បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation រដ្ឋាភិបាលថៃ បានព្យាយាមវាយបក និងបដិសេធសេចក្តីរាយការណ៍ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ដោយមិនបានយកអង្គហេតុ ឬភាពប្រាកដនិយម នៃឧក្រិដ្ឋកម្មមកតវ៉ានោះទេ ប៉ុន្តែបែរជាស្រែកឡាំប៉ាដោយយកលេសចន្លោះប្រហោងនៃកំណត់ទូតផ្លូវការ និងនីតិវិធីផ្ញើអ៊ីមែលមកធ្វើជាខែលការពារខ្លួនទៅវិញ។
អាជ្ញាធរទីក្រុងបាងកក បានបង្ហាញកាយវិការច្រងេងច្រងាងក្នុងការព្យាយាមបដិសេធ និងបំផ្លាញតម្លៃភាពស្របច្បាប់របស់ប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សលោក ថម អេនឌ្រូ (Tom Andrews) ចំពោះការវាយតម្លៃស្ថានភាពព្រំដែនដ៏ស្រួចស្រាល់របស់លោក។ ជំនួសឱ្យការទទួលស្គាល់ការពិត ឬការទទួលខុសត្រូវលើផលប៉ះពាល់មនុស្សធម៌ ភាគីថៃបែរជាយកចុងប៊ិចមកចង្អុលបង្ហាញតែលើរឿងកំណត់ទូតផ្លូវការ និងចំណុចខ្វះខាតផ្នែកពិធីសារនីតិវិធី ដើម្បីបង្វែរដានមតិសាធារណៈអន្តរជាតិទៅវិញ។
ភាពប្រេះឆាផ្នែកការទូតរវាងទីក្រុងបាងកក និងអង្គការសហប្រជាជាតិ បានឈានដល់របត់ដ៏ក្តៅក្ដៅគគុកមួយ បន្ទាប់ពីអាជ្ញាធរថៃ ប្រឹងប្រែងទាំងភ័យស្លន់ស្លោ ដើម្បីបដិសេធសេចក្តីថ្លែងការណ៍របស់លោក ថម អេនឌ្រូ ដែលបានចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងលើជម្លោះព្រំដែនកម្ពុជា-ថៃ។ ការឆ្លើយតបយ៉ាងរញ៉េរញ៉ៃរបស់ថៃ មិនបានផ្តោតលើការរាយការណ៍ពីស្ថានភាពជនភៀសខ្លួនកម្ពុជា ទាំងជាង២ម៉ឺននាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញ ឬការខូចខាតទ្រព្យសម្បត្តិប្រជាជនឡើយ ប៉ុន្តែថៃ បានសម្តែងឈុតឆាកតវ៉ាលើភាពត្រឹមត្រូវនៃពិធីសារ និងនីតិវិធីការទូត ហាក់បីដូចជាក្រដាសស្នាមមួយសន្លឹកមានតម្លៃជាងជីវិត និងសិទ្ធិរស់រានរបស់មនុស្សរាប់ម៉ឺននាក់ទៅទៀត។
ដើមចមនៃបញ្ហានេះ បានផ្ទុះឡើងចេញពីសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្ម ដែលចេញដោយលោក អេនឌ្រូ កាលពីថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីលោកបានចុះធ្វើទស្សនកិច្ច និងសង្កេតការណ៍ផ្ទាល់ជុំវិញបញ្ហាមនុស្សធម៌ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ សេចក្តីរាយការណ៍បកអាក្រាតការពិតនេះ បានធ្វើឱ្យទីក្រុងបាងកក មានការក្តៅក្រហាយយ៉ាងខ្លាំងរហូតដល់ចេញមុខការពារខ្លួនទាំងទទឹងទិស និងបានចោទប្រកាន់ទាំងងងឹតងងល់លើភាពត្រឹមត្រូវ នៃអង្គហេតុរបស់ប្រេសិតរូបនេះ។
ថៃ បានលើកឡើងនូវលេសដដែលៗថា លោក អេនឌ្រូ បានសន្និដ្ឋានដោយគ្មានការពិគ្រោះយោបល់ជាមុនជាមួយអាជ្ញាធរថៃ។ ប៉ុន្តែជាការឆ្លើយតបទៅនឹងការឡាំប៉ារបស់ថៃលោក ថម អេនឌ្រូ ដែលជាអតីតសមាជិកសភាសហរដ្ឋអាម៉េរិក ដ៏មានឥទ្ធិពល និងបទពិសោធមួយរូបបានគូសបញ្ជាក់យ៉ាងច្បាស់ៗថា លោក បានផ្ញើអ៊ីមែលជូនដំណឹងទៅភាគីថៃ ២ថ្ងៃមុនពេលចេញសេចក្តីរាយការណ៍ផ្លូវការពីកម្ពុជា។ លោកបានបញ្ជាក់បន្ថែមថា លោកស្វាគមន៍ជានិច្ចចំពោះមតិយោបល់កែទម្រង់នានា រួមទាំងរដ្ឋាភិបាលថៃ ផងដែរ ប៉ុន្តែលោកបានការពារដាច់ខាតនូវតួលេខ និងអង្គហេតុពិតនៅក្នុងរបាយការណ៍របស់ខ្លួន ជាពិសេសតួលេខជនភៀសខ្លួន និងប្រជាជនរងគ្រោះរហូតដល់ទៅ៦៥ម៉ឺននាក់ គឺជាទិន្នន័យជាក់ស្តែង ដែលត្រូវបានដកស្រង់ចេញពីរបាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដោយផ្ទាល់ ដែលធ្វើឱ្យថៃមិនអាចប្រើតែចុងអណ្តាតដើម្បីប្រកែក ឬលុបបាត់បាននោះឡើយ។
ដោយសារតែទាល់ច្រក និងមិនអាចបដិសេធទិន្នន័យជនភៀសខ្លួន៦៥ម៉ឺននាក់បាន ទីក្រុងបាងកក ក៏បានយកលេសអ៊ីមែលផ្លូវការ និងមិនផ្លូវការមកធ្វើជាអាវក្រោះការពារទង្វើអាក្រក់របស់ខ្លួនវិញ។ លោក ចៃថៃ យូផារ៉ាគីតនីកន (Jaithai Uparakitnikorn) អ្នកនាំពាក្យក្រសួងការបរទេសថៃបានព្យាយាមតវ៉ាទាំងក្រឡេចក្រឡុចថា អ៊ីមែលដែលលោក អេនឌ្រូ ផ្ញើទៅនោះ គឺជាអ៊ីមែលក្រៅផ្លូវការ ដែលមានតែសេចក្តីព្រាង ហើយថែមទាំងចោទប្រកាន់ប្រេសិត UN ថា បានរំលោភលើពិធីសារទំនាក់ទំនងនីតិវិធីពិសេស របស់អង្គការសហប្រជាជាតិទៀតផង។
កាន់តែបង្ហាញពីភាពទាល់ច្រកបន្ថែមទៀតនោះ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានផ្ញើកំណត់ទូតតវ៉ាផ្លូវការកាលពីថ្ងៃទី៧ ខែសីហា កន្លងទៅ ផ្ញើត្រង់ទៅកាន់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ នៅក្នុងលិខិតនោះលោក ស៊ីហាសាក់ បានសម្តែងការខកចិត្តយ៉ាងខ្លាំង និងបានប្រើពាក្យពេចន៍ចោទប្រកាន់លោក ថម អេនឌ្រូ ថា ធ្វើលើសពីដែនកំណត់អំណាច និងរំលោភលើក្រមប្រតិបត្តិរបស់អង្គការសហប្រជាជាតិ។
ទង្វើ និងប្រតិកម្មយ៉ាងឆោឡោរបស់អាជ្ញាធរក្រុងបាងកក នាពេលនេះ មិនបានបង្ហាញពីភាពស្អាតស្អំ ឬការគោរពច្បាប់អន្តរជាតិនោះទេ ប៉ុន្តែវាគឺជាការតស៊ូបែបទាល់ច្រករបស់ប្រទេស ដែលបានរំលោភបំពានប្រព្រឹត្តអំពើឈ្លានពាន ហើយនៅពេលត្រូវបានគេចាប់បាន បែរជាព្យាយាមរៀបចំសម្តែងល្ខោនការទូត និងនយោបាយដេញដោលតែលើរឿងកំណត់ទូត ពិធីសារ និងអ៊ីមែល ដើម្បីបិទបាំងសោកនាដកម្មរបស់ប្រជាជនកម្ពុជារាប់សែននាក់ ដែលកំពុងរងគ្រោះដោយសារតែមហិច្ឆតា និងការឈ្លានពានរបស់ខ្លួនទៅវិញ៕
ដោយៈ សរ សុជាតិ