តាមផែនការ នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ ADB គ្រោងនឹងអនុម័តគម្រោងកម្ចីចំនួន ២ និងជំនួយឥតសំណងចំនួនមួយបន្ថែមទៀត សម្រាប់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ក្នុងចំណោមទឹកប្រាក់កម្ចីដែល ADB បានអនុម័តផ្ដល់ជូនកម្ពុជានៅត្រឹមថ្ងៃទី ២៣ ខែកញ្ញា ដែលមានតម្លៃសរុបប្រមាណ៣៧៨ លានដុល្លារអាមេរិកនោះ គឺមាន២៥០ លានដុល្លារ ត្រូវបានអនុម័តសម្រាប់គម្រោងកម្មវិធី គាំទ្រដល់សកម្មភាពឆ្លើយតប និងការចំណាយនៃបញ្ហាកូវីដ-១៩ ខណៈដែលទឹកប្រាក់ប្រមាណ ១២៨ លានដុល្លារទៀត សម្រាប់គម្រោងអភិវឌ្ឍន៍លើវិស័យថាមពលអគ្គិសនី។
តាមផែនការរបស់ ADB ក្រៅពីគម្រោងទាំងនេះ នៅដំណាច់ឆ្នាំ២០២០នេះ ធនាគារនេះ ក៏គ្រោងអនុម័តគម្រោងកម្ចី ចំនួនពីរ និងគម្រោងជំនួយឥតសំណងមួយបន្ថែមទៀត សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដោយសរុបជាទឹកប្រាក់មានតម្លៃប្រមាណជាង១០២ លានដុល្លារអាមេរិក។ ក្នុងនោះ គម្រោងជំនួយឥតសំណង់មាន៣លានដុល្លារអាមេរិក។ គម្រោងកម្ចីថ្មី ដែលគ្រោងផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជានេះ មាន១គម្រោងប្រើប្រាស់លើការគាំទ្រធ្វើឲ្យប្រើសើរឡើងនូវការផ្ដល់សេវាសាធារណៈនៅកម្ពុជា, និង១គម្រោងទៀត គឺសម្រាប់លើកកម្ពស់ភាពប្រកួតប្រជែង និងសុវត្ថិភាពខ្សែចង្វាក់តម្លៃកសិកម្ម និងគម្រោងជំនួយឥតសំណង១គម្រោងទៀត គឺជួយទៅលើការស្ដារវិស័យទេសចរណ៍ពីវិបត្តិកូវីដ-១៩។
បើតាមរបាយការណ៍ពី ADB គិតតាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ២០១៩ ADB បានផ្ដល់កម្ចីដល់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណជិត៣ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ មានជាង៥០០ លានដុល្លារ គឺជាជំនួយឥតសំណង។
របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០១៩កន្លងទៅ កម្ពុជាមានសន្និធិបំណុលសាធារណៈក្រៅប្រទេសប្រមាណ៧ពាន់ ៦រយលានដុល្លារអាមេរិក ធៀបនឹងផលិតផលក្នុងស្រុកសរុប គឺមានត្រឹមតែកម្រិត ២១,៣% ប៉ុណ្ណោះ ធៀបនឹងអនុបាតគោល ឬហៅថា លទ្ធភាពដែលអាចពង្រីកបានមានដល់ទៅ ៤០%។
ក្រុមសេដ្ឋវិទូពីធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានអះអាងដែរថា កម្រិតបំណុលសាធារណៈដែលកម្ពុជាមាននាពេលបច្ចុប្បន្ននេះ គឺនៅមានតូចនៅឡើយ ហើយក្នុងកាលៈទេសៈនេះ កម្ពុជានៅតែមានលទ្ធភាពខ្ពស់ក្នុងការខ្ចីបន្ថែមទៀត។ ប៉ុន្ដែ រាជរដ្ឋាភិបាលក៏ត្រូវគិតគូតាមដាន វាយតម្លៃ នូវស្ថិរភាពបំណុលរបស់ខ្លួនឲ្យបានទៀងទាត់ផងដែរ ដើម្បីធានាឲ្យបាននូវស្ថិរភាពហិរញ្ញវត្ថុកម្រិតម៉ាក្រូ៕