
ផ្ទះបុរាណនេះ ត្រូវបានសាងសង់ដោយឧកញ៉ា នូ ពិនិត្យ ភឹង និងលោកស្រី យិន ដែលជាភរិយា ហើយសព្វថ្ងៃ ត្រូវបានគ្រប់គ្រងដោយចៅរបស់គាត់ ពោលគឺមានអ្នកគ្រប់គ្រង៣ជំនាន់មកហើយ ដែលមានទីតាំងស្ថិតនៅភូមិវត្តគរ ឃុំវត្តគរ ចម្ងាយប្រហែល ៥គីឡូម៉ែត្រ ភាគខាងត្បូងក្រុងបាត់ដំបង។
យកលំនាំម៉ូតតាមផ្ទះប៉ិត ដែលមានន័យថា មានហោណាំង ឬរានហាលនៅខាងមុខ ផ្ទះបុរាណនេះមានណ្តោយ២៩ម៉ែត្រ ទទឹង ១០,៥ម៉ែត្រ និងសង់លើដីទំហំ ៥៤៥០ម៉ែត្រការ៉េ ដោយមានជណ្តើរពីរ ហើយខាងមុខធ្វើពីថ្ម ខណៈខាងក្រោយធ្វើពីឈើ។ មានដំបូលប្រក់ក្បឿងស្រកានាគបុរាណ ដោយមានក្បូរក្បាច់យ៉ាងប្រណីតនៅលើព្រំផ្ទះ ប៉ុន្តែខាងក្នុងគ្មានពិដានទេ។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
ឈើផ្នែកខាងលើធ្វើពីឈើផ្ចឹក ក្តារក្រាលខាងក្នុងធ្វើពីឈើបេង ក្តារក្រាលរានហាលធ្វើពីឈើកកោះ ដោយឡែកជញ្ជាំងវិញ គឺធ្វើពីឫស្សីត្បាញបូកជាមួយបាយអ។ រីឯសសរទាំង៣៦ សុទ្ធតែធ្វើពីឈើផ្ចឹកដែលមានភាពរឹងមាំរហូតមកដល់បច្ចុប្បន្ន។
នៅសម័យខ្មែរក្រហម ផ្ទះប៉ិតនេះបានក្លាយជាកន្លែងបោកស្រូវ ដាក់សម្ភារៈធ្ងន់ៗ និងធ្វើជាផ្ទះបាយរួម ដែលធ្វើឲ្យខូចខាតអស់ពាក់កណ្តាល នៅផ្នែកខាងក្រោយ ដែលជាផ្ទះបាយបច្ចុប្បន្ន។

តាមពិតទៅ ក្រុងបាត់ដំបង សម្បូរផ្ទះចំណាស់ៗជាច្រើន ជាពិសេស គឺផ្ទះប៉ិតតែម្តង។ ផ្ទះបុរាណទាំងនេះបានក្លាយជាកន្លែងទេសចរណ៍យ៉ាងពេញនិយម សម្រាប់អ្នកចូលចិត្តស្វែងយល់ពីការរស់នៅរបស់មនុស្សជំនាន់មុន។
កំណើនអ្នកទេសចរបានបង្កើតឲ្យមានសេវាកម្ម និងការលក់ដូរផលិតផលផ្សេងៗ ដូចជា វត្ថុអនុស្សាវរីយ៍ជាដើម ដែលបានផ្តល់ចំណូលដល់ពលរដ្ឋនៅមូលដ្ឋានទៀតផង៕