

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងដោយមានការចូលរួមដោយលោក លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងលោក រ៉េន ផារី នាយកចាត់ការទូទៅនៃវិទ្យាស្ថានសាន់រ៉ាយស៍ និងភ្ញៀវកិត្តិយសជាច្រើនទៀត។

តាមរយៈកិច្ចសហការនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នឹងផ្ដល់ឱកាសដល់សិស្សានុសិស្សនៃវិទ្យាស្ថាន សាន់រ៉ាយស៍ មកហាត់ការនៅក្នុងគ្រឹះស្ថាន ក៏ដូចជារៀនសូត្រពីដំណើរការនៅក្នុងស្ថាប័នហិរញ្ញវត្ថុក្នុងពេលបច្ចុប្បន្ន និងជាបទពិសោធន៍សម្រាប់អាជីពការងាររបស់ពួកគេទៅថ្ងៃអនាគត។ ក្រៅពីនោះ អេ អឹម ខេ និងវិទ្យាស្ថាន សាន់រ៉ាយស៍ ក៏នឹងសហការគ្នាក្នុងការធ្វើឲ្យប្រសើរឡើងនូវជំនាញរបស់បុគ្គលិកកឲ្យស្របទៅតាម គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) ដែលគាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយស្ថាប័នដទៃទៀតជាច្រើន។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថាន សាន់រ៉ាយស៍ ជាវិទ្យាស្ថានតែមួយគត់នៅកម្ពុជា ដែលទទួលបាននូវសិទ្ធិក្នុងការបង្រៀនជំនាញផ្នែក ណិតវើក (Network Engineer) ពីក្រុមហ៊ុន សីសស្គូ (Cisco) សហរដ្ឋអាមេរិក និងផ្តល់សិទ្ធិក្នុងការទទួលត្រួតពិនិត្យការប្រលងសញ្ញាប័ត្រ គ្រប់ជំនាញ ផ្នែកព័ត៌មាន IT ។
