ធនាគារកណ្ដាលវៀតណាម បានប្រកាសថា ខ្លួននឹងបើកការស៊ើបអង្កេតលើការធ្វើអាជីវកម្មមាសរបស់ក្រុមហ៊ុនគ្រឿងអលង្ការធំៗចំនួន៤ ហើយខ្លួនក៏នឹងបើកការស៊ើបអង្កេតផងដែរលើការធ្វើអាជីវកម្មរបស់ធនាគារចំនួន២ គឺធនាគារ TPBank និងធនាគារ Eximbank។
ធនាគារកណ្តាលនេះបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ថា ការធ្វើសវនកម្មរយៈពេល៤៥ថ្ងៃរបស់ខ្លួននឹងគ្របដណ្តប់អាជីវកម្មរបស់ក្រុមហ៊ុនទាំងនោះក្នុងរយៈពេល៤ឆ្នាំចុងក្រោយ គិតមកទល់នឹងខែឧសភា ឆ្នាំ២០២៤។
ក្រុមអធិការកិច្ចដែលធនាគារកណ្ដាលវៀតណាម បានបង្កើតឡើងកាលពីខែមុន នឹងស៊ើបអង្កេតថា តើក្រុមហ៊ុនទាំងនេះបានគោរពត្រឹមត្រូវតាមច្បាប់ស្ដីពីការជួញដូរមាស ការប្រឆាំងការលាងលុយកខ្វក់ ការប្រើប្រាស់វិក្កយបត្រ និងការបំពេញកាតព្វកិច្ចពន្ធឬយ៉ាងណា។
លោក ហ្វាំ គួង ឌុង (Pham Quang Dung) ទេសាភិបាលរងនៃធនាគារកណ្ដាលវៀតណាម និយាយថា ក្រុមហ៊ុនជាច្រើនទៀតអាចនឹងត្រូវបានស៊ើបអង្កេត ប្រសិនបើចាំបាច់។ លោកបានបន្ថែមថា ធនាគារកណ្តាលវៀតណាម មានផែនការរឹតបន្តឹងការគ្រប់គ្រងការជួញដូរមាស និងបង្កើនការផ្គត់ផ្គង់មាស ដើម្បីបង្រួមគម្លាតរវាងតម្លៃមាសលើទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។
សូមបញ្ជាក់ថា ហាងឆេងមាសនៅលើទីផ្សារវៀតណាម បានហក់ឡើងរហូតដល់ប្រមាណ៣.៦៣០ដុល្លារអាម៉េរិកក្នុង១តម្លឹងកាលពីដើមខែនេះ មុនពេលធ្លាក់ថ្លៃវិញមកនៅត្រឹម៣.៥២៥ដុល្លារអាម៉េរិកក្នុង១តម្លឹង។ ទោះជាយ៉ាងណា តម្លៃនេះនៅតែខ្ពស់ជាងទីផ្សារអន្តរជាតិរហូតដល់ទៅ២៣%ឯណោះ៕
ដោយ: តែម សុខុម