គ្រាន់តែបើកឆាកដំបូងនៃការជួញដូរភាគហ៊ុននៅឆ្នាំ២០២២ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គឺមានតម្លៃជិត ១៨៣ដុល្លារក្នុងមួយភាគហ៊ុន ដែលបានធ្វើឲ្យតម្លៃទីផ្សារភាគហ៊ុនសរុបរបស់ក្រុមហ៊ុន Apple កើនលើសពី ៣ ទ្រីលានដុល្លារ ក្លាយជាក្រុមហ៊ុនមានតម្លៃខ្ពស់ជាងគេបំផុតលើពិភពលោក។ ការបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្ររបស់ Apple គឺសម្រេចបាន បន្ទាប់ពីអ្នកវិនិយោគផ្សារភាគហ៊ុនមានភាពជឿជាក់ ទៅលើទំនោរនៃអ្នកប្រើប្រាស់ ដែលនឹងបន្តចំណាយប្រាក់លើសម្ភារៈអេឡិចត្រូនិចដូចជា iPhone, MacBooks និងផ្នែកសេវាកម្មដូចជា Apple TV និង Apple Music របស់ក្រុមហ៊ុន Apple ។
ទន្ទឹមនេះ នៅប្រទេសចិនឯណោះវិញ ដែលជាទីផ្សារដ៏ធំបំផុតមួយរបស់ Apple ដែរនោះ ក៏បានបន្តនាំមុខទីផ្សារស្មាតហ្វូនក្នុងរយៈពេលពីរខែជាប់ៗគ្នាផងដែរ ដោយ Apple បានផ្តួលដៃគូប្រជែងរបស់ខ្លួនដូចជា Vivo និង Xiaomi ជាដើម។
គួរជម្រាបថា មុននឹងឡើងដល់តម្លៃទីផ្សារភាគហ៊ុន ៣ទ្រីលានដុល្លារអាមេរិក ក្រុមហ៊ុន Apple ក៏ធ្លាប់ឈរលើតំណែងប្រដំប្រសងជាមួយក្រុមហ៊ុន Microsoft ដែលមានតម្លៃប្រមាណ ២ទ្រីលានដុល្លារអាមេរិកផងដែរ។ គិតមកទល់ពេលនេះ តម្លៃភាគហ៊ុនក្រុមហ៊ុន Microsoft ក៏បានហក់ឡើងដែរប្រហែល ២,៥ ទ្រីលានដុល្លារហើយ ខណៈក្រុមហ៊ុនផ្សេងទៀតដូចជា Alphabet, Amazon និង Tesla មានតម្លៃទីផ្សារលើសពី ១ ទ្រីលានដុល្លារ។
យ៉ាងណាមិញ ការចាប់យកយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាដូចជា 5G, ពិភពនិម្មិត (VR) និងបញ្ញាសិប្បនិមិត្ត (AI) បានជួយឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិកទាំងនេះ ក្លាយជាទីផ្សារដែលទទួលបានការចាប់អារម្មណ៍ច្រើន នៅពេលដែលវិនិយោគិនផ្សារភាគហ៊ុនបានងាកទៅរកការជួញដូរភាគហ៊ុនក្រុមហ៊ុនដែលមានសាច់ប្រាក់ច្រើន និងចេញឆ្ងាយពីការវិនិយោគលើអាជីវកម្ម ប្រឈមនឹងហានិភ័យដែលទាក់ទងនឹងកំណើនសេដ្ឋកិច្ច។
សូមជម្រាបថា ក្រៅតែពីការរំពឹងថាអ្នកប្រើប្រាស់នឹងបន្ដចំណាយប្រាក់លើសម្ភារៈអេឡិចត្រូនិច និងសេវាកម្មរបស់ Apple អ្នកវិនិយោគលើផ្សារភាគហ៊ុនជាច្រើនក៏រំពឹងដែរថា Apple នឹងចាប់ផ្តើមផលិតរថយន្តផ្ទាល់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដែលនឹងប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះផងដែរ៕
អត្ថបទ ស៊ើង និមល់