ការលើកឡើងពីចំណាប់អារម្មណ៍ពង្រីកការធ្វើធុរកិច្ចនៅកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Walmart របស់អាមេរិកនេះ គឺធ្វើឡើងនៅក្នុងជំនួបរវាងថ្នាក់ដឹកនាំក្រុមហ៊ុននេះ ជាមួយនឹង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីអមដំណើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅសប្ដាហ៍នេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ នៅថ្ងៃទី១០ ខែឧសភា បានជួបពិភាក្សារការងារជាមួយ លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart និងសហការី នៅទីក្រុងវ៉ាស៊ិនតោនសហរដ្ឋអាមេរិក ដើម្បីពិភាក្សា និងស្វែងយល់បន្ថែមអំពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ព្រមទាំងលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅពេលខាងមុខ និងការពង្រឹងភាពជាដៃគូក្នុងសកម្មភាពធុរកិច្ចនិងវិនិយោគ ដែលនឹងចូលរួមចំណែកក្នុងការបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជា។
នៅក្នុងជំនួបពិភាក្សារការងារនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍ក្នុងការពង្រីកការធ្វើធុរកិច្ចរបស់ក្រុមហ៊ុន Walmart នៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់អំពីសមិទ្ធផលថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដូចជា ការចរចាបង្កើតទីផ្សារថ្មីៗបន្ថែមទៀតតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបន្ថែម ព្រមទាំងការបន្តធ្វើទំនើបកម្មសេវាសាធារណៈ ការកាត់បន្ថយនីតិវិធី និងកិច្ចសម្រួលពាណិជ្ជកម្មនានា ដែលបានជួយសម្រួលយ៉ាងច្រើនដល់ការធ្វើធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងផងដែរ។
ជាមួយគ្នានោះ លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់កម្ពុជា ក៏ដូចជាអបអរសាទរចំពោះការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ។ លោកស្រីបន្ថែមថា ក្រុមហ៊ុន Walmart ក៏មានចំណាប់អារម្មណ៍ក្នុងការនាំចូលផលិតផលរបស់កម្ពុជាបន្ថែមទៀត ដូចជា គ្រឿងសង្ហារឹម ផ្លែឈើ ម្ហូបអាហារ និងគ្រឿងអេឡិចត្រូនិក ជាដើម។ លោកស្រី ក៏បានគូសបញ្ជាក់ផងដែរ អំពីបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ការពង្រឹងភាពជាដៃគូក្នុងសកម្មភាពធុរកិច្ចនិងវិនិយោគ ដែលនឹងចូលរួមចំណែកក្នុងការបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជា ជាពិសេសស្រ្តី ការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានស្នើឱ្យក្រុមហ៊ុន Walmart ពិនិត្យលទ្ធភាពក្នុងការពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា និងវិនិយោគលើវិស័យដែលមានសក្តានុពលនានាបន្ថែមទៀតនៅកម្ពុជាផងដែរ ខណៈដែលក្រសួងពាណិជ្ជកម្មបានត្រៀមខ្លួនជាស្រេចក្នុងការសហការ និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា៕
អត្ថបទ សោម ស្រីពេជ្រ