ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) និងមន្ត្រីផ្សេងៗទៀត បានជួបជាមួយតំណាងក្រុមហ៊ុនដែលមានទំនាក់ទំនងនឹងក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន នៅទីក្រុងហ្សាកាតា កាលពីថ្ងៃអង្គារ សប្ដាហ៍មុន ពាក់ព័ន្ធនឹងគម្រោងវិនិយោគមួយចំនួន។
ក្រោយពីជំនួបនេះហើយ រដ្ឋមន្ត្រីក្រសួងវិនិយោគរបស់ឥណ្ឌូនេស៊ី លោក រ៉ូស្លានី រ៉ូសាន (Roeslani Rosan) បាននិយាយថា ក្រុមហ៊ុន Exxon របស់អាម៉េរិក បានជូនដំណឹងដោយផ្ទាល់ដល់លោក ប្រាបូវ៉ូ អំពីចេតនារបស់ខ្លួនក្នុងការបោះទុនវិនិយោគចំនួន១៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រស្តុក ឬ រក្សាទុកកាបូននៅឥណ្ឌូនេស៊ី ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីការប្តេជ្ញាចិត្តនេះទេ។
ក្រុមហ៊ុន Exxon បានយល់ព្រមរួចហើយក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុនប្រេងរបស់រដ្ឋ Pertamina និងក្រុមហ៊ុនផ្សេងៗទៀតលើការអភិវឌ្ឍរោងចក្រស្តុក ឬ រក្សាទុកកាបូន។ បច្ចុប្បន្ន ក្រុមហ៊ុន Exxon មានបំណងសាងសង់រោងចក្រស្តុក ឬ រក្សាទុកកាបូននៅជិតតំបន់ប្រេងមួយនៅភាគអាគ្នេយ៍នៃកោះស៊ូម៉ាត្រា ព្រោះទីតាំងនេះ គឺស័ក្ដិសមបំផុតសម្រាប់ការសាងសង់រោងចក្រស្តុក ឬ រក្សាទុកកាបូន ខណៈដែលក្រុមហ៊ុន Pertamina កំពុងគ្រប់គ្រងផលប្រយោជន៍នៅទីនោះដោយបានចំណាយលើការអភិវឌ្ឍប្រមាណចំនួន២ពាន់លានដុល្លារ រួចមកហើយ។
ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេមើលឃើញថា កំពុងប្រើតួនាទីជាអ្នកផលិតប្រេង និងឧស្ម័នធម្មជាតិ ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដើម្បីអភិវឌ្ឍន៍ការស្តុក ឬ រក្សាកាបូនទៅជាឧស្សាហកម្មថ្មីមួយ ខណៈដែលក្រុមហ៊ុន BP បានចាប់ផ្ដើមសាងសង់រោងចក្រស្តុក ឬ រក្សាទុកកាបូនលើកដំបូងនៅឥណ្ឌូនេស៊ី ដោយបានបោះទុនវិនិយោគប្រមាណ២.៦ពាន់លានដុល្លារ ហើយគេរំពឹងថា នឹងចាប់ផ្ដើមប្រតិបត្តិការឆាប់បំផុតនៅឆ្នាំ២០២៦៕
អត្ថបទ៖ សុខ មង្គល