វិស័យ​ SME

អ្នកជំនាញស្នើឱ្យពលរដ្ឋជួយគាំទ្រផលិតផលក្នុងស្រុកឱ្យបានផុសផុល និងបន្តធ្វើពហិការទំនិញថៃ


ទោះបីជាបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា ជាច្រើន បានងាកមកជួយគាំទ្រផលិតផលក្នុងស្រុកយ៉ាងគំហុក បន្ទាប់ពីការធ្វើពហិការទំនិញថៃ ក៏ដោយ ប៉ុន្តែកត្តាស្តង់ដា គុណភាព និងការវេចខ្ចប់ទំនិញក្នុងស្រុកមួយចំនួននៅតែជាប្រធានបទប្រឈម និងជជែកដេញដោលពីសំណាក់អ្នកប្រើប្រាស់។ នៅក្នុងកាលៈទេសៈដ៏មានសារសំខាន់នេះ ក្រុមអ្នកជំនាញ និងសហគ្រិនបានអំពាវនាវឱ្យមហាជនបើកចិត្តទទួលយក និងបន្តគាំទ្រផលិតផលជាតិ ឱ្យបានកាន់តែខ្លាំងក្លា ខណៈភាគីពាក់ព័ន្ធកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍគុណភាព និងសោភណភាពទំនិញខ្មែរឱ្យមានភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារ។
វិស័យ​ SME
ដោយ

ឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា ថ្វីត្បិតនិន្នាការគាំទ្រផលិតផលក្នុងស្រុកបានស្ទុះឡើងយ៉ាងគំហុកក៏ដោយ ប៉ុន្តែផលិតផលមួយចំនួននៅតែប្រឈមនឹងការប្រៀបធៀបលើផ្នែកគុណភាព ការវេចខ្ចប់ និងសោភណភាពជាមួយទំនិញថៃ ដែលពលរដ្ឋធ្លាប់ប្រើប្រាស់ចាក់ឬសយ៉ាងជ្រៅនាពេលកន្លងមក។ ការណ៍នេះអ្នកជំនាញរូបនេះបានអំពាវនាវឱ្យប្រជាពលរដ្ឋបើកចិត្តទទួលយក និងបន្តគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើនបន្ថែមទៀត ពីព្រោះទាំងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ព្រមទាំងសហគ្រាសផលិតផ្ទាល់បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការជំរុញផលិតផលក្នុងស្រុកឱ្យកាន់តែប្រសើរទាំងលើស្តង់ដាគុណភាព និងសោភណភាព ដើម្បីធានាបាននូវការប្រកួតប្រជែងនៅលើទីផ្សារ និងឆ្លើយតបទៅនឹងជម្រើសរបស់អ្នកប្រើប្រាស់។

ជាមួយគ្នានេះ ឧកញ៉ា ចាន់ ស៊ីថា ម្ចាស់សហគ្រាសផលិតទឹកត្រី អ៊ីឆេ ង៉ូវហេង កំពត បានគូសបញ្ជាក់ថា ការប្រែប្រួលយ៉ាងឆាប់រហ័ស នៃការងាកមកគាំទ្រផលិតផលក្នុងស្រុកក្រោយពលរដ្ឋធ្វើពហិការទំនិញថៃ បានធ្វើឱ្យសហគ្រាស SME មួយចំនួនហាក់ដើរមិនទាន់ការផ្លាស់ប្តូរភ្លាមៗនេះ ដោយសារសមត្ថភាព និងធនធាននៅមានកម្រិត ដែលធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនមិនទាន់មានទំនុកចិត្តពេញលេញលើផលិតផលក្នុងស្រុក។ ទន្ទឹមនឹងនេះ អ្នកជំនួញចាស់វស្សារូបនេះ បានអំពាវនាវឱ្យប្រជាពរដ្ឋមានការយោគយល់អធ្យាស្រ័យ និងបន្តជួយគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើនបន្ថែមទៀតនៅក្នុងដំណាក់កាលដែលអ្នកផលិតកំពុងប្រឹងប្រែងទាំងត្រដរនេះ។ សម្រាប់ឧកញ៉ា ចាន់ ស៊ីថា ដើម្បីឱ្យសហគ្រាសផលិតក្នុងស្រុកអាចរីកចម្រើនប្រសើរទៅបាន គឺទាមទារការចូលរួមជួយជ្រោមជ្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការជួយបំពេញចន្លោះខ្វះខាតនានា ទាំងផ្នែកច្បាប់ ទីផ្សារ ឥណទាន និងបច្ចេកទេស។

យ៉ាងណាមិញ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ យល់ឃើញថា បើទោះបីជាផលិតផលក្នុងស្រុកមួយចំនួនហាក់នៅមានកម្រិតទាំងផ្នែកគុណភាព និងការវេចខ្ចប់ បើធៀបនឹងទំនិញបរទេសដែលបានអភិវឌ្ឍយូរឆ្នាំក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាគួរតែបន្តចូលរួមគាំទ្រផលិតផលជាតិឱ្យបានកាន់តែសកម្ម ដ្បិតការអភិវឌ្ឍវិស័យនេះទាមទារទាំងពេលវេលា និងការអត់ធ្មត់ខ្ពស់ បើពុំដូច្នេះទេផលិតផលកម្ពុជាមិនអាចរីកចម្រើនបានឡើយ។ តែយ៉ាងណានៅក្នុងកាលៈទេសៈនៃការស្ទុះការគាំទ្រផលិតផលក្នុងស្រុកនេះ អ្នកជំនាញរូបនេះ ក៏បានអំពាវនាវដល់ម្ចាស់សហគ្រាសអាជីវកម្ម ប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ កុំបន្លំគុណភាព ម៉ាកសញ្ញា ឬយកផលិតផលបរទេសមកបន្លំជាផលិតផលជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មនាពេលថ្មីៗនេះ ផលិតផលក្នុងស្រុកបច្ចុប្បន្នមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋរហូតអាចដណ្តើមទីផ្សារ និងជំនួសទំនិញនាំចូលមួយចំនួនបានជាបណ្តើរៗហើយ។ មន្ត្រីជាន់ខ្ពស់រូបនេះបានបន្ថែមថា ក្រសួងពាណិជ្ជកម្ម ក៏កំពុងខិតខំជំរុញ និងលើកកម្ពស់គុណភាពផលិតផលក្នុងស្រុកឱ្យមានស្តង់ដាខ្ពស់ទាំងលើផ្នែកគុណភាព និងតម្លៃ ដើម្បីអាចប្រកួតប្រជែងបានយ៉ាងរឹងមាំទាំងក្នុងទីផ្សារផ្ទៃប្រទេស និងនៅលើឆាកអន្តរជាតិ៕




អត្ថបទបន្ទាប់


វិបត្តិទឹកជំនន់នៅទីក្រុងបាងកក បានបន្ថែមសម្ពាធកាន់តែខ្លាំងលើរដ្ឋាភិបាលលោក អានុទីន ចំពេលប្រជាប្រិយភាពកំពុងដាំក្បាលចុះ

គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅទីក្រុងបាងកក បានរុញច្រានឱ្យការឆ្លើយតបរបស់រដ្ឋាភិបាលលោក អានុទីន ឆានវីរៈគុល រងការរិះគន់ និងឃ្លាំមើលយ៉ាងដិតដល់…

អ្នកជំនាញស្នើឱ្យអាជ្ញាធរចាត់វិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់កំណើនអ្នកកើតជំងឺមិនឆ្លងរ៉ាំរ៉ៃ ដែលកំពុងវាយប្រហារជីវភាព និងសេដ្ឋកិច្ចជាតិ

ជំងឺមិនឆ្លងរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ខូចតម្រង់នោម និងលើសសម្ពាធឈាមជាដើម កំពុងក្លាយជាឃាតករលាក់មុខ និងគំរាមកំហែងដល់សុខភាពមនុស្សគ្រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ