អាមេរិកព្រមានចិន

អាមេរិកព្រមានចិនចំៗថា ប្រយ័ត្ននាំទុក្ខដាក់ខ្លួន បើហ៊ានជួយរុស្ស៊ីគេចពីទណ្ឌកម្ម


ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក ជេក ស៊ូលីវ៉ាន(Jake Sullivan) បានព្រមានត្រង់ៗទៅកាន់ប្រទេសចិនថា អាចប្រឈមមុខនឹងផលវិបាកខ្លួនឯង បើសិនជាហ៊ានជួយរុស្ស៊ីគេចពីទណ្ឌកម្ម ឬរំលោភលើការដាក់ទណ្ឌកម្មពីលោកខាងលិច បន្ទាប់ពីរុស្ស៊ីបានធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។
រូបភាពឯកសារ៖ កាលលោក Joe Biden នៅជាអនុប្រធានាធិបតីអាមេរិករដ្ឋការលោក Barack Obama និងលោក Xi Jinping

ការ​ព្រមាន​បែប​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​មាន​របាយការណ៍​ថា រុ​ស្ស៊ី​បាន​ស្នើ​សុំ​ប្រទេស​ចិន សម្រាប់​ជំនួយ​យោធា និង សេដ្ឋកិច្ច ដើម្បី​បន្ត​ធ្វើសង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ក្រោយរ​ស្ស៊ី​ជួប​ការ​លំបាក ដែល​ប្រទេស​ប​ស្ចឹ​ម​លោក បាន​សង្កត់សង្កិន​ដោយ​ការ​ដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ក្រុង​ម៉ូ​ស្គូ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃ​ចន្ទ​ទី​១៤​មីនា​។ 

របាយការណ៍​ពី​មន្ត្រី​ជំនាញ​ក្រុង​វ៉ា​ស៊ី​ន​តោន​សហរដ្ឋអាមេរិក​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា រុ​ស្ស៊ី​បាន​ស្នើ​ឲ្យ​ចិន​ផ្តល់​ជំនួយ​យោធា​សម្រាប់​ការ​ធ្វើសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា រុ​ស្សី​ថែម​ទាំង​បាន​ស្នើ​សុំ​ជំនួយ​សេដ្ឋកិច្ច​បន្ថែម​ពី​ប្រទេស​ចិន ដើម្បី​ជួយ​ទប់ទល់​នឹង​ការ​ដាក់​សម្ពាធ និង​ទណ្ឌកម្មសេដ្ឋកិច្ច ដោយ​សហរដ្ឋអាមេរិក និង​ប្រទេស​នៅ​តំបន់​អឺរ៉ុប និង​អាស៊ី​មួយ​ចំនួន​។ 

ទីក្រុង​វ៉ា​ស៊ី​តោន​មានការ​ព្រួយបារម្ភ​ថា ទីក្រុង​ប៉េ​កាំ​ង​អាច​នឹង​ធ្វើ​ឱ្យ​ខូចខាត ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ខាងលិច ដើម្បី​ជួយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ការពារ​ប្រទេស​របស់​ពួក​គេ​។ ប្រការ​ទាំងនេះ​ហើយ ទើប​លោក ជេ​ក ស៊ូ​លី​វ៉ា​ន ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក បាន​ចេញ​មក​ព្រមាន​ចំ​ៗ​តែ​ម្តង​ថា បើ​ហ៊ាន​តែ​ជួយ​រុ​ស្ស៊ី​មែន​នោះ ចិន​នឹង​ប្រឈម​មុខ​ផល​លំបាក​ខ្លួនឯង បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ទៅ គឺ​ដូច​ជា​យក​ទុក្ខ​ដាក់ខ្លួន​អ​ញ្ចឹ​ង​ដែរ​។

យ៉ាងណាមិញ នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​អំពី​សំណើ​របស់​រុ​ស្ស៊ី​សម្រាប់​ជំនួយ​យោធា ដែល​ត្រូវ​បាន​អះអាង​ដោយ​ភាគី​អា​មេ​រិ​ក​នោះ លោក លីវ ប៉េង​យូ (Liu Pengyu) អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ា​ស៊ី​ន​តោន បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា «​ខ្ញុំ​មិន​ដែល​ឭ​អំពី​រឿង​នេះនោះ​ទេ​»​។ លោក​លីវ ថា ប្រទេស​ចិន មិន​សប្បាយចិត្ត​ដែល​បានឃើញ​ស្ថានភាព​បច្ចុប្បន្ន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើយ ផ្ទុយ​ទៅ​វិញ​ចិន​តែងតែ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ការ​ដោះស្រាយ​វិបត្តិ​ដោយ​សន្តិវិធី​។ កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​អតិបរមា​គួរតែ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​គាំទ្រ​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​ក្នុង​ការ​បន្ត​ការ​ចរចា បើ​ទោះបីជា​វា​ពិបាក​រកបាន​លទ្ធផល​ផ្លែផ្កា​យ៉ាងណា​ក៏​ដោយ​។ 

ទោះជា​យ៉ាងណា ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក លោក​ជេ​ក ស៊ូ​លី​វ៉ា​ន ត្រូវ​ជួប​ពិភាក្សា​ជាមួយ ទីប្រឹក្សា​ជាន់ខ្ពស់​រដ្ឋ​ចិន លោក​យ៉ាង ជា​ឈី នៅ​ទីក្រុង​រ៉ូ​ម ប្រទេស​អ៊ី​តា​លី នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​។ បើ​តាម​មន្ត្រី​សេត​វិមាន ជំនួប​នៅ​ទីក្រុង​រ៉ូ​ម​នេះ នឹង​ផ្តោត​ទៅ​លើ​ការ​ប្រកួតប្រជែង​គ្នា​រវាង​អា​មេ​រិ​ក ចិន និង​ផល​ប៉ះពាល់​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន​ទៅ​លើ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​។ 

ប្រឈម​មុខ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត រុ​ស្ស៊ី​និង​ចិន​បាន​ខិតចូល​ជិត​គ្នា កាន់តែ​ខ្លាំង​។ ជាក់ស្តែង ទីប្រឹក្សា​រដ្ឋ​ចិន​លោក វ៉ាង យី ទើបតែ​បាន​អះអាង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ទំនាក់ទំនង​ចិន​-​រុ​ស្ស៊ី​នៅ​តែ​រឹង​មាំ​ដដែល បើ​ទោះបីជា​ប្រទេស​ជា​ច្រើន​បាន​ថ្កោលទោស​សកម្មភាព​យោធា​រុ​ស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏​ដោយ​។

គួរ​រំឭក​ថា នៅ​ក្នុង​ជំនួប​ទេ្វ​ភាគី​នៅ​ទីក្រុង​ប៉េ​កាំ​ង​កាលពីដើម​ខែកុម្ភៈ​ឆ្នាំ​នេះ អំឡុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង​ប៉េ​កាំ​ង ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង និង​ប្រធានាធិបតី​រុ​ស្ស៊ី​លោកពូ​ទី​ន បាន​ប្រកាស​ពង្រីក​ដៃគូ​ជា​យុទ្ធសាស្ត្រ​រុ​ស្ស៊ី​-​ចិន​ថ្មី​មួយ ដើម្បី​ទប់ទល់​ឥទ្ធិពល​របស់​អា​មេ​រិ​ក​។ 

សូម​ជម្រាប​ដែរ​ថា នេះ​មិនមែន​ជា​របាយការណ៍​ចោទប្រកាន់​លើក​ទី​មួយ ដែល​ថា​រុ​ស្ស៊ី​សុំ​ចិន​ឲ្យ​ជួយ​នោះ​ទេ​។ កាលពី​មួយ​រយៈ​មុន ក៏​មាន​ដែរ​របាយការណ៍​ដែល​ចោទប្រកាន់​ថា ចិន​បានដឹង​មុន​រួចរាល់​ពី​គម្រោង​ប្រតិបត្តិការ​យោធា​រុ​ស្ស៊ី​មក​លើ​អ៊ុយ​ក្រែ​ន ហើយ​ថែម​ទាំង​បាន​ស្នើ​សុំ​ឲ្យ​រុ​ស្ស៊ី​រង់ចាំ​ដល់​ចប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​កសិន សឹម​លើកទ័ព​ចូល​អ៊ុយ​ក្រែ​ន​។ ជាក់ស្តែង​រុ​ស្ស៊ី​ផ្តើម​ធ្វើការ​ឈ្លានពាន​នៅ​ថ្ងៃ​ទី​២៤​កុម្ភៈ ពោល​គឺ​នៅ​៤​ថ្ងៃក្រោយ​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ​ប៉េ​កាំ​ង បាន​បិទ​បញ្ចប់​។ យ៉ាងណា​ក៏​ដោយ ចិន​បាន​ច្រាន​ចោលការ​ចោទប្រកាន់​ទាំង​អស់នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញម្រេចនៅតែសម្រេចបានកំណើនខ្ពស់ក្នុងអត្រា៣ខ្ទង់ និងតម្លៃទីផ្សារថេរ នៅ២ខែដំបូងឆ្នាំ២០២២

ព័ត៌មាន
កម្ពុជាបាននាំចេញកសិផលសរុបជាង១លាន៣សែនតោន ទៅកាន់ទីផ្សារអន្តរជាតិ មានកំណើនតិចតួចប៉ុណ្ណោះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើតាមរបាយ…

ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ប្រមូលទិន្នន័យបាន ៦០%ហើយ ក្នុងក្របខណ្ឌទូទាំងប្រទេស

ព័ត៌មាន
ក្រសួងផែនការបានរៀបចំធ្វើជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ ប្រមូលទិន្នន័យបាន ៦០ភាគរយហើយនៅទូទាំងប្រទេស គិតមកទល់ពេលនេះ។ ការធ្វើជំរឿនសេដ្ឋក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ