ក្រុមហ៊ុន គ្រីសអេនើជី បាននិយាយថា ជាមួយនឹងសមិទ្ធផលថ្មីនេះ គោលដៅផលិតប្រេងនៃតំណក់ដំបូងអាចនឹងសម្រេចបាននៅមុនដំណាច់ឆ្នាំ២០២០នេះ ។
ការកសាងផ្លាតហ្វមខ្នាតតូច សម្រាប់ការអភិវឌ្ឍន៍អណ្ដូងប្រេងកាតដំបូងគេបង្អស់របស់ប្រទេសកម្ពុជាបានចាប់ផ្ដើមកាលពីដើមខែធ្នូ ឆ្នាំ ២០១៩ នៅឯរោងចក្ររបស់ NOV’s PT Profab ដែលស្ថិតនៅកោះបាតាម (Batam Island) ប្រទេសឥណ្ឌូនេស៊ី ។ ការលើកដាក់ និងការដឹកចេញផ្លាតហ្វមខ្នាតតូចនេះ បានចប់សព្វគ្រប់ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ ។
លោក Kelvin Tang នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនគ្រីសអេនើជី ប្រចាំកម្ពុជា បាននិយាយថា៖ “គិតចាប់ពីការរៀបចំកាត់ដែកដំបូង រហូតដល់ការដឹកចេញផ្លាតហ្វមខ្នាតតូចនេះ គឺមានរយៈពេល ៩ ខែ ហើយសមិទ្ធផលនេះរឹតតែវិសេសវិសាលថែមទៀត បើទោះបីជាមានការលំបាក និងបម្រាមនានា ដែលក្រុមការងាររបស់យើង និងសហការីនៅឯ NOV Profab បានប្រឈមមុខ តាំងពីដើមឆ្នាំ ២០២០ ដោយសារតែមេរោគរាតត្បាតកូរ៉ូណា”។
លោកបានបន្ថែមទៀតថា៖ “សូមថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងដ៍ធំធេងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកផ្គត់ផ្គង់ និងអ្នកម៉ៅការ ដែលបានជំនះរាល់ឧបសគ្គផ្នែកភស្តុភារទាំងទ្បាយ ធ្វើយ៉ាងណាដើម្បីរក្សាការប្រគល់នូវឧបករណ៍ និងសម្ភារនានាពីគ្រប់ទីកន្លែងលើសកលលោក មកឲ្យរោងចក្រនៅ Batam បានទាន់ពេលវេលាតាមកាលកំណត់ ដើម្បីយើងឈានទៅរកគោលដៅនៃការផលិតប្រេងអប្សរាដំបូងឲ្យបានមុនដំណាច់ឆ្នាំនេះ”។
តំបន់ប្រេងអប្សរា នៅក្នុងប្លុក A កម្ពុជា លាតសន្ធឹងនៅលើបាសាំងខ្មែរ ដែលជាបាសាំងភូគព្ភសាស្ត្រមិនទាន់ត្រូវបានផលិត ស្ថិតក្នុងដែនសមុទ្រកម្ពុជា ឈូងសមុទ្រថៃ។ ដោយសារភាពមិនទាន់ច្បាស់លាស់ នៃសមត្ថភាពផលិតកម្មរបស់បាសាំងនេះ ការអភិវឌ្ឍន៍តំបន់ប្រេងអប្សរានឹងត្រូវធ្វើទ្បើងជាដំណាក់កាលជាច្រើន ដើម្បីកាត់បន្ថយហានិភ័យ និងផ្តល់ពេលវេលាសម្រាប់ការប្រមូល និងវិភាគលើទិន្នន័យសំខាន់ៗ ដើម្បីអនុវត្ត ក្នុងដំណាក់កាលនានាពេលអនាគត។
ដំណាក់កាលអភិវឌ្ឍ Mini Phase 1A នេះ រួមមាន ផ្លាតហ្វមខ្នាតតូច និង អណ្តូងប្រេងអភិវឌ្ឍដំបូងចំនួន៥ ដែលនឹងត្រូវបានភ្ជាប់ទៅកាន់នាវាផលិតកម្ម Ingenium II សម្រាប់ដំណើរការប្រព្រឹត្តិកម្មប្រេង ឧស្ម័ន និងទឹក។ ដំណាក់កាលអភិវឌ្ឍ Mini Phase 1A ត្រូវបានរំពឹងទុកថា នឹងឈានដល់អត្រាផលិតកម្មខ្ពស់បំផុត ៧.៥០០ បារ៉ែលក្នុង១ថ្ងៃ៕