ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយើល នឹងចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ ក្នុងនាមជាភ្ញៀវប្រទេសជប៉ុន ចាប់ពីសុក្រដល់ថ្ងៃអាទិត្យ ហើយនៅក្រៅក្របខណ្ឌកិច្ចប្រជុំនេះ លោក យូន នឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស្ស៊ីដា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងដែលបានបញ្ជាក់ថា ជំនួបត្រីភាគីខាងមុខនឹងផ្តោតលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់ពួកគេ។
ប្រទេសកូរ៉េខាងត្បូងជាប្រទេសមួយក្នុងចំណោម ៨ ប្រទេស ដែលត្រូវបានជប៉ុនអញ្ជើញឱ្យទៅចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ ឆ្នាំនេះ។ ប្រទេសភ្ញៀវទាំងនោះគឺអូស្ត្រាលី ប្រេស៊ីល ឥណ្ឌា ឥណ្ឌូនេស៊ី វៀតណាម កូម៉ូរ៉ូស និងប្រជុំកោះឃូក ក្រៅពីប្រទេសសមាជិកដែលរួមមានអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិកបូករួមទាំងសហភាពអឺរ៉ុប។
ទីភ្នាក់ងារយ៉ុនហាប់បានរាយការណ៍ដោយផ្អែកតាមអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងឈ្មោះ គីម តាយ-យ៉ូ ថា ការអញ្ជើញរបស់ប្រទេសជប៉ុនគូសបញ្ជាក់អំពីឋានៈជាដៃគូកម្រិតសកលរបស់កូរ៉េខាងត្បូងដែលមិនមែនជាសមាជិកនៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧។ យោងតាមប្រភពដដែល លោក គីម បានថ្លែងថា និន្នាការដែលកំពុងកើតឡើងគឺការពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្តសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក និងជប៉ុន និងការពង្រីកចំណងការទូតទ្វេភាគីឱ្យទៅជាចំណងការទូតពហុភាគី។
ដោយផ្អែកតាមលោក គីម តាយ-យ៉ូ, យ៉ុនហាប់បានឱ្យដឹងថា មេដឹកនាំកំពូលទាំង ៣ រូប គ្រោងពីភាក្សាគ្នាអំពីវិធានការនានានៃកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងនោះមានទាំងការឆ្លើយតបចំពោះការគំរាមដោយអាវុធនុយក្លេអ៊ែរនិងកាំជ្រួចរបស់ប្រទេសកូរ៉េខាងជើង, វិបត្តិថាមពល ព្រមទាំងការប្រឈមរួមផ្សេងៗទៀត។ របៀបវារៈដែលសំខាន់បំផុត បើតាមប្រភពដដែល គឺកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងប្រទេសកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំមុន ពោលគឺកិច្ចព្រមព្រៀងដែលទាក់ទងនឹងការចែករំលែកឱ្យគ្នាទៅវិញទៅមកភ្លាមៗនូវទិន្នន័យស្ដីពីកាំជ្រួចដើម្បីទប់ទល់នឹងការគំរាមកាន់តែធំឡើងដោយកាំជ្រួចកូរ៉េខាងជើង។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នឹងមកដល់ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ និងដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស្ស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យើល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជប៉ុនដែលផ្អែកតាមអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនដែលប្រាប់ថា កិច្ចប្រជុំត្រីភាគីនឹងផ្តោតលើកម្មវិធីអភិវឌ្ឍន៍កាំជ្រួចរបស់កូរ៉េខាងជើង និងការប្រឈមនានាផ្នែកសន្តិសុខនៅក្នុងតំបន់។
កិច្ចប្រជុំនៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ និងកិច្ចប្រជុំអមផ្សេងៗទៀត រួមទាំងកិច្ចប្រជុំត្រីភាគីកូរ៉េខាងត្បូ-សហរដ្ឋអាមេរិក-ជប៉ុនផង នឹងប្រព្រឹត្តទៅនៅឯទីក្រុង ហ៊ីរ៉ូស៊ីម៉ា ទីដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដ៏មហាប្រល័យនាចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ ក្នុងខែសីហា ឆ្នា១៩៤៥។
យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង លោក យូន ស៊ុក យើល និងលោក ហ្វូមីអូ គីស្ស៊ីដា នឹងធ្វើទស្សនកិច្ចរួមគ្នានៅបូជនីយដ្ឋានដែលឧទ្ទិសចំពោះជនរងគ្រោះកូរ៉េនៅក្នុងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក៕