
អាជីវករនៅផ្សារទឹកថ្លា ជាប់ផ្លូវសហព័ន្ធរុស៊្សីម្នាក់ បានរៀបរាប់ដោយមិនបញ្ចេញឈ្មោះ ថា នៅថ្ងៃធម្មតា សម្ភារៈយោធាលក់មិនសូវដាច់នោះទេ ប៉ុន្តែ នៅពេលមានការត្រួតពិនិត្យកងទ័ពរៀងរាល់៣ខែម្តង គឺមានយោធាមកទិញច្រើន។
សម្លៀកបំពាក់និងសម្ភារៈយោធាដទៃទៀត ជាទូទៅ លក់មិនសូវដាច់មែន ប៉ុន្តែ សម្រាប់ស្បែកជើង មានការពេញនិយមជាខ្លាំង ទាំងយោធា និងទាំងជនស៊ីវិល។ នេះបើតាមការបញ្ជាក់របស់អាជីវករខាងលើ ដោយបន្តបញ្ជាក់យ៉ាងដូច្នេះថា៖ «ស៊ីវិល គេមិនហ៊ានទិញសម្លៀកបំពាក់ទាហាននោះទេ ប៉ុន្តែ ស្បែកជើងទាហាន គឺលក់ដាច់គួរសម ព្រោះ វាជាប់ និងអាចពាក់ក្នុងចំណោមមនុស្សធម្មតាបាន»។
បើតាមអ្នកលក់រូបនេះ ស្បែកជើងទាហាន មានតម្លៃចន្លោះពី ១០ដុល្លារ រហូត ៥០ដុល្លារសហរដ្ឋអាមេរិក។
លោកបន្តថា៖ «នៅយើងនេះ អត់មានរោងចក្រផលិតស្បែកជើងទាំងនេះទេ ភាគច្រើន យើងនាំចូលពីស្រុកគេ ដូចជា ចិន វៀតណាម និងអាមេរិក។ ក្រៅពីនេះ យើងបានទិញសម្ភារៈហ្នឹង ពីទាហានខ្មែរខ្លះដែរ»។

ផ្សារទឹកថ្លា បានក្លាយជាផ្សារមួយដែលមានលក្ខណៈពិសេសជាងគេ ដោយសារតែ ក្រៅពីលក់របស់របរប្រើប្រាស់ធម្មតា ផ្សារនេះមានតូបជាច្រើនដាក់លក់សម្ភារៈយោធាយ៉ាងមមាញឹក។
ជុំវិញបញ្ហានេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ ខេមបូណូមីស តាមខ្សែទូរស័ព្ទ ថា ការលក់ដូរសម្ភារៈយោធានៅផ្សារទឹកថ្លា គឺជាទង្វើខុសច្បាប់។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ការលក់ដូរសម្ភារៈយោធា វាអត់ត្រូវច្បាប់ទេ តែបើលក់កម្រិតណានោះ បង(ម៉េត មាសភក្តី)អត់មានយោបល់ទេ»។
តែយ៉ាងណា នៅពេលសួរបន្តថា តើសាលារាជធានីភ្នំពេញ មានវិធានការបែបណាចំពោះករណីនេះ? អ្នកនាំពាក្យខាងលើ បានបដិសេធ ដោយបង្វែរសំណួរនេះ ឲ្យសួរទៅថ្នាក់មូលដ្ឋាន និងខាងជំនាញវិញ។
អាជីវករលក់សម្ភារៈយោធាម្នាក់ទៀត ដែលមានតូបនៅផ្សារទឹកថ្លានេះ ២០ឆ្នាំមកហើយ បានបញ្ជាក់ថា៖ «ការលក់ដូរ មិនទៀងទេ ជួនកាលមានម៉ូយធំកម្ម៉ង់បានលក់ដាច់ស្បែកជើង ១០០ ឬ ២០០គូ ហើយភាគច្រើន ជាសន្តិសុខ ប្រជាការពារ កងអង្គរក្ស និង ទាហាន»។
នៅពេលសួរថា ការលក់ដូរសម្ភារៈទាហានមិនខ្លាចទេឬ? អ្នកលក់ខាងលើ បានឆ្លើយថា៖ «ឥឡូវ ទ្រង់ស្រាលតិចហើយ អ៊ីចឹងហើយបានមិនហ៊ានតាំងអីវ៉ាន់ច្រើន ហើយអីវ៉ាន់ល្អៗយើងទុក ពេលត្រូវគេចុះចាប់ ស្អីក៏គេចាប់ដែរ»៕