ការបណ្ដុះបណ្ដាលបច្ចេកទេសដំណាំស្វាយនេះ ត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុន អង្គរហ្គ្រីន ដែលជាក្រុមហ៊ុនឈានមុខគេ នៅក្នុងវិស័យកសិកម្មនៅកម្ពុជា ហើយមានគោលបំណងពង្រឹងសមត្ថភាពដល់ម្ចាស់ចម្ការស្វាយ ក្នុងការផលិតដំណាំស្វាយដែលមានគុណភាពតាមស្តង់ដារ អាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន ។
លោក ម៉ៅ ម៉ាន់ឌី ជាប្រធានគ្រប់គ្រងផលិតផល និងបច្ចេកទេសផលិតកម្មដំណាំហូបផ្លែ មានប្រសាសន៍ថា៖ “ខាងបច្ចេកទេសយើង ដឹងហើយថាអ្នកទិញ គេចង់បានយ៉ាងម៉េច ។ គេចង់បាន ទាំងសម្បុរ ឬរូបរាង ទំហំផ្លែ ឬក៏ជាតិស្ករជាដើម ។ ឧទាហរណ៍ ដូចជារាល់ថ្ងៃនេះ ខាងផ្នែកនាំចេញគេយកស្វាយទៅជប៉ុន គេមានកំណត់ទៅលើជាតិស្ករ ។ ដូច្នេះ ក្នុងនាមជាក្រុមបច្ចេកទេស យើងជួយអ្នកផលិតធ្វើម៉េចឲ្យត្រូវស្តង់ដារគេ ដែលគេកំណត់ ដូចជា ១៥% ។ ដូច្នេះ យើងត្រូវជួយគាត់ធ្វើដូចម្តេច?”
ម្ចាស់ចម្ការស្វាយចាត់ទុកថា វគ្គបណ្ដុះបណ្ដាលបែបនេះ នឹងជួយឲ្យពួកគាត់កាន់តែមានសមត្ថភាពក្នុងការគ្រប់គ្រងដំណាំស្វាយរបស់គាត់ដើម្បីអោយការផលិតស្វាយអោយទទួលបានទាំងទិន្នផលល្អផង ទាំងគុណភាពផ្លែស្វាយផង។ ពិសេសបង្កើនការប្រកួតប្រជែងទីផ្សារនៃផលិតផលកសិកម្មនៅកម្ពុជានៅក្នុងទីផ្សារអន្តរជាតិ ។
លោក សេង បូរិទ្ធ ជាម្ចាស់ចម្ការស្វាយនៅខេត្តឧត្តរមានជ័យមានប្រសាសន៍ថា៖ “ការបង្កើតកម្មវិធីបណ្ដុះបណ្ដាលនេះឡើងធ្វើឲ្យកសិករពួកខ្ញុំនេះមានចំណេះដឹងបន្ថែម ពីព្រោះពួកខ្ញុំជាកសិករ មិនបានស្រាវជ្រាវ ឬសិក្សាខាងកសិកម្មទេ ។ ដូច្នេះ ការដែលអង្គរហ្គ្រីនបានបង្កើតកម្មវិធីឡើងនេះ ដើម្បីឲ្យពួកខ្ញុំមានការយល់ដឹងច្រើន” ។
បច្ចុប្បន្ន ក្រុមហ៊ុនអង្គរហ្គ្រីន បានកំពុងផ្តល់ចំណេះដឹងនិងការប្រឹក្សា ដល់ម្ចាស់ចម្ការស្វាយក្នុងការដាំដុះស្វាយប្រមាណជា ១០០០ ចម្ការ និងជួយសម្របសម្រួលផលិតកម្មស្វាយ ដែលមានស្តង់ដារទីផ្សារ ប្រមាណជាង ២០០ចម្ការនៅទូទាំងប្រទេស ដើម្បីឲ្យពួកគាត់អាចមានសមត្ថភាពបង្កើនការនាំចេញទិន្នផលស្វាយរបស់ពួកគាត់ទៅកាន់ទីផ្សារបរទេស ដូចជាប្រទេសចិនជាដើម។
តាមរបាយការណ៍ពីក្រសួងកសិកម្ម បង្ហាញថា នៅ 8 ខែ ឆ្នាំ 2021 នេះ កម្ពុជានាំចេញផ្លែស្វាយស្រស់ប្រមាណ ជាង 16 ម៉ឺនតោន ដែលកើនឡើង ប្រមាណ 250% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារធំៗសម្រាប់ស្វាយរបស់កម្ពុជារួមមាន ថៃ វៀតណាម ចិន កូរ៉េ ហុងកុង សិង្ហបុរី ជប៉ុន និងសហរដ្ឋអាមេរិក ជាដើម។
សព្វថ្ងៃ ដំណាំស្វាយត្រូវបានគេរាយការណ៍ថា កំពុងដាំដុះលើផ្ទៃដីជាង 10ម៉ឺនហិកតា ជាពិសេសនៅក្នុងខេត្តកំពង់ស្ពឺ កំពត បាត់ដំបង និង បន្ទាយមានជ័យ ហើយជារៀងរាល់ឆ្នាំ មានស្វាយប្រមាណ 1,5 លានតោនត្រូវបានប្រមូលផលជារៀងរាល់ឆ្នាំ។អង្គរហ្គ្រីនជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១១ ជាមួយនឹងចក្ខុវិស័យក្លាយជាក្រុមហ៊ុនលូតលាស់លឿន និងនវានុវត្តន៍ជាងគេខាងផ្តល់ដំណោះស្រាយកសិកម្ម និងបង្កើនផលិតភាពកសិកម្ម សម្របសម្រួលទីផ្សារកសិផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ ដើម្បីចូលរួមចំណែកក្នុងការផលិតស្បៀង និងចំណីអាហារ អោយមានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់នៅក្នុងពិភពលោក។
បច្ចុប្បន្នក្រុមហ៊ុនមានផ្គត់ផ្គង់ជី-ថ្នាំកសិកម្ម ផលិត នាំចូល និងចែកចាយគ្រឿងយន្តកសិកម្មទំនើប ប្រព័ន្ធស្រោចស្រពទំនើប ការបង្រៀន និងផ្គត់ផ្គង់វត្ថុធាតុដើមក្នុងការផលិតចំណីសត្វដោយខ្លួនឯង ប្រមូលទិញ និងចែកចាយកសិផលសុវត្ថិភាព បូករួមនិងការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិផងដែរ ហើយកំពុងមានប្រតិបត្តិការនៅក្នុងបណ្ដាខេត្តក្រុងចំនួន ២៥ ក្នុងប្រទេសកម្ពុជា ៕