កាលពីខែមេសា កន្លងទៅ តុលាការជំនុំជម្រះក្ដីរបស់វៀតណាម បានរកឃើញថា លោកស្រី ទ្រុង មីឡាន បានគ្រប់គ្រងដោយសម្ងាត់នូវធនាគារពាណិជ្ជក្រុងសៃហ្គន (Saigon Commercial Bank) ដែលជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេទី៥នៅប្រទេសវៀតណាម ហើយបានលួចយកប្រាក់កម្ចី និងសាច់ប្រាក់សរុបចំនួន៤៤ពាន់លានដុល្លារក្នុងរយៈពេលជាង១០ឆ្នាំ តាមរយៈក្រុមហ៊ុនមួយចំនួន។
ក្រុមរដ្ឋអាជ្ញាបាននិយាយថា ក្នុងចំណោមទឹកប្រាក់ទាំងនោះមានចំនួន២៧ពាន់លានដុល្លារត្រូវបានគេយកទៅប្រើប្រាស់ខុសច្បាប់ ហើយចំនួន១២ពាន់លានដុល្លារទៀតត្រូវបានគេវិនិច្ឆ័យថា គឺជាការកេងបន្លំ។ ករណីទាំងនេះ គឺជាទោសឧក្រិដ្ឋកម្មហិរញ្ញវត្ថុធ្ងន់ធ្ងរបំផុត ដែលធ្វើឱ្យលោកស្រី មីឡាន ត្រូវប្រឈមនឹងទោសប្រហារជីវិត។
នៅថ្ងៃអង្គារ សប្តាហ៍នេះ តុលាការបាននិយាយថា សាលាឧទ្ធរណ៍រកមិនឃើញមូលដ្ឋានណាមួយក្នុងការកាត់បន្ថយទោសប្រហារជីវិតរបស់លោកស្រី មីឡាន ទាល់តែសោះ។ ប៉ុន្តែទោះជាយ៉ាងណា លោកស្រី នៅមានក្ដីសង្ឃឹមខ្លះក្នុងការរួចផុតពីទោសប្រហារជីវិត ប្រសិនបើលោកស្រីយល់ព្រមប្រគល់ប្រាក់ចំនួន៩ពាន់លានដុល្លារស្មើនឹង៣ភាគ៤នៃទឹកប្រាក់ចំនួន១២ពាន់លានដុល្លារ ដែលលោកស្រីបានកេងបន្លំពេលកន្លងមក ហើយលោកស្រីអាចដាក់ញត្តិទៅកាន់ប្រធានាធិបតី ដើម្បីសុំការលើកលែងទោស។
មេធាវីការពារក្ដីលោកស្រី មីឡាន បាននិយាយថា លោកស្រីកំពុងធ្វើការឱ្យលឿនតាមដែលអាចធ្វើបាន ដើម្បីស្វែងរកប្រាក់ចំនួន៩ពាន់លានដុល្លារតាមតម្រូវការរបស់តុលាការ ប៉ុន្តែការដកប្រាក់នៅក្នុងទ្រព្យសម្បត្តិរបស់ លោកស្រី មិនមែនជាការងាយស្រួលនោះឡើយ។
ទោះយ៉ាងណា អចលនទ្រព្យប្រណីតៗរបស់លោកស្រីនៅទីក្រុងហូជីមិញ អាចលក់បានយ៉ាងលឿន ហើយទ្រព្យសម្បត្តិផ្សេងទៀត ដែលស្ថិតក្នុងទម្រង់ជាភាគហ៊ុននៅក្នុងក្រុមហ៊ុនអាជីវកម្ម ឬគម្រោងអចលនទ្រព្យផ្សេងទៀត ក៏អាចលក់បានលឿនផងដែរ៕
អត្ថបទ៖ សុខ មង្គល