ប្រទេសជាទីភ្នាក់ងារថាមពលអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត បានសម្រេចបញ្ចេញប្រេងឆៅពីស្តុកទុកជាលើកទី ២ហើយ ក្នុងរយៈពេល ១ ខែមកនេះ ហើយវានឹងក្លាយជាការបញ្ចេញប្រេងលើកទី៥ ក្នុងប្រវត្តិសាស្ត្ររបស់ទីភ្នាក់ងារនេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាទីផ្សារប្រេងដែលកំពុងកើតមាន។
នាយកប្រតិបត្តិទីភ្នាក់ងារថាមពលអន្តរជាតិ លោក Fatih Birol បានលើកឡើងថា ទីភ្នាក់ងារថាមពលអន្តរជាតិ កំពុងឆ្ពោះទៅរកការបញ្ចេញប្រេងពីស្ដុកសរុបចំនួន ១២០ លានបារ៉ែល ខណៈមាន ៦០ លានបារ៉ែល ជាការរួមចំណែកដោយសហរដ្ឋអាមេរិក បានទាញយកចេញពីប្រេងបម្រុងរបស់ខ្លួន។
តាមរយៈការបញ្ចេញប្រេងពីស្ដុកនេះនឹងជួយធ្វើឲ្យ ការផ្គត់ផ្គង់ប្រេងប្រមាណ ១ លានបារ៉ែល ក្នុងមួយថ្ងៃ ទៅកាន់ទីផ្សារសម្រាប់រយៈពេល ៦ ខែ ហើយអាចផ្គត់ផ្គង់បានរហូតដល់ចុងឆ្នាំនេះស្របពេលដែលផលិតកម្មប្រេងក្នុងស្រុកក៏កំពុងបង្កើនល្បឿនផងដែរ។
ការដាក់ទណ្ឌកម្មលើរុស្ស៊ី បានធ្វើឲ្យមានផលរំខានលើការផ្គត់ផ្គង់ប្រេងរបស់ប្រទេសនេះយ៉ាងខ្លាំង ហើយបញ្ហានេះ ក៏បានធ្វើឲ្យតម្លៃប្រេងលើទីផ្សារពិភពលោកមានការកើនឡើងខ្ពស់ដែរ ពោលគឺកើនជិត១៤០ដុល្លារក្នុងមួយធុងបារ៉ែលកាលពីដើមខែមីនាកន្លងទៅនេះ។
យ៉ាងណាមិញ ទីផ្សារប្រេងឆៅហាក់ដូចជាត្រូវបានធូរស្បើយឡើងវិញ នៅពេលមានការផ្លាស់ប្តូរចុងក្រោយរបស់ទីភ្នាក់ងារថាមពលអន្តរជាតិពោលគឺបន្ទាប់ពីមានការប្រកាសបញ្ចេញប្រេងបន្ថែមទៀត បានធ្វើឲ្យតម្លៃប្រេងឆៅធ្លាក់ចុះតម្លៃប្រហែល ៥% មកវិញ ក្នុងតម្លៃប្រហែលជាង ១០១ ដុល្លារ ក្នុងមួយបារ៉ែលកាលពីថ្ងៃទី ៦ ខែមេសានេះ។
ទោះជាយ៉ាងនេះក្តី អ្នកវិភាគបាននិយាយថា ការបញ្ចេញប្រេងពីក្នុងស្តុកបម្រុងទៅផ្គត់ផ្គង់ទីផ្សារ ដើម្បីកាត់បន្ថយនឹងការកើនឡើងនៃតម្លៃប្រេងនោះ ប្រហែលជាមិនជោគជ័យក្នុងការធ្វើឱ្យតម្លៃធ្លាក់ចុះក្នុងរយៈពេលវែងនោះទេ តែវាអាចជួយទប់ទល់បានក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា កន្លងមក អាមេរិក អង់គ្លេស និងជប៉ុន ហាក់មានកិច្ចខំខិតខំប្រឹងប្រែងគួរឲ្យកត់សម្គាល់ ក្នុងការជំរុញឲ្យប្រទេសមជ្ឈិមបូព៌ាផលិតប្រេងបន្ថែមទៀត ដើម្បីផ្គត់ផ្គង់លើទីផ្សារ ក្នុងគោលបំណងជំនួយទីផ្សារប្រេងពីរុស្ស៊ី ប៉ុន្ដែ ប្រទេសមជ្ឈិមបូព៌ាខ្លះ ទោះបីជាចង់បង្កើនការបូមប្រេង ក៏មិនងាយស្រួលដែរ ដ្បិតថាពួកគេមួយចំនួនខ្វះខាតធនធានសម្រាប់ផលិតកម្ម៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន