ពង់ផែទឹកជ្រៅរបស់កម្ពុជា

កំពង់ផែទឹកជ្រៅរបស់​កម្ពុជា ទទួល​បាន​ផលចំណេញពីការបិទព្រំដែនថៃ តែក្រុមហ៊ុនឯកជនត្អូញត្អែរពីការកើនឡើងថ្លៃសេវា


ការបិទព្រំដែនជាឯតោភាគីពីសំណាក់ភាគីថៃ កំពុងបង្ខំឱ្យក្រុមហ៊ុនជប៉ុន ជាច្រើនប្តូរផ្លូវដឹកជញ្ជូនទំនិញពីផ្លូវគោកមកប្រើផ្លូវសមុទ្រកាន់តែច្រើនតាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែ​ទឹកជ្រៅអន្តរជាតិតែមួយគត់របស់កម្ពុជា។ ការផ្លាស់ប្តូរផ្លូវដឹកជញ្ជូន​នេះ​បានធ្វើឱ្យបរិមាណទំនិញ និង​ប្រាក់ចំណេញរបស់កំពង់ផែ​នេះ​​កើនឡើងយ៉ាងខ្លាំង។ ប៉ុន្តែជាមួយនឹងការរីកចម្រើននេះ ក៏កំពុងកើត​​​មាន​ការចោទជាសំណួរដ៏សំខាន់​មួយពីវិស័យឯកជនពាក់ព័ន្ធថ្លៃសេវាខ្ពស់ ការពន្យារពេល និងថ្លៃដឹក​ជញ្ជូនកើនឡើង។
ពង់ផែទឹកជ្រៅរបស់កម្ពុជា
ដោយ

ទិន្នន័យបង្ហាញថា នៅត្រីមាសទី១ដើមឆ្នាំ២០២៦ បរិមាណកុងតឺន័រដឹកឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានកើនឡើងខ្លាំងរហូតដល់ទៅប្រមាណ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ខណៈប្រាក់ចំណូលកើនឡើង៥២% ឈានដល់ប្រមាណ៤៣លានដុល្លារ។ ចំណែកឯប្រាក់ចំណេញសុទ្ធវិញបានកើនឡើងជិត៦ដងឈានដល់ប្រមាណ១៥លានដុល្លារ។ សម្រាប់កំពង់ផែទឹកជ្រៅអន្តរជាតិតែមួយគត់របស់កម្ពុជានេះ វិបត្តិព្រំដែនបានក្លាយជាកត្តាជំរុញដ៏សំខាន់មួយ។ ប៉ុន្តែសម្រាប់បណ្ដាក្រុមហ៊ុនជប៉ុន វាមានន័យថា ពួកគេត្រូវចំណាយកាន់តែច្រើនដើម្បីរកផ្លូវដឹកជញ្ជូនជំនួស។
ក្រុមហ៊ុនមួយចំនួនត្អូញត្អែរថា ថ្លៃសេវាលើកទូកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ មានកម្រិតខ្ពស់ជាងកំពង់ផែធំៗមួយចំនួននៅប្រទេសជិតខាង។ ការកែប្រែច្បាប់ពាក់ព័ន្ធការផ្ទុកទូកុងតឺន័រក៏បានបង្កការមិនសប្បាយចិត្ត ខណៈអាជីវកម្មមួយចំនួនរាយការណ៍ថា ពួកគេក៏ប្រឈមនឹងការពន្យារពេលក្នុងការដឹកជញ្ជូនផងដែរ។

ទោះជាយ៉ាងណា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអះអាងថា ថ្លៃសេវាផ្លូវការរបស់កំពង់ផែមិនមែនជាបញ្ហាចម្បងនោះទេ ប៉ុន្តែបញ្ហាវាស្ថិតត្រង់ការទាមទារថ្លៃក្រៅផ្លូវការដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំដោះស្រាយ និងលុបបំបាត់។
បញ្ហានេះកើតឡើងស្របពេលដែលសេដ្ឋកិច្ចកម្ពុជា កំពុងប្រឈមនឹងសម្ពាធ។ ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៦ ពី៤% មកនៅត្រឹម៣% ខណៈក្រុមហ៊ុនបរទេសមួយចំនួន ក៏កំពុងកាត់បន្ថយវត្តមានរបស់ខ្លួននៅកម្ពុជា។ ដូចនេះសំណួរដ៏សំខាន់ដែលជាចំណោទបញ្ហាសម្រាប់កម្ពុជា ថា តើកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចប្រែក្លាយវិបត្តិព្រំដែនថៃ ទៅជាឱកាសពាណិជ្ជកម្មរយៈពេលវែងបានដែរឬទេ? ឬក៏ការចំណាយខ្ពស់ ភាពយឺតយ៉ាវ និងភាពគ្មានប្រសិទ្ធភាព នឹងធ្វើឱ្យក្រុមហ៊ុនបរទេសចាកចេញពីកម្ពុជា?
សម្រាប់ពេលនេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងទទួលបានផលចំណេញពីការកើនឡើងនៃទំនិញ ប៉ុន្តែអាជីវកម្ម ឬក្រុមហ៊ុននានា ក៏កំពុងទទួលរងនូវថ្លៃដើមកាន់តែខ្ពស់ផងដែរ៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ថៃ បន្តប្រឹងលាងខ្លួន និងបិទបាំងអំពើឈ្លានពានរបស់ខ្លួន ដោយចោទថា អ៊ីមែលដែលលោក អេនឌ្រូ ផ្ញើទៅខ្លួនជាអ៊ីមែលក្រៅផ្លូវការ

ក្រោយត្រូវបានប្រេសិតពិសេសអង្គការសហប្រជាជាតិ បកអាក្រាតពីទង្វើឈ្លានពានទាំងកម្រោល ដែលបានបង្កមហន្តរាយបណ្តាលឱ្យពលរដ្ឋកម្ពុជា រងគ្រោះ និងផ្លាស់ទីលំ…

ហេតុអ្វីរុស្ស៊ី សម្រុកលក់មាសចេញ ដោយលោក ពូទីន កំពុងខ្វះ​លុយ ដើម្បីបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែនឬយ៉ាងណា?

ប្រទេសរុស្ស៊ី កំពុងសម្រុក​លក់មាសក្នុងទំហំដ៏ធំមិនធ្លាប់​មាន ខណៈវិមានក្រឹមឡាំងកំពុងប្រឈមនឹង​សម្ពាធកាន់តែខ្លាំងលើថវិកាសង្គ្រាម។ ប៉ុន្តែទោះប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ