កូវីដ១៩-សេដ្ឋកិច្ចថៃ

ថៃត្រៀម ១២ពាន់លានដុល្លារទៀតជួយសេដ្ឋកិច្ច ខណៈរលកឆ្លងថ្មីកូវីដ-១៩កើនឡើងខ្លាំង


រដ្ឋាភិបាលថៃថ្មីៗនេះ បានប្រកាសពីគម្រោងកញ្ចប់ថវិកាប្រមាណ ១២ពាន់លានដុល្លារអាមេរិក សម្រាប់ជួយជំរុញសេដ្ឋកិច្ចក្នុងស្រុករបស់ខ្លួន ស្របពេលដែលប្រទេសក្បែរខាងកម្ពុជាមួយនេះ កំពុងជួបប្រទះរលកទី៣ នៃផ្ទះរីករាលដាលឆ្លងកូវីដ-១៩។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន បាងកកបុស្តិ៍។
វិមានជ័យជំនះក្រុងបាងកកប្រទេសថៃ ធ្លាប់តែអ៊ូអរប្រែមកស្ងប់ស្ងាត់ដោយសាររលកឆ្លងកូវីដ១៩ រូបភាព៖ Xinhua
ដោយ

នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចារ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​របស់​ថៃ ថ្មី​ៗ​នេះ​ថា កញ្ចប់​ថវិកា​ប្រមាណ ១២​ពាន់​លាន​ដុល្លារ​នេះ នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​សម្រួល​ដល់​ចរន្ត​សេដ្ឋកិច្ច​ក្នុង​ប្រទេស តាម​រយៈ​ការ​ជំរុញ​ការ​ទិញ​លក់​នៅ​ក្នុងស្រុក ជំរុញ​ការ​វិនិយោគ​ក្នុងស្រុក និង​សកម្មភាព​សេដ្ឋកិច្ច​នានា​។ ប៉ុន្តែ លោក​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់ ក្នុង​ការ​ទម្លាក់​កញ្ចប់​ថវិកា​បន្ថែម​លើក​នេះ​ទេ​។

គួរ​បញ្ជាក់​ថា វិធានការ​ទម្លាក់​កញ្ចប់​ថវិកា​បន្ថែម​របស់​រដ្ឋាភិបាល​លោក​ប្រា​យុទ្ធ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល ប្រទេស​ថៃ​កំពុង​រង​គ្រោះជា​ថ្មី​ពី​ការ​ចម្លង​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​ទៀត​ហើយ ពោល​គឺ​ចំនួន​ដែល​រក​ឃើញ​ថា វិជ្ជមាន​កូ​វី​ដ​-១៩ បាន​ហក់​ឡើង​ដល់​ជិត ៣​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​។ រដ្ឋាភិបាល​ថៃ​បាន​និង​កំពុង​បង្កើន​ការ​រៀបចំ​មន្ទីរពេទ្យ​បណ្ដោះអាសន្ន​នៅ​តាម​មូលដ្ឋាន និង​បង្កើន​ការ​ផ្គត់ផ្គង់​បរិក្ខារ​ថ្នាំសង្កូវ ដើម្បី​ត្រៀម​សម្រាប់​ការ​កើនឡើង​នៃ​អ្នកជំងឺ​កូ​វី​ដ​-១៩​រួច​ហើយ​ដែរ​។

ក្រុង​បាងកក​បាន​ប្រកាស​បិទ​សួនឧទ្យាន ក្លឹ​ប​ហាត់ប្រាណ និង កន្លែង​សាធារណៈ​ជា​ច្រើន​ទៀត ក៏​ប៉ុន្តែ​មិន​បាន​បិទ​ខ្ទប់​ទីក្រុង​ឡើយ​

ក្រោយ​មាន​អ្នក​ឆ្លង​កើន​ដល់​ជិត​៣​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ អាជ្ញាធរ​ក្រុង​បាងកក​បាន​បញ្ជា​ឲ្យ​បិទ​បណ្តោះអាសន្ន​នូវ សួនឧទ្យាន និង ក្លឹ​ប​ហាត់ប្រាណ​នៅ​ទូ​ទាំង​ក្រុង​ដើម្បី​បញ្ជៀ​សការ​ជួប​ប្រជុំ​គ្នា​។ ប៉ុន្តែ​នាយក​រដ្ឋ​ម​ន្រី្ត​ថៃ​បាន​គូសបញ្ជាក់​ហើយ​ថា មិន​មានការ​បិទ​ខ្ទប់​ប្រទេស ឬ ទីក្រុង​នោះ​ទេ​។

វិធានការខាងលើនឹងផ្តើមអនុវត្តពីថ្ងៃចន្ទនេះរហូតដល់ថ្ងៃទី ៩ខែឧសភាខាងមុខ ពោលគឺ មានរយៈពេល ១៤ថ្ងៃ ដោយរាប់បញ្ចូល ទីតាំងទីសាធារណៈជាច្រើនដូចជា សួនសាធារណៈ ក្លឹបហាត់ប្រាណ អាងហែលទឹក សាលប្រជុំ ហាងអ៊ីធើណែត សារមន្ទីរនឹងបណ្ណាល័យជាដើម។ ផ្សារទំនើបនឹងត្រូវបើកដំណើរការពីម៉ោង១១ព្រឹក ដល់៨យប់ប៉ុណ្ណោះ។ 

ហាងលក់ទំនិញអាចបើកលក់បានពីម៉ោង ៥ភ្លឺដល់ ១០យប់ ខណៈដែលសាលារៀន ក្លឹបកម្សាន្តនិងកន្លែងម៉ាស្សាត្រូវបន្តបិទរហូតដល់ខែក្រោយ។  

អ្នកជំនាញ​លើក​ឡើង​ថា បើសិនជា​បិទ​របៀប​នេះ តើ​វិស័យ​ទេសចរណ៍​របស់​ថៃ​វិញ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ដែរ?

ផែនការ​ស្តារ​ទេសចរណ៍​ថៃ​ឲ្យ​រស់​ឡើង​វិញ​នោះ ត្រូវ​រលាយ ដោយសារ​រលក​ទី​៣​នៃ​កូ​វី​ដ​-១៩ ខណៈ​ដែល​ផែនការ​នេះ បាន​ចាប់ផ្ដើម​មិន​ដល់​១​ខែ​ស្រួលបួល​ផង​។

រដ្ឋាភិបាល​ថៃ​បាន​កាត់​បន្ថយ​ការ​ព្យាករ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​រំពឹង​ថា អាច​មាន​ដល់​ទៅ​ជិត​៧​លាន​នាក់ មក​នៅ​ត្រឹម ៣​ទៅ​៤​លាន​នាក់​វិញ​ក្នុងឆ្នាំនេះ ហើយ​បាន​កាត់​បន្ថយ​ការ​ព្យាករ​ប្រាក់​ចំណូល​ជាតិ​ពី​វិស័យ​ទេសចរណ៍​ផង​ដែរ​។ នេះ​បើ​តាម​បាងកក​បុ​ស្តិ៍​ដដែល​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​កីឡា​របស់​ថៃ លោក ភី​ផាត់ រ៉ា​ចាក់​គីត ប្រា​កាន់ (Phiphat Ratchakitprakarn) បាន​និយាយ​ថា វិស័យ​ទេសចរណ៍​បាន​បង្ហាញ​ពី​សញ្ញា​ល្អជា​បណ្ដើ​ៗ​ហើយ​នៅ​ខែ​មុន ប៉ុន្តែ​បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​កូ​វី​ដ​-១៩​ជា​ថ្មី បាន​ចូល​មក​ដល់​ភ្លាម វា​បាន​សម្លាប់​ទឹកចិត្ត​ភ្ញៀវ​ទេសចរ ដែល​ចង់​មក​កម្សាន្ត​នៅ​ប្រទេស​ថៃ​អស់រលីង​តែ​ម្ដង​។

លោក​បាន​បន្ត​ថា ប្រាក់​ចំណូល​ទេសចរណ៍​សរុប​សម្រាប់​ឆ្នាំ ២០២១ ត្រូវ​បាន​ព្យាករ​ទម្លាក់​ពី ប្រមាណ​៣២​ពាន់​លាន​ដុល្លារ មក​នៅ​ត្រឹម ២៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ក្តី​សង្ឃឹម​របស់​ថៃ​ដែល​ចង់​សម្រេច​គោលដៅ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ៦​លាន​៥​សែន​នាក់​នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​រលាយ​អស់​វិញ​ដោយសារ​តែ​រលក​ទី​៣​ឆ្លង​ថ្មី​នៃ​កូ​វី​ដ​១៩​។ 

ទោះ​យ៉ាងណា​ក៏​ដោយ​ចុះ អាជ្ញាធរ​ថៃ​នៅ​មិន​ទាន់​លុប​ចោល​ផែនការ​នាំ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច តាម​រយៈ​គម្រោង​សាកល្បង​ពិសេស​មក​កាន់​កោះ​ភូ​កេ​ត ក្នុង​ខែកក្កដា​នោះ​ទេ​។

សូម​បញ្ជាក់​ថា ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​សរុប​កើន​ដល់​ជាង ៥​ម៉ឺន​នាក់​ហើយ ដោយនៅ​អំឡុង​ពេល​អ្នកជំងឺ​កើនឡើង​ដូចនេះ ថៃ​ក៏​កំពុង​ប្រឈម​កាន់តែ​ខ្លាំង​ទាក់ទង​នឹង​បញ្ហា​កង្វះខាត​គ្រែពេទ្យ​សម្រាប់​អ្នកជំងឺ​សម្រាក​ព្យាបាល​ផង​ដែរ​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុប​ចង់លែងដៃពីក្រុមហ៊ុន AstraZeneca បែរមកចាប់ដៃក្រុមហ៊ុនអាមេរិក Pfizer វិញ!

ព័ត៌មាន
បន្ទាប់ពីមានការរកាំរកូសជាមួយនឹងក្រុមហ៊ុន AstraZeneca របស់អង់គ្លេស ជុំវិញនឹងការផ្គត់ផ្គត់វ៉ាក់សាំងកូវីដ-១៩ មិនគ្រប់ចំនួននោះ ឥឡូវនេះ…

ពលរដ្ឋភូមាខកចិត្តចំពោះលទ្ធផលកិច្ចប្រជុំកំពូលអាស៊ាន

ព័ត៌មាន
នៅក្រោយកិច្ចប្រជុំកំពូលអាស៊ាន ដែលបានពិភាក្សាអំពីវិបត្តិនៅភូមា ដែលបានធ្វើឡើងនៅចុងសប្ដាហ៍កន្លងទៅនេះ ត្រូវបានបញ្ចប់ គេសង្កេតឃើញថា ពលរដ្ឋភូម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ