ពលរដ្ឋអាមេរិកដែលជួលផ្ទះស្នាក់

ពលរដ្ឋអាមេរិកដែលជួលផ្ទះស្នាក់ប្រឈមមុខនឹងការបណ្ដេញចេញកាន់តែច្រើនឡើង


សេតវិមានអាមេរិក បានដាក់សម្ពាធទៅកាន់អាជ្ញាធរក្នុងរដ្ឋ និងតំបន់នីមួយៗ ត្រូវប្រកាន់យកនូវគោលនយោបាយជួយអ្នកជួលផ្ទះស្នាក់នៅឲ្យបានឆាប់រហ័ស បន្ទាប់ពីសំណើការផ្អាកការបណ្ដេញអ្នកជួលផ្ទះទាំងនោះ ត្រូវផុតកំណត់នៅសប្ដាហ៍មុននេះ ដែលវាបាននិងកំពុងធ្វើឲ្យប្រជានអាមេរិករាប់លាននាក់កំពុងប្រឈមនឹងការគ្មានផ្ទះស្នាក់នៅ ចំពេលដែលមេរោគកូវីដ-១៩ ឌែលតាកំពុងបន្ដរីករាលដាលជាបន្ដបន្ទាប់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
សេតវិមានអាមេរិក បានដាក់សម្ពាធទៅកាន់អាជ្ញាធរក្នុងរដ្ឋ និងតំបន់នីមួយៗ ត្រូវប្រកាន់យកនូវគោលនយោបាយជួយអ្នកជួលផ្ទះស្នាក់នៅឲ្យបានឆាប់រហ័ស

 

បើសិនជា​រដ្ឋាភិបាល​អា​មេ​រិ​ក មិន​អាច​ធ្វើ​សកម្មភាព​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ទៅ​នឹង​បញ្ហា​នេះ​ទេ នឹង​មាន​ប្រជាជន​អា​មេ​រិ​ករាប់​លាន​នាក់ នឹង​ត្រូវ​ចាក​ចេញពីផ្ទះ​ដែល​គេ​កំពុង​រស់នៅ ដ្បិតថា ពួក​គេ​មានការ​បាត់បង់​ប្រាក់​ចំណូល​នៅ​អំឡុង​ពេល​កូ​វី​ដ​-១៩ ហើយ​ស្រប​ពេល​ដែល​មេរោគ​បំប្លែង​ថ្មី ឌែ​លតា កំពុង​រីក​រាលដាល​ខ្លាំង​នៅ​អា​មេ​រិ​ក​ផង​ដែរ​នោះ តម្រូវការ​ផ្ទះ​ស្នាក់​នៅ​ក៏​មាន​កាន់តែ​ច្រើន​ឡើង​ដែរ​។

រដ្ឋាភិបាល​អា​មេ​រិ​ក​ក៏​បាន​ដាក់​ចេញ​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​អ្នក​ជួល​ផ្ទះ​ត្រូវ​បាន​បណ្ដេញចេញ​នេះ​ដែរ ក៏​ប៉ុន្ដែ វា​ត្រូវ​បាន​គេ​មើលឃើញ​ថា គឺ​មានការ​ឆ្លើយ​តប​យឺតយ៉ាវ​ពេក ខណៈ​ដែល​ថ្ងៃ​ផុតកំណត់​នៃ​ការ​ផ្អាក​ការ​បណ្ដេញចេញ​អ្នក​ជួល​ផ្ទះ​ពី​ផ្ទះ​ជួល​ដែល​ពួក​គេ​រស់នៅ ត្រូវ​បាន​ផុតកំណត់​កាលពី​ស​ប្ដា​ហ៍​មុន​។

សេត​វិមាន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា រដ្ឋាភិបាល​សហព័ន្ធ​បាន​ផ្ដល់​កញ្ចប់​ថវិកា​ជាង ៤៦​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ឲ្យ​អ្នក​ជួល​ផ្ទះ​អាច​បន្ដ​ស្នាក់​នៅ​ក្នុងផ្ទះ​របស់​ពួក​គេ​បណ្ដោះអាសន្ន ពោល​គឺ​មិន​ត្រូវ​បាន​បណ្ដេញ​ចេញពីផ្ទះ​ទេ​។ ប៉ុន្ដែ សេត​វិមាន​បាន​ចោទ​ទៅ​កាន់​អាជ្ញាធរ​តាម​រដ្ឋ និង​ទីក្រុង​នានា​ថា យឺតយ៉ាវ​មែនទែន​ក្នុង​ការ​ធ្វើ​សកម្មភាព ជួយ​ទៅ​ដល់​អ្នក​ជួល​ផ្ទះ​ស្នាក់​នៅ​ដែល​មានការ​ប៉ះពាល់​ជីវភាព​ដោយសារ​តែ​កូ​វី​ដ​-១៩​រាតត្បាត​។

ការ​ដាក់​សម្ពាធ​ទៅ​លើ​អាជ្ញាធរ​រ​តាម​រដ្ឋ និង តំបន់​នីមួយ​ៗ ត្រូវ​បាន​ធ្វើ​ឡើង នៅ​គ្រា​ដែល ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ​បៃ ឌិន ប្រឈម​មុខ​នឹង​ការ​រិះគន់​យ៉ាង​ខ្លាំង ដោយ​ក្នុង​នោះ សូ​ម្បី​តែ​អ្នកនយោបាយ​មក​ពី​គណបក្ស​របស់​លោក​ផ្ទាល់​ក៏​ចេញ​មុខ​រិះគន់​លោក​ចូ​បៃ​ឌិន​ដែរ​។

មាន​ក្រុម​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​ជា​ច្រើន បាន​ដាក់​សម្ពាធ​ទៅ​កាន់​សេត​វិមាន​សហរដ្ឋអាមេរិក ដើម្បី​ស្នើ​សុំ​ពន្យារពេល​ជា​បន្ទាន់ ចំពោះ​ការ​បណ្ដេញចេញ​អ្នក​ជួល​ផ្ទះ​ចេញពីផ្ទះ​ដែល​ពួក​គេ​កំពុង​រស់នៅ​។

ក្រសួង​ហិរញ្ញវត្ថុ​អា​មេ​រិ​ក​និយាយ​ថា គិត​ត្រឹម​ខែមិថុនា មាន​ទឹកប្រាក់​ជំនួយ​ត្រឹមតែ ៣​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​បាន​ផ្ដល់​ទៅ​ឲ្យ​គ្រួសារ​អា​មេ​រិ​កាំ​ង នៃ​ទំហំ​កញ្ចប់​ថវិកា​សរុប ២៥​ពាន់​លាន​ដុល្លារ ដែល​បាន​អនុម័ត​ផ្ដល់​ទៅ​ឲ្យ​អាជ្ញាធរ​តាម​រដ្ឋ និង​តំបន់​នីមួយ​ៗ តាំងពី​ដើមខែ​កុម្ភៈ​មក​ម្ល៉េះ​។

កាលពី​ស​ប្ដា​ហ៍​មុន សេត​វិមាន​អា​មេ​រិ​ក និយាយ​ថា លោក ចូ​បៃ​ឌិន បាន​គាំទ្រ​ឲ្យ​មានការ​ពន្យារពេល​នៃ​ការ​បណ្ដេញចេញ​អ្នក​ជួល​ផ្ទះ​ទាំង​អស់នោះ ក៏​ប៉ុន្ដែ តាម​រយៈ​ការ​ចង្អុលបង្ហាញ​ពី​តុលាការ​ជាន់ខ្ពស់​របស់​អា​មេ​រិ​ក ដែល​បាន​សម្រេច​កាលពី​ខែមិថុនា គឺ​មិន​មានការ​អនុញ្ញាត​ឲ្យ​មានការ​ពន្យារពេល​តទៅ​ទៀត​បាន​ទេ​។

រដ្ឋាភិបាល​អា​មេ​រិ​ក​កំពុង​ញាប់ដៃ​ញាប់​ជើង​មែនទែន ក្នុង​ការ​ស្វែងរក​ជម្រើស​នីតិវិធី​ច្បាប់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្ដែ មន្ត្រី​ខ្លះ​ថា ជម្រើស​គឺ​មាន​កំណត់​។

អ្នក​ជួល​ផ្ទះ​ដែល​នឹង​ត្រូវ​បណ្ដេញ​ចេញពីផ្ទះ​ដែល​ពួក​គេ​កំពុង​ស្នាក់​នៅ អាច​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​ការ​ឆ្លង​រាលដាល​កូ​វី​ដ​បំប្លែង​ថ្មី​ៗ នៅ​អា​មេ​រិ​ក នឹង​កាន់តែ​អាក្រក់​ថែម​ទៀត ដោយសារ​តែ មាន​ពលរដ្ឋ​អា​មេ​រិ​ក ប្រហែល​១​លាន​៤​សែន​គ្រួសារ ទំនងជា​ត្រូវ​បណ្ដេញ​ចេញពីផ្ទះ​ជួល​ដែល​កំពុង​រស់នៅ ក្នុង​រយៈពេល​២​ខែ​ខាង​មុខ​នេះ ខណៈ​ដែល​ពលរដ្ឋ ២​លាន​២​សែន​គ្រួសារ​ផ្សេង​ទៀត​ក៏​ប្រហែលជា​អាច​នឹង​ត្រូវ​បណ្ដេញចេញ​ដូច​គ្នា​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មុនវិលរកតុចរចាជាមួយអាមេរិក កូរ៉េខាងជើងដាក់លក្ខខណ្ឌឲ្យបន្ធូរបន្ថយទណ្ឌកម្មមកលើខ្លួនសិន

ព័ត៌មាន
ក្រោយពេលដែល លោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និង បុរសខ្លាំងកូរ៉េខាងជើង គីម ជុងអ៊ុន បានឈានដល់កិច្ចព្រមព្រៀងលើការផ្សារភ្ជាប់ទំ…

ការធ្វើដំណើរតាមជើងយន្ដហោះក្នុងស្រុកនៅសហរដ្ឋអាមេរិកហក់ឡើងខ្លាំង

ព័ត៌មាន
ពាក់ព័ន្ធទៅនឹងសហរដ្ឋអាមេរិកនេះដែរ គឺការធ្វើដំណើរតាមជើងយន្ដហោះក្នុងស្រុកនៅសហរដ្ឋអាមេរិក បានហក់ឡើងដល់កម្រិតមួយខ្ពស់បំផុត ចាប់តាំងពីមានក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ