តើលោកអ្នកដឹងទេថា តើប្រទេសណាខ្លះ ដែលបាននិងកំពុងមានលំហូវិនិយោគមកកាន់តំបន់អាស៊ាន និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន?
បើតាមរបាយការណ៍ស្ដីពីការវិនិយោគអាស៊ានឆ្នាំ២០២២ ដែលបានចេញផ្សាយកាលពីខែតុលាឆ្នាំ២០២២ បង្ហាញថា អាស៊ានបានកត់ត្រាពីកំណើនលំហូរវិនិយោគផ្ទាល់ពីបរទេសដ៏រឹងមាំបំផុត ដោយបានកើនឡើងដល់ទំហំទឹកប្រាក់ ១៧៤ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២១ កើនឡើង ៤២%ឯណោះ បើធៀបនឹងឆ្នាំ២០២០ ហើយកំណើននេះ គឺមានជិតស្មើនឹងកម្រិតកាលពីមុនកូវីដ១៩ទៅហើយ បន្ទាប់ពីការធ្លាក់ចុះខ្លាំងកាលពីឆ្នាំ២០២០ ដោយសារកូវីដ១៩រាតត្បាត និងការថយចុះនៃភាពទាក់ទាញរបស់តំបន់នេះ សម្រាប់វិនិយោគិនអន្តរជាតិ។ ទោះយ៉ាងណា ជាមួយនឹងទីផ្សារដ៏ធំ និងសមាហរណ័កម្មដ៏ខ្លាំងក្លា អាស៊ាននៅតែជាទិដៅវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុត នៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ទូទាំងសាកលលោក បន្ទាប់ពីប្រទេសចិន និងជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់មួយដែរសម្រាប់ការស្ដារឡើងវិញនៃសេដ្ឋកិច្ចសាកល ពីវិបត្តិកូវីដ១៩។
របាយការណ៍ស្ដីពីការវិនិយោគអាស៊ានឆ្នាំ២០២២ដដែលនេះ ក៏បានគូសបញ្ជាក់ដែរថា ក្នុងចំណោមប្រភពវិនិយោគផ្ទាល់ពីបរទេសមកពីប្រទេស និងដែនដីសំខាន់ៗចំនួន១០ គឺមានប្រហែល៧៤% នៃការវិនិយោគនៅក្នុងអាស៊ានទាំងមូល ដោយក្នុងនោះ សហរដ្ឋអាមេរិក បានបង្ហូរទុនវិនិយោគផ្ទាល់មកកាន់អាស៊ានច្រើនជាងគេបំផុត ដោយមានទំហំទឹកប្រាក់សរុប ៤០ពាន់លានដុល្លារនៅឆ្នាំ២០២១ កើនឡើង៤១% ធៀបនឹងឆ្នាំ២០២០ បន្ទាប់មក គឺលំហូរទុនវិនិយោគផ្ទាល់ពីប្រទេសចិន ដែលមានប្រមាណ១៤ពាន់លានដុល្លារ កើនឡើងប្រមាណ៩៦% ខណៈការវិនិយោគពីជប៉ុនវិញ មានទំហំទុនវិនិយោគផ្ទាល់ទៅកាន់អាស៊ានប្រមាណ១២ពាន់លានដុល្លារ។
ដោយឡែក បើនិយាយពីទំហំពាណិជ្ជកម្មវិញវិញ ឃើញថា ប្រទេសចិន បានឈរលើកំពូលតារាងតែម្ដងក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន ដែលមានទំហំទឹកប្រាក់សរុបជាង ៨៧០ពាន់លានដុល្លារនៅឆ្នាំ២០២១ កើនឡើងប្រមាណ ២៨% ក្នុងនោះ ចិនបាននាំចេញទៅអាស៊ានក្នុងតម្លៃជាង៤៨០ពាន់លានដុល្លារ ខណៈនាំចូលមកវិញមានជាង ៣៩០ពាន់លានដុល្លារ។ សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២ របស់អាស៊ាន ដោយមានទំហំទឹកប្រាក់ជាង៤៤០ពាន់លានដុល្លារ និងជប៉ុនឈរលំដាប់ទី៣ មានទំហំពាណិជ្ជកម្មគិតជាទឹកប្រាក់ប្រមាណ ២៤០ពាន់លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា បើតាមអ្នកជំនាញសេដ្ឋកិច្ចអះអាងថា សេដ្ឋកិច្ចអាស៊ានមានការរីកចម្រើនលឿនជាងតំបន់ផ្សេងៗនៅលើពិភពលោក ហើយសេដ្ឋកិច្ចប្លុកនេះ នៅមានសក្តានុពលខ្ពស់សម្រាប់ការរីកចម្រើន និងការងើបឡើងវិញ ដ្បិតប្រទេសក្នុងតំបន់អាស៊ានភាគច្រើនស្ថិតក្នុងកម្រិតមានចំណូលមធ្យមកម្រិតខ្ពស់ មធ្យម និងកម្រិតទាប។ សេដ្ឋកិច្ចអាស៊ានបច្ចុប្បន្នស្ថិតក្នុងលំដាប់ទី៧លើពិភពលោក ខណៈជាគោលដៅរបស់អាស៊ានចង់ប្រែក្លាយសេដ្ឋកិច្ចក្នុងតំបន់នេះឲ្យឈរលំដាប់ទី៣លើពិភពលោកនាពេលអនាគត៕