អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប បានគូសបញ្ជាក់ថា មកទល់ពេលនេះក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប បានត្រៀមខ្លួនរួចជាស្រេចតាមរយៈការវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស និងការដាក់បញ្ចូលប្រព័ន្ធឌីជីថលទៅក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងភាពប្រកួតប្រជែង។ បើតាមការអះអាងរបស់អ្នកជំនួញដ៏ល្បីល្បាញរូបនេះ ក្រុម វើលដ៍ប៊្រីដ បានបង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មីមួយ ដែលអាចប្រមូលផ្ដុំ និងតភ្ជាប់ដោយផ្ទាល់ជាមួយបណ្តាប្រទេសក្នុងតំបន់ ក្នុងគោលបំណងទាញយកសក្តានុពលពាណិជ្ជកម្មឆ្លងដែន។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ការកែទម្រង់គំរូអាជីវកម្មតាមរយៈការទំនើបកម្មឌីជីថលនេះ គឺជាលក្ខខណ្ឌចាំបាច់ដែលមិនអាចរំលងបានឡើយ។
ជាមួយគ្នានេះឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស បានកត់សម្គាល់ថា អាជីវកម្មជាច្រើននៅកម្ពុជាបានចាប់ផ្តើមទាញយកផលប្រយោជន៍យ៉ាងសកម្មពីបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រីកទីផ្សារ និងពង្រឹងឧត្តមភាពប្រកួតប្រជែង។ អ្នកជំនាញរូបនេះជឿជាក់ថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំពីសំណាក់ផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធ នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជំរុញឱ្យសម្រេចបានតាមគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។
ពាក់ព័ន្ធបញ្ហានេះដែរលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ដើម្បីឆ្ពោះទៅកាន់គោលដៅឆ្នាំ២០៣០ កម្ពុជាត្រូវតែពង្រឹង និងពង្រីកទាំងហេដ្ឋារចនាសម្ព័ន្ធរឹងដូចជាប្រព័ន្ធដឹកជញ្ជូន និងបណ្តាញអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធទន់ដូចជាច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាដើម។ លោកជំទាវបានបន្ថែមថា ក្រសួងពាណិជ្ជកម្មបានរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ យ៉ាងសកម្ម ដើម្បីធានាថា កម្ពុជាមានរបៀបវារៈយុទ្ធសាស្ត្រ និងបទបញ្ញត្តិជាក់លាក់។ គោលដៅចម្បង គឺដើម្បីធានាថា វិស័យឯកជនជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យមមានលទ្ធភាព និងសមត្ថភាពពេញលេញក្នុងការពង្រីកឱកាសទីផ្សារ និងបង្កើនផលិតភាពទំនិញ, បង្កើតតម្លៃបន្ថែម, ភ្ជាប់ខ្លួនទៅក្នុងខ្សែច្រវាក់តម្លៃឌីជីថលតំបន់ និងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។
លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្នពាណិជ្ជកម្មឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានក្លាយជាមាសសរសៃឈាម នៃពាណិជ្ជកម្មទំនើប ហើយត្រូវបានបញ្ចូលទៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ជាច្រើន។ ការណ៍នេះ ត្រូវបានគេរំពឹងថា វានឹងក្លាយជាកាលីករក្នុងការជួយជំរុញទំហំការដោះដូរពាណិជ្ជកម្មក្នុងតំបន់ឱ្យកើនឡើងទ្វេដងនាពេលអនាគតដ៏ខ្លីខាងមុខ៕