ទិន្នន័យបានបង្ហាញថា ប្រទេសរុស្ស៊ី បានសម្រុកលក់មាសរហូតដល់ទៅប្រមាណជាង៤៣តោន ចាប់តាំងពីដើមឆ្នាំ២០២៦ ដោយធ្វើឱ្យទុនបម្រុងជាមាសរបស់ខ្លួនធ្លាក់មកនៅប្រមាណ២,២៨២តោន ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីមុនការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែន នៅខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន DW។ ដោយសារតម្លៃមាសបានឡើងដល់កម្រិតខ្ពស់បំផុតកាលពីដើមឆ្នាំនេះ ការលក់មាសរបស់រុស្ស៊ី អាចរកចំណូលបានជាង៥ពាន់លានដុល្លារ។ ប៉ុន្តែសំណួរសួរថា ហេតុអ្វីទីក្រុងមូស្គូត្រូវការសាច់ប្រាក់បន្ថែមយ៉ាងច្រើនបែបនេះ? ចម្លើយមួយក្នុងចំណោមចម្លើយសំខាន់បំផុត គឺសង្គ្រាមនៅអ៊ុយក្រែន កំពុងធ្វើឱ្យរុស្ស៊ីចំណាយថវិកាកាន់តែច្រើន។
ការចំណាយផ្នែកការពារជាតិរបស់រុស្ស៊ី បានកើនឡើងជាង៤ដងចាប់តាំងពីឆ្នាំ២០២១ ដោយឈានដល់ប្រមាណ២០៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៥។ សម្រាប់ឆ្នាំ២០២៦ រដ្ឋាភិបាលរុស្ស៊ីកំពុងប្រឈមឱនភាពថវិកាប្រមាណ៤០ពាន់លានដុល្លារ ហើយការចំណាយអាចលើសផែនការផ្លូវការបន្ថែមទៀត។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញព្រមានថា ការលក់មាសមិនមែនជាសញ្ញាបង្ហាញថា ប្រទេសរុស្ស៊ី កំពុងឈានទៅរកការដួលរលំហិរញ្ញវត្ថុនោះទេ។
មាសដែលលក់ចេញភាគច្រើនស្ថិតក្នុងមូលនិធិសុខុមាលភាពជាតិរបស់រុស្ស៊ី ដែលត្រូវបានបង្កើតឡើង ដើម្បីប្រើប្រាស់ជាទុនបម្រុងនៅពេលប្រទេសជួបការលំបាកផ្នែកសេដ្ឋកិច្ច។ លើសពីនេះរុស្ស៊ីក៏ជាប្រទេសផលិតមាសដ៏ធំមួយ ដូច្នេះខ្លួនអាចបង្កើនទុនបម្រុងជាមាសឡើងវិញបាននៅពេលក្រោយ។ ប៉ុន្តែចំណុចដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺប្រាក់ចំណូលពីប្រេង និងឧស្ម័ន។ ដរាបណាតម្លៃថាមពលនៅខ្ពស់ ក្រុងមូស្គូនៅតែអាចរកចំណូល ដើម្បីបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន តែបើតម្លៃប្រេងធ្លាក់ចុះខ្លាំងសម្ពាធលើថវិការុស្ស៊ីអាចកើនឡើងយ៉ាងឆាប់រហ័ស។ នោះមានន័យថា វិមានក្រឹមឡាំងកំពុងប្រឈមជម្រើសដ៏លំបាក គឺថា តើត្រូវបន្តជះលុយលើការធ្វើសង្គ្រាម ឬក៏ត្រូវរក្សាទុកធនធានដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួន។
សម្រាប់ពេលនេះប្រទេសរុស្ស៊ីនៅតែមានលុយបន្តធ្វើសង្គ្រាម។ ប៉ុន្តែការសម្រុកលក់មាស គឺជាសញ្ញាមួយដែលមិនគួរមើលរំលងនោះ គឺសង្គ្រាមមិនត្រឹមតែធ្វើឱ្យរុស្ស៊ីខាតបង់ជីវិតមនុស្ស ជាពិសេសកងទ័ព និងសម្ភារៈយោធាប៉ុណ្ណោះទេ វាក៏កំពុងបង្កើនសម្ពាធលើទុនបម្រុង និងហិរញ្ញវត្ថុរបស់ប្រទេសនេះកាន់តែខ្លាំងឡើងផងដែរ៕
ដោយ: តែម សុខុម