CDC បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៨០

CDC បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៨០មានទុនវិនិយោគសរុប២,៨ពាន់លានដុល្លារនៅ៥ខែ ឆ្នាំនេះ


នៅរយៈពេល ៥ខែ ដំបូងឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ៨០គម្រោង ដែលមានទំហំទឹកប្រាក់សរុប ២ពាន់៨រយលានដុល្លារអាមេរិក និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា រហូតជិត៦ម៉ឺនកន្លែង។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្ដល់ឲ្យសារព័ត៌មានឌីជីថលខេមបូណូមីស នៅថ្ងៃទី៧ មិថុនា ឆ្នាំ២០២២។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

បើតាមរបាយការណ៍ ដែលផ្ដល់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ដំណើរការនៃការចុះបញ្ជីគម្រោងវិនិយោគថ្មីៗ នៅកម្ពុជា ហាក់មិនមានភាពខុសគ្នាប៉ុន្មាននោះទេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ពោលគឺនៅរយៈពេល៥ខែដំបូង ក្នុងឆ្នាំ២០២២នេះ CDC បានអនុម័តគម្រោងថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ៨០គម្រោង មានទំហំទឹកប្រាក់វិនិយោគសរុបជាង ២ពាន់៨រយលានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឃើញថា ចំនួនគម្រោងវិនិយោគមានការកើនឡើងចំនួន៦គម្រោង និងចំនួនទុនវិនិយោគមានការកើនឡើងជាង ៣១លានដុល្លារអាមេរិក។

ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចបានកត់សម្គាល់ឃើញថា ទាំងអ្នកដំណើរ និងវិនិយោគិនបរទេស ដែលបានចូលមកកម្ពុជា ហាក់កាន់តែមានសកម្មភាពផុសផុលឡើងវិញ ពិសេសនារយៈពេល៥ខែ ក្នុងឆ្នាំ២០២២នេះ ដែលនេះជាសញ្ញាបញ្ជាក់ឲ្យឃើញថា វិស័យសេដ្ឋកិច្ចកម្ពុជា ចាប់ផ្ដើមមានភាពវិជ្ជមាន និងរឹងមាំឡើងវិញ នៅក្រោយពេលដែលកម្ពុជាបានបើកចំហទ្វារប្រទេសឡើងវិញ លើគ្រប់វិស័យ។ បើតាមអ្នកជំនាញសេដ្ឋកិច្ច ប្រទេសកម្ពុជា នៅតែអាចទាក់ទាញវិនិយោគិនបរទេសជាបន្តបន្ទាប់ ហើយបច្ចុប្បន្នកម្ពុជា ក៏មិនមែនពឹងផ្អែកតែលើវិស័យកាត់ដេរតែមួយមុខទៀតនោះដែរ ពោលគឺមានវិស័យជាច្រើនកំពុងរីកដុះដាលខ្លាំង ដួចជា ការផលិតសំបកកង់រថយន្ត, ការផលិតគ្រឿងបង្គុំអគ្គិសនី, ការតម្លើងរថយន្ត,ឧស្សាហកម្មរ៉ែមាស និងវិស័យកសិកម្ម ជាដើម។

ជាក់ស្ដែង ការនាំចេញផលិតផលគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី នៅ៤ខែឆ្នាំ២០២២ មានទឹកប្រាក់ជាង៥០០លានដុល្លារ កើនឡើងដល់ទៅជិត៦០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមតួលេខពីខាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

ជាមួយគ្នានោះ ការលុបចោលនូវការធ្វើចត្តាឡីស័ក និងវិធានការផ្សេងៗ របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការបង្កនូវលក្ខណៈងាយស្រួលជាងបណ្ដាប្រទេសដទៃ ដូចជា ថៃ វៀតណាម និងភូមា ជាដើម ដែលធ្វើឲ្យក្រុមអ្នកវិនិយោគបរទេស ក៏ដូចជា ក្រុមវិនិយោគក្នុងតំបន់ អាចចូលមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។

សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២១កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគសរុបជាង១៦០គម្រោង ដោយគិតជាទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារអាមេរិក៕

© 2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Meta ប្រមូលផ្តុំសិល្បករក្នុងស្រុកដាក់ដំណើរការយុទ្ធនាការលើកកម្ពស់ឯកជនភាព និងសុវត្ថិភាពអនឡាញ

ព័ត៌មាន
ក្រុមហ៊ុន Meta ដែលកន្លងមកមានឈ្មោះថា Facebook កំពុងដាក់ដំណើរការព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃដែលមិនធ្លាប់មានរបស់ខ្លួន នៅរាជធានីភ្នំពេញ ដោយន…

គម្រោងបើកដំណើរការសាកល្បងអាកាសយានដ្ឋានតារាសាគរខេត្តកោះកុង បន្ដពន្យារដល់ចុងឆ្នាំ២០២២

ព័ត៌មាន
គម្រោងបើកដំណើរការសាកល្បងអាកាសយានដ្ឋានតារាសាគរខេត្តកោះកុង នៅក្នុងខែកក្កដាខាងមុខនេះ ត្រូវបានពន្យារពេលទៀតហើយ គឺពន្យារពេលរហូតដល់ចុងឆ្នាំ២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ