិយោគនៅកម្ពុជាពីសំណាក់ក្រុមវិនិយោគិនបរទេសមានការកើនឡើង ស្របពេលពួកគេរំពឹងច្បាប់វិនិយោគថ្មីជួយរួមចំណែកទាក់ទាញ និងជំរុញការវិនិយោគពីបរទេសមកកាន់កម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀត។ លើសពីនេះ នៅឆមាសទី២ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានដាក់ចេញនូវទិសដៅការងារមួយចំនួន ដើម្បីជំរុញការទាក់ទាញការវិនិយោគបន្ថែម រួមមាន បន្តសហការយ៉ាងជិតស្និទ្ធ ជាមួយវិស័យឯកជន និងក្រសួង ស្ថាប័នពាក់ព័ន្ធ អនុវត្តឱ្យបានជោគជ័យនូវផែនការសកម្មភាពនានាដែលបានដាក់ចេញ,បន្តជំរុញការផ្តល់សេវាសាធារណៈតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, បន្តពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការច្រកចេញ-ចូលតែមួយ និងយន្តការត្រួតពិនិត្យ និងតាមដានការអនុវត្តគម្រោងវិនិយោគ, ខិតខំផ្តល់សេវាថែទាំវិនិយោគ និងជំរុញការទាក់ទាញវិនិយោគដោយផ្តោតលើប្រទេសគោលដៅ តាមរយៈយុទ្ធសាស្រ្តប្រទេសបូក និងឧស្សាហ-កម្មអាទិភាព ជាដើម៕